ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ រំលែកទុក្ខមរណភាព លោក ចាន់ ឧត្តម ក្នុងហេតុការណ៍នៅអ៊ីស្រាអែល
09, Oct 2023 , 6:08 pm        
រូបភាព
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ផ្ញើព្រះរាជសាររំលែកទុក្ខជូនលោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ត្រូវជាឪពុកម្តាយសពនិស្សិត ចាន់ ឧត្តម ដែលទទួលមរណភាព ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧តុលា។ ព្រះអង្គ​ បានចាត់ទុកការស្លាប់របស់យុវជនវ័យ២៤ឆ្នាំរូបនេះ ជាការបាត់បង់ធនធាននិស្សិតផ្នែកកសិកម្មរបស់កម្ពុជា​មួយរូប។

 
«ខ្ញុំសូមសម្តែងនូវសេចក្ដីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក លោកស្រី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដើម្បីនាំយកនូវចំណេះដឹងមកចូលរួមបម្រើជាតិ មាតុភូមិ»។ ព្រះមហាក្សត្របានចេញព្រះរាជសារលិខិតបែបនេះ ទៅកាន់​ លោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ដែលជាឪពុកម្តាយរបស់សព។ 
 
កាលពីម្សិលមិញ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានហៅទូរសព្ទ ជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត​ក្នុងហេតុការណ៍ខាងលើ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត។ សម្តេច បានរៀបរាប់ដូច្នេះ៖ «ការបាត់បង់លោក ចាន់ ឧត្តម ជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា​ ដែលកំពុងបំពេញបេសកកម្មសិក្សាបង្កើនសមត្ថភាព​ ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ​ សាសនា​ និងព្រះមហាក្សត្រ​ និងប្រជាជនកម្ពុជា​ ជាទីស្នេហាបំផុតរបស់យើង»។​ 
 
ជាមួយនឹងការសោកស្តាយ​ចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា​ សម្តេច ហ៊ុន ម៉ាណែត សម្រេចទទួលបន្ទុកលើការនាំសពមាតុភូមិនិវត្ត​ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព​ ដោយរ៉ាប់រងការចំណាយទាំងអស់ ផងដែរ៕ 

Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com