ជាតិ
សេដ្ឋកិច្ច
អ៊ីលីតា​ បង្ហាញឆន្ទៈពង្រីកទំហំពាណិជ្ជកម្ម​ជាមួយកម្ពុជា​
06, Oct 2023 , 8:19 pm        
រូបភាព
វិស័យឯកជនរបស់អ៊ីតាលី កំពុងស្វែងរកកិច្ចសហការនិងពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា ​លើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។ ការស្វែងរកកិច្ចសហការនេះ គឺសំដៅដល់ការបង្កើនទំហំពាណិជ្ជកម្ម រួមទាំងការវិនិយោគទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

 
គណៈប្រតិភូអ៊ីតាលីដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។ លោក​ VALENTINO VALENTINI ដែលជាអនុរដ្ឋមន្ត្រីក្រសួងសហគ្រាស​ និង ការផលិតនៅអ៊ីតាលី ​បានថ្លែងបែបនេះ​នៅចំពោះមុខលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ ក្នុងជំនួបការងារ​ នាថ្ងៃទី៥តុលា។ 
 
ជុំវិញនៃការលើកឡើងនេះ លោកស្រី តឹករ៉េត កំរង ត្រៀមលក្ខណៈស្វាគមន៍គណៈប្រតិភូអ៊ីតាលី និងបានបង្ហាញពីគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលក្នុងអាណត្តិទី៧ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១របស់រដ្ឋាភិបាល។ លោកស្រី បានបញ្ជាក់ទៅកាន់អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស​ និង ការផលិតនៅអ៊ីតាលី ថា៖ « ក្នុងយុទ្ធសាស្រ្តនេះ  រដ្ឋាភិបាលយើងបានផ្តោតសំខាន់លើការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់វិស័យឯកជន ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល »។
 
លោក VALENTINO VALENTINI ដែលជាអនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និង ការផលិតនៅអ៊ីតាលី។ រូបថត៖ MoC

បច្ចុប្បន្ន ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា បានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ជាច្រើន។ ក្នុងនោះ មានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីកម្ពុជា-ចិន(CCFTA) កម្ពុជា-កូរ៉េ(CKFTA) និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(Cambodia-UAE CEPA) ជាដើម។
 
លើសពីនេះ រដ្ឋាភិបាលបានសម្រួលដល់ការពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសវិនិយោគ ជូនវិស័យឯកជន តាមរយៈការដាក់ឱ្យប្រើច្បាប់វិនិយោគថ្មី និងការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជារៀងរាល់ឆ្នាំ ដើម្បីទទួលយកសំណូមពរ សិក្សាបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម។ ក្នុងន័យនេះ លោកស្រី តឹករ៉េត កំរង លើកទឹកចិត្តធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្មលើវិស័យសក្តានុពលរបស់កម្ពុជារួមមាន៖ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម កង់ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិច ជាដើម។​
 
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ រូបថត៖ MoC

ក្នុងជំនួបការងារនេះ កម្ពុជា-អ៊ីលីតា បានឯកភាពគ្នាលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងវិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាង ធ្វើការជិតស្និទ្ធ និងស្វែងយល់ពីតម្រូវការទៅវិញទៅមក ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យដល់គោលដៅដែលភាគីទាំងពីរចង់បាននាពេលអនាគត។
 
កាលឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងទាំងពីរសម្រេចបានប្រមាណ ៤៤៥ លានដុល្លារអាម៉េរិក កើន ៣៣,៣៩ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ មុខទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់ទីផ្សារប្រទេសអ៊ីតាលី មានដូចជាសម្លៀកបំពាក់ ស្បែកជើង ធញ្ញជាតិ វត្ថុធ្វើពីដែក និងកៅស៊ូ ជាដើម។ រីឯ ទំនិញដែលនាំចូលពីអ៊ីតាលីវិញ គឺមានផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីន ក្រណាត់ប៉ាក់ ឱសថ។ នេះបើតាមរបាការណ៍របស់ក្រសួងពាណិជ្ជកម្ម៕  
 

Tag:
 ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com