ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ចាត់តាំងលោក ថោង ខុន ឱ្យដឹកនាំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ​
05, Oct 2023 , 9:29 pm        
រូបភាព
រាជរដ្ឋាភិបាល សម្រេចចាត់តាំង លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឱ្យធ្វើជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។​ នេះបើយោងតាមលិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤តុលា​ ឆ្នាំ២០២៣។

 
ក្នុងលិខិតខាងលើបានបញ្ជាក់ថា លោក ថោង ខុន ត្រូវរៀបចំសមាសភាពគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឡើងវិញ ដើម្បីឱ្យសម្តេច​ ហ៊ុន ម៉ាណែត សម្រេច ស្របតាមសមាសភាពនៃរាជរដ្ឋាភិបាល នីតិកាលទី៧។ លើសពីនេះ លោក ថោង ខុន ត្រូវធ្វើបច្ចុប្បន្នភាពយន្តការការងារអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យបានសមស្របប្រកបដោយប្រសិទ្ធភាពខ្ពស់។ 
 
កន្លងមក  គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍នេះ មានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ជាប្រធាន។ ប្រធានគណៈកម្មាធិការជាតិនេះ​​ មានភារកិច្ចដឹកនាំរៀបចំ​នូវយន្តការ និងផែនការអភិវឌ្ឍន៍ទេសចរណ៍នានា ឱ្យមានប្រសិទ្ធភាព។ ក្រោមការដឹកនាំរបស់លោក អូន ព័ន្ធមុនីរ័ត្ន គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដាក់ឱ្យដំណើរការផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប​ និង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី​ ឆ្នាំ២០២១-២០៣៥ រួមទាំងផែនការសកម្មភាពអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សេងៗ។ 
 
គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ​​ត្រូវ​បានរដ្ឋាភិបាល​បង្កើត​ឡើង​នៅចុងឆ្នាំ២០១៩ ​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ​ដែល​ជា​កត្តា​​សំខាន់​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​។
 
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ៨ខែមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣,៥ លាននាក់ កើនឡើង ២៥០,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។ ប៉ុន្តែ ចំនួន គឺថយចុះ ១៩,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៩ ដែលជាឆ្នាំកម្ពុជាទទួលបានទេសចរច្រើនបំផុត។ រហូតដល់ដំណាច់ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលភ្ញៀវទេសចរបរទេសពី ៤,៥ ទៅ ៥លាននាក់៕
 

Tag:
 ទេសចរណ៍
  លោក ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com