ជាតិ
សម្បុកសត្វត្រដក់តូចចំនួន៤០ ត្រូវបានប្រទះឃើញនៅដែនជម្រកសត្វព្រៃកែវសីមា
05, Oct 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវ នៃអង្គការសមាគមអភិរក្សសត្វព្រៃ បានរកឃើញសម្បុក​សត្វត្រដក់​តូច​ចំនួន៤០សម្បុក កាលពីចុងខែសីហា នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ វាគឺជា​ចំនួន​​​កើនឡើងដ៏ច្រើនធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹម២៧សម្បុក និងញាស់បាន៥២​ក្បាល។



​ដ្បិតថាតួលេខថ្មី បង្ហាញសញ្ញាវិជ្ជមាន ប៉ុន្តែអង្គការសមាគមអភិរក្សសត្វព្រៃ ក៏នៅតែអំពាវនាវឱ្យ មានការចូលរួមការពារ​សត្វ​ត្រដក់​តូច ​និង​ប្រភេទ​សត្វ​ព្រៃ​សំខាន់ៗ​ជា​ច្រើន​​ទៀត​ពិសេស រួម​គ្នា​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ បញ្ឈប់ការជួញដូរ សត្វ​ព្រៃ និងបញ្ឈប់សកម្មភាពបំពុលសត្វព្រៃ គ្រប់ប្រភេទ។  
 
សត្វត្រដក់តូច ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និង កំពុងរងការគំរាមកំហែង តាមរយៈសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការរានដីព្រៃធ្វើ កសិកម្ម ការបរបាញ់ខុសច្បាប់ និងការបំពុល​ ជាដើម។
 
តំបន់ដីសើមក្នុងប្រទេសកម្ពុជា គឺជាទីតាំងអំណោយផល ដល់ការបន្តពូជ និងជា ជម្រករស់នៅ​ដ៏​សំខាន់​របស់សត្វត្រដក់តូច។ ត្រដក់តូច មានមាឌតូចជាងត្រដក់ធំ និងមិនមានថង់យាម ដូចត្រដក់​ធំនោះទេ ហើយរដូវបន្តពូជរបស់វាគឺចាប់ពីខែសីហា ដល់ខែវិច្ឆិកា៕ 
 
 

Tag:
 បរិស្ថាន
  ត្រដក់តូច
  ដែនជម្រកសត្វព្រៃកែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com