កីឡាអន្តរជាតិ
អន្តរជាតិ
AC Milan បញ្ចូលខ្សែប្រយុទ្ធ Giroud ក្នុងបញ្ជីអ្នកចាំទី ក្រោយ Clean Sheet យ៉ាងអស្ចារ្យ
09, Oct 2023 , 9:59 pm        
រូបភាព
AC Milan បានចុះឈ្មោះខ្សែប្រយុទ្ធ Olivier Giroud ក្នុងបញ្ជីអ្នកចាំទីក្នុងរដូវកាល ២០២៣-២៤ ក្រោយបង្ហាញទម្រង់ជាអ្នកចាំទីល្អ ក្នុងជ័យជមុ្នះ ១-០ ក្រុម Genoa ដើម្បីជួយក្រុមឈរកំពូលតារាងលីគកំពូលអ៊ីតាលី Serie A។



Giroud ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិបារាំង បានក្លាយជាអ្នកចាំទីជំនួស Mike Maignan ដែលទទួលបានកាតក្រហម ក្នុងការប្រកួតលីគសប្តាហ៍ទី៨រវាង AC Milan ទល់ Genoa នៅថ្ងៃទី៨ ខែតុលា។ ជារឿងគួរឱ្យភ្ញាក់ផ្អើល អតីតខ្សែប្រយុទ្ធឆ្នើម Arsenal និង Chelsea រូបនេះ បានជួយសង្គ្រោះបាល់យ៉ាងល្អ (Clean Sheet) នៅនាទី១០៤ ពីការប៉ុនប៉ងស៊ុតរបស់កីឡាករ Caleb Ekuban និងបានជួយក្រុមនៅរក្សាលទ្ធផល ១-០ ដែលរកបានដោយមិត្តរួមក្រុម Christian Pulisic នៅនាទី៨៧។
 
ការសម្រេច ដាក់ Giroud ដែលសព្វថ្ងៃមានវ័យ៣៧ឆ្នាំ ជាអ្នកចាំទី ដោយសារ AC Milan បានប្តូរកីឡាករ៥រូបរួចទៅហើយ មុនពេលអាជ្ញាកណ្តាលបណ្តេញអ្នកចាំទី Maignan។ Giroud និង Pulisic ក្នុងចំណោមកីឡាករ៥នាក់ដែលបានប្តូរចូលនៅវគ្គទី២។
 
Giroud ដែលរកបាន ៤ គ្រាប់ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ជាមួយ Clean Sheet ដ៏អស្ចារ្យ ត្រូវបាន AC Milan សម្រេចចិត្តបន្ថែមរូបគេ ទៅក្នុងបញ្ជីអ្នកចាំទី។ នេះបើតាមការបង្ហាញបញ្ជីឈ្មោះកីឡាករលើគេហទំព័រផ្លូវការរបស់ពួកគេ ។ ក្រោយបញ្ចូលឈ្មោះ Giroud អ្នកចាំទី AC Milan កើនដល់៥រូប។
 
ក្រោយរកបាន៣ពិន្ទុបន្ថែម AC Milan ឡើងទៅឈរកំពូលតារាង Serie A ក្រោយការប្រកួត៨លើករកបាន២១ពិន្ទុ តាមពីក្រោយដោយ Inter Milan ដែលមាន១៩ពិន្ទុ និង Juventus លេខ៣ មាន១៧ពិន្ទុ។ ម្ចាស់ការពារតំណែងជើងឯក Napoli នៅលេខ៥បណ្តោះអាសន្នមាន១៤ពិន្ទុ៕
 

Tag:
 Olivier Giroud
  AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com