ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ មន្ត្រីនគរបាល ចាំបាច់ត្រូវចូលវគ្គបណ្ដុះបណ្ដាលជំនាញ
04, Oct 2023 , 6:59 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់កំហិតឱ្យកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ និងមន្ត្រីដែលផ្ទេរពីស្ថាប័នស៊ីវិល មិនធ្លាប់រៀនវគ្គបណ្ដុះបណ្ដាល ត្រូវតែរៀនជំនាញវិជ្ជាជីវៈនគរបាល។

 
ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ លោក ស សុខា បានដាក់ជាកាតព្វកិច្ចដល់នគរបាលជាតិទាំងអស់ ឱ្យចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាល បើទោះជាមានឋានន្តរស័ក្តិ និងមុខតំណែងកម្រិតណាក៏ដោយ។ 
 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកការចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល ជាការកសាងសមត្ថភាពវិជ្ជាជីវៈ ក្នុងនាមជានគរបាលពេញលក្ខណសម្បត្តិ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 
 
លោក ស សុខា បានពន្យល់ទៅកាន់កងកម្លាំងនគរបាលបែបនេះ៖ «ក្នុងសម័យឌីជីថលនេះ កងកម្លាំង នគរបាលជាតិចាំបាច់ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មតាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាព ទាំងក្នុងក្របខ័ណ្ឌដឹកនាំបញ្ជា និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល និងស្របតាមតម្រូវការជាក់ស្ដែងរបស់អង្គភាព ដែលប្រើប្រាស់កងកម្លាំង»។ 
 
ទាក់ទងនឹងការបណ្ដុះបណ្ដាលខាងលើ រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញកងកម្លាំងខិតខំអភិវឌ្ឍសមត្ថកិច្ចខ្លួនបន្ថែមទៀត ដើម្បីបន្តរក្សាបានឧត្តមភាព និងការជឿទុកចិត្ត ពីគ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នាដែរ លោកណែនាំឱ្យ ខាងបណ្ឌិត្យសភានគរបាលកម្ពុជាយកចិត្តទុកលើការបង្រៀន ក្នុងគោលដៅប្រែខ្លួនទៅជាបណ្ឌិត្យសភាឌីជីថល ជាពិសេសពិនិត្យឡើងវិញគ្រប់មុខវិជ្ជាបង្រៀន កម្មវិធីសិក្សានានា ក្នុងរយៈពេល២ឆ្នាំម្ដង ដើម្បីទាន់សភាពការណ៍ជាតិ និងអន្តរជាតិ៕​
 

Tag:
 មន្ត្រីនគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com