ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ថៃ នឹងដាក់ឱ្យដំណើរការប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលករចំណាកស្រុក នៅឆ្នាំ២០២៤
05, Oct 2023 , 2:59 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ពិភាក្សាជាមួយលោកCherdkiat Atthakor ឯកអគ្គរាជទូតប្រទេសថៃប្រចាំកម្ពុជា នាថ្ងៃទី៤តុលា
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ពិភាក្សាជាមួយលោកCherdkiat Atthakor ឯកអគ្គរាជទូតប្រទេសថៃប្រចាំកម្ពុជា នាថ្ងៃទី៤តុលា
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ កម្ពុជា-ថៃ គ្រោងដាក់ឱ្យដំណើរការនូវប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលរដ្ឋចំណាកស្រុក នៅឆ្នាំ២០២៤។ ការត្រៀមអនុវត្តនូវប្រព័ន្ធផ្ញើនេះ ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរ បានជោគជ័យលើការធ្វើសមាហរណកម្មនៃប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់ឆ្លងព្រំដែន នាពេលកន្លងមក។

 
នៅចំពោះមុខ លោកCherdkiat Atthakor ឯកអគ្គរាជទូត​ប្រទេស​ថៃ​ប្រចាំ​កម្ពុជា នាថ្ងៃទី៤តុលា លោកស្រី ជា សិរី បានលើកឡើងអំពីការអនុវត្តប្រព័ន្ធផ្ញើប្រាក់សម្រាប់ពលករចំណាកស្រុកកម្ពុជានៅក្នុងប្រទេសថៃ និងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មានឥណទានអ្នកប្រើប្រាស់។  ក្នុងនោះ ធនាគារកណ្តាលរវាងប្រទេសទាំងពីរ សម្រេចដាក់ឱ្យដំណើរការប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលករចំណាកស្រុកកម្ពុជា នៅក្នុងប្រទេសថៃ នៅឆ្នាំ២០២៤។​ 
 
«ការអនុវត្តនូវប្រព័ន្ធនេះ គឺដើម្បីធានាឱ្យមានការផ្ទេរប្រាក់មួយប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងមានប្រសិទ្ធភាពដល់គ្រួសាររបស់ពួកគេ[អ្នកចំណាកស្រុក] ដែលរស់នៅនៅកម្ពុជា»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ​។ 
 
សម្រាប់លោក Cherdkiat Atthakor ការអនុវត្តនូវប្រព័ន្ធនេះ មិនត្រឹមតែបានពង្រឹងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀត ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ។​ ជាមួយគ្នានេះ លោក បានកោតសរសើរដល់ធនាគារជាតិនៃកម្ពុជា ដែលបានប្រឹងប្រែងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈយន្តការផ្សេងៗ ដូចជា ការអនុវត្តនូវប្រព័ន្ធទូទាត់ឆ្លងដែន  និងការត្រៀមដាក់ឱ្យដំណើរការនូវប្រព័ន្ធផ្ទេរប្រាក់ សម្រាប់ពលរដ្ឋចំណាកស្រុករបស់កម្ពុជា នៅប្រទេសថៃ ជាដើម។ 
 
ឯកអគ្គរាជទូត​ប្រទេស​ថៃ​ប្រចាំ​កម្ពុជារូបនេះបាននិយាយដូច្នេះ៖ «គំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា រួមទាំងការអនុវត្តបទប្បញ្ញត្តិផ្សេងៗ និងយុទ្ធនាការផ្សព្វផ្សាយ។ ដូចជា ការបង្កើតសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានបង្កើនការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល និងផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះប្រវត្តិសាស្រ្តនៃសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា»។
 
គួររំឮកថា ថៃ ជាប្រទេសទីមួយរបស់កម្ពុជា​ ក្នុងការធ្វើសមាហរណកម្មនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន តាមរយៈឌីជីថល[QR  Code]។ កម្ពុជា-ថៃ បានដាក់ឲ្យប្រើប្រាស់​​ប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន កាលពីខែកុម្ភៈ ឆ្នាំ២០២០មក។ នេះជាដំណាក់កាលទី១ ដែលពលរដ្ឋមានគណនីធនាគារជាប្រាក់រៀល គឺអាចស្កេនទូទាត់ថ្លៃទំនិញ និងសេវានានា​​នៅប្រទេសថៃបានដោយងាយស្រួល និងមានសុវត្ថិភាព។ 
 
មកដល់ថ្ងៃទី៦មិថុនា ឆ្នាំ២០២៣ ការអនុវត្តការទូទាត់ប្រាក់ឆ្លងដែននេះ ​បានឈានចូលដល់ដំណាក់ទី២។ ក្នុងដំណាក់កាលនេះ គឺពលរដ្ឋថៃអាចស្កេន QR Code នៅកម្ពុជាបាន។ បើតាមធនាគារជាតិ សមាហរណកម្មនេះ បានគាំទ្រយ៉ាងខ្លាំងដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ រួមទាំងការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកនៅលើទីផ្សារ ស្របតាមគោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
 
ពេលពលរដ្ឋថៃមកកម្ពុជាអាចទូទាត់ចំណាយនានា តាមរយៈការស្កេនលើKHQR នៃពាណិជ្ជកររបស់ធនាគារ ដែលជាសមាជិករបស់បាគង( Bakong)។ បច្ចុប្បន្ន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលសមាជិកបាគងរបស់ធនាគារជាតិនៃកម្ពុជា(NBC) មានចំនួន ៤៨ស្ថាប័ន៕ 
 

Tag:
 ហិរញ្ញវត្ថុ​
  ធនាគារជាតិនៃកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com