ជាតិ
សង្គមជាតិ
លោក នេត្រ ភក្ត្រា ទុកពេល១ខែឱ្យអ្នកកាសែតចូលបំភ្លឺ លើករណីទារប្រាក់ពីកាស៊ីណូមួយកន្លែង
04, Oct 2023 , 5:47 pm        
រូបភាព
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ព្រមានអ្នកកាសែតដែលជាប់ពាក់ព័ន្ធនឹងការស្នើសុំ ឬទារប្រាក់ពីក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន (TOP DIAMAND CASINO)នៅខេត្តតាកែវ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ករណីអ្នកកាសែត មិនបញ្ឈប់នូវសកម្មភាពនេះ នឹងប្រឈមការដកអាជ្ញាប័ណ្ណប្រកបមុខរបរជាអ្នកកាសែត។

 
« អ្នកសារព័ត៌មាន ដែលជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើទារលុយកាស៊ីណូ ថបដាយអិម៉ិន ត្រូវតែចូលខ្លួនមករាយការណ៍ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល១ខែ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ[ថ្ងៃទី៤តុលា ឆ្នាំ២០២៣]។ នេះជាការព្រមានរបស់លោក ភក្រ្តា  ដោយបានបញ្ជាក់ថា​ ក្នុងករណីរឹងរូសមិនព្រមចូលខ្លួនរាយការណ៍ទេ អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីព័ត៌មានបានបញ្ជាឱ្យម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដាយអិម៉ិន ដែលបានផ្សព្វផ្សាយអំពីការផ្តល់លុយ និងផ្ដល់ការឧបត្ថម្ភនានា ដល់អ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ គឺត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលពាក់ព័ន្ធ កាលពីថ្ងៃទី៥កញ្ញា ឆ្នាំ២០២៣ មកឱ្យក្រសួង។  «ជាពិសេសក្រុមហ៊ុន ត្រូវធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ចូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ»។ នេះបើយោងលិខិតព្រមានដដែលរបស់លោក នេត្រ ភក្ត្រា។ 
 
ក្នុងករណីក្រុមហ៊ុនមិនសហការ​និងអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានា ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឲ្យចុះខ្សោយក្រមសីលធម៌ ​វិស័យសារព័ត៌មាននៅកម្ពុជា។  លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយ ដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន»។​
 
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។ ក្រោយពីបានស្រាវជ្រាវអំពីបញ្ហានេះរួចមក លោក នេត្រ ភក្ត្រា មើលឃើញថា ភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួន បានធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com