កីឡាអន្តរជាតិ
អន្តរជាតិ
Yufei និង Haiyang របស់ចិន ដែលឈ្នះមេដាយមាស១១ ជាប់ជាអត្តពលិកឆ្នើម នៅកីឡាអាស៊ី
09, Oct 2023 , 12:19 pm        
រូបភាព
ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើកទី១៩ ដែល​រៀបចំឡើង​ក្នុង​ក្រុង​ហាងចូវ ប្រទេសចិន ​បានបញ្ចប់​ជា​ស្ថាពរ​នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយ​ក្នុងនោះ​ក្រុម​អត្ត​ព​លិ​ក​ចិន ​ជប៉ុន និងកូរ៉េខាងត្បូង ​​រកបាន​មេដាយ​ច្រើន​បំផុត​ជូន​ជាតិ​របស់​ពួកគេ​ក្នុងចំណោម​ប្រទេសចូលរួម​ទាំង​៤៥​។ កីឡាករ កីឡាការិនី ​ចិន Zhang Yufei និង Qin Haiyang ដែលឈ្នះមេដាយមាសរួមគ្នាចំនួន១១ ពីកីឡាហែលទឹក ជាប់ជាអត្តពលិកឆ្នើមបំផុត (MVP) ប្រចាំព្រឹត្តិការណ៍នេះ។ ឥណ្ឌា ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងតារាងមេដាយ បានបំបែកកំណត់ត្រារកបានមេដាយលើសពី១០០។


ជាមួយអត្តពលិកចូលរួមជិត ១២,០០០ នាក់មកពី ៤៥ប្រទេស កីឡាអាស៊ីនៅចិន ដែលត្រូវបានពន្យារពេលពីខែកញ្ញា ឆ្នាំ២០២២​ មករៀបចំនៅខែកញ្ញា ឆ្នាំ២០២៣ ដោយសារបញ្ហាជំងឺកូវីដ-១៩ ជាការប្រកួតកីឡាប្រចាំតំបន់ដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់ផ្តើមឆ្នាំ១៩៥១មក។ ចំណោមអត្តពលិកជាង១ម៉ឺននាក់នេះ ដណ្តើមបានមេដាយមាសសរុបចំនួន៤៨១ ក្នុង ៦១វិញ្ញាសា ពី៤០ ប្រភេទកីឡា។
 
ម្ចាស់ផ្ទះ ចិន ជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដោយដណ្ដើមបានមេដាយ ច្រើនជាងគេសរុប៣៨៣ ក្នុងនោះ មេដាយមាស២០១ ប្រាក់១១១ និងសំរឹទ្ធ៧១។ ជប៉ុន បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប ចំនួន១៨៨ មាស៥២ ប្រាក់៦៧ និងសំរឹទ្ធ៦៩ តាមពីក្រោយដោយកូរ៉េខាងត្បូង មេដាយសរុប ១៩០ មាស៤២ ប្រាក់៥៩ និងសំរឹទ្ធ៨៩។
  

កីឡាការិនីហែលទឹកចិន Zhang Yufei និងកីឡាការិនីជប៉ុន Rikako Ikee

ចំណោមមេដាយមាសសរុបទាំង២០១ ចិន លេចធ្លោខ្លាំងក្នុងប្រភេទកីឡាហែលទឹក ដោយរកបានមេដាយមាសចំនួន២៨។ កីឡាការិនីហែលទឹកចិន Zhang Yufei អាចរកបានមេដាយមាសដល់ទៅ៦តែម្នាក់ឯង តាមស្មើកំណត់ត្រារបស់កីឡាការិនីជប៉ុន Rikako Ikee ដែលធ្លាប់ឈ្នះមេដាយមាស៦នៅកីឡាអាស៊ីឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី។
 
កីឡាករហែលទឹកចិន Qin Haiyang រកបានមេដាយមាស៥ និងប្រាក់១ ពីឡាអាស៊ីលើទឹកដីខ្លួនផងដែរ។ តាមរយៈសមិទ្ធផលនេះ កីឡាការិនីហែលទឹកចិន Yufei និងកីឡាករ Haiyang ត្រូវបានជ្រើសរើសជាអត្តពលិកឆ្នើមបំផុត MVP ប្រចាំព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ក្នុងក្រុងហាងចូវ។
 
​ ដោយឡែក ឥណ្ឌា​ បានបង្កើតកំណត់ត្រាថ្មីបំផុតមិនធ្លាប់មានដោយរកបានមេដាយលើសពី១០០ ពីកីឡាអាស៊ីនៅចិននេះ។ ឥណ្ឌា ដែលឈរចំណាត់ថ្នាក់ទី៤ រកបានមេដាយសរុបចំនួន១០៧ ក្នុងនោះមាស២៨ ប្រាក់៣៨ និងសំរឹទ្ធ៤១។ មេដាយមាសដែលឥណ្ឌាទទួលបានច្រើនបំផុត លើប្រភេទកីឡាបាញ់កាំភ្លើងចំនួន៧ អត្តពលកម្មចំនួន៦ និងបាញ់ធ្នូចំនួន៥។
  
ពិធីបិទកីឡាអាស៊ី

 កូរ៉េខាងជើង ដែលទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិជាថ្មី ក្រោយបាត់មុខជិត៤ឆ្នាំដោយសារបម្រាមពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការមិនចូលរួមពិនិត្យសារធាតុហាមឃាត់ (Doping) មិនចូលរួមអូឡាំពិកក្រុងតូក្យូ នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនដដែល។
 
កូរ៉េខាងជើង បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០ ក្នុងតារាងមេដាយ ដោយទទួលបានមេដាយមាស១១ ប្រាក់១៨ និងសំរឹទ្ធ១០ សរុប៣៩។ កូរ៉េខាងជើង រកបានមេដាយមាស៦ ពីកីឡាលើកទម្ងន់។
 
កម្ពុជា រកបានមេដាយសំរឹទ្ធតែមួយប៉ុណ្ណោះពីការអាស៊ីនៅចិននេះ លើប្រភេទកីឡាការ៉ាត់តេ វិញ្ញាសាសម្តែងមេគុននារីជាក្រុម៣រូប។ កម្ពុជា ដែលបញ្ចូនអត្តលិកទៅប្រជែងមេដាយ១៧ប្រភេទកីឡា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣៨ ចំណោម៤៥ប្រទេស និងនៅបាតារាងចំណោម១០ប្រទេសតំបន់អាស៊ាន៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com