ជាតិ
សេដ្ឋកិច្ច
រដ្ឋនឹងជួយកាន់តែចំគោលដៅ ពេលដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានចុះបញ្ជី
10, Oct 2023 , 10:38 am        
រូបភាព
ដោយ: រួបរួម
រដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារទី១០ ខែតុលា នេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២៨។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីកម្លាំងចលករដ៏ធំរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់សេដ្ឋកិច្ចជាតិ ហើយការចុះបញ្ជីអ្នកទាំងនោះ នឹងនាំឱ្យរដ្ឋជួយកាន់តែចំគោលដៅ។



របាយការណ៍បង្ហាញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធរួមចំណែកបង្កើតការងារប្រមាណ៧០ភាគរយនៅលើពិភពលោក។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលគិតគូយ៉ាងខ្លាំងចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកបរបរតូចតាច និងអ្នកក្រុមងាយរងគ្រោះ ដោយសារការប៉ះពាល់សេដ្ឋកិច្ច អតិផរណា និងវិបត្តិផ្សេងៗ។

ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងអណត្តិទី៧នេះ រដ្ឋាភិបាលផ្តោតលើគោលដៅអាទិភាពក្នុងការចាត់ចែងវិធានការបន្ទាន់នានា ជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកតាមបទពិសោធន៍កន្លងមក ជាពិសេសនាអំឡុងវិបត្តិកូវីដ-១៩។

គោលនយោបាយនេះ ដាក់ចេញមកដើម្បីអ្វី? សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាយុទ្ធសាស្ត្រព្រួញមួយ បាញ់សត្វបី ដែលក្នុងនោះមាន ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងការជំរុញកំណើនសេដ្ឋកិច្ចដែលកើតឡើងពីពលរដ្ឋក្នុងវិស័យនីមួយៗ។

«ទ្រឹស្តីលើក្រដាសល្អហើយ ខ្ញុំក៏ធ្លាប់រៀនស្រាវជ្រាវដែរ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺអ្វីដែលអាចអនុវត្តបាននៅលើដី សុខចិត្តផែនការមិនល្អឥតខ្ចោះ តែអាចអនុវត្តបានលើដី»។ សម្តេចបានអះអាងយ៉ាងដូច្នេះ អំពីការយកគោលនយោបាយទៅអនុវត្តជាសកម្មភាព និងចេញជាលទ្ធផលជាក់ស្តែងជូនពលរដ្ឋ។

ក្នុងសេដ្ឋកិច្ច មានតំបន់ក្រៅប្រព័ន្ធ តំបន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំបន់ក្នុងប្រព័ន្ធ។ សម្តេច ហ៊ុន ម៉ាណែត បានពន្យល់ថា រដ្ឋាភិបាលប្រឹងប្រែងកសាងគោលនយោបាយ ដើម្បីទាញអ្នកពីក្រៅប្រព័ន្ធចូលក្នុងតំបន់អភិវឌ្ឍន៍។

ហេតុអ្វីត្រូវចុះឈ្មោះចូលក្នុងប្រព័ន្ធ? អស់លុយប៉ុន្មាន? ត្រូវជាប់ពិន័យអ្វីដែរទេ? ជាប់កាតព្វកិច្ចអ្វីខ្លះ? បានផលអ្វីមកវិញ? សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ទាំងនេះ ជាសំណួរដែលក្រុមគោលនយោបាយយកចិត្តទុកដាក់ខ្លាំងបំផុត ដោយមានការជជែកយ៉ាងច្រើនក្នុងកិច្ចប្រជំអន្តរក្រសួង។

សម្តេចបានបញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាល គឺលើកទឹកចិត្តឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធចូលក្នុងបញ្ជី ដោយមិនមានការបង្ខំឱ្យចូលនោះឡើយ។ «យើងចង់បានបងប្អូនចូលរួមឲ្យច្រើនក្នុងដំណាក់កាលអន្តរកាលនេះ ដើម្បីងាយស្រួលរដ្ឋាភិបាលចង់បានទិន្នន័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគោលនយោបាយដើម្បីជួយបងប្អូនឲ្យទាន់ពេលវេលា និងចំគោលដៅ ជាពិសេសក្នុងពេលលំបាក»។

ចុះបញ្ជី រដ្ឋបានអី? សម្តេច ហ៊ុន ម៉ាណែត បានឆ្លើយថា រដ្ឋបានព័ត៌មានដើម្បីរៀបចំផែនការជួយឱ្យចំគោលដៅ ជួយឱ្យចំតម្រូវការ និងទាន់ពេលវេលា ហើយរដ្ឋក៏ទទួលបានធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចកាន់តែមានសក្តានុពលក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ដែលសម្តេចអះអាងថា ជាគោលនយោបាយឈ្នះ-ឈ្នះ។

ផលប្រយោជន៍នៃការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងដំណាក់កាលអន្តរកាលនេះ អ្នកដែលស្ថិតក្នុងសហគ្រាសមីក្រូ តូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍នៃការលើកលែងពិន័យនានា បំណុលពន្ធ ផ្តល់ការលើកទឹកចិត្តពន្ធដាផ្សេងៗ រួមទាំងអាចទទួលបានការគាំទ្រហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសហគ្រាស។

ជាមួយគ្នានេះ បុគ្គលស្វ័យនិយោជន៍ ដូចជាអ្នកលក់ដូរតូចតាច អ្នករត់ម៉ូតូកង់បី លក់ទឹកអំពៅ ជាដើម នឹងទទួលបានការថែទាំងសុខភាពដោយឥតគិតថ្លៃ ហើយរដ្ឋគិតគូរជាពិសេសលើការផ្តល់អាហារូបករណ៍កូនចៅពលរដ្ឋ ប្រាក់ឧបត្ថម្ភប្រចាំខែរ និងការជួយសម្រួលរកការងារតាមទីភ្នាក់ងារជាតិ និងមុខរបរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com