កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិន៖ វត្តមានកីឡាករកម្ពុជាដែលចាស់ជាងគេនៅកីឡាអាស៊ី នឹងជំរុញទឹកចិត្តកីឡាករវ័យក្មេង
10, Oct 2023 , 11:29 am        
រូបភាព
រូបភាព៖ ផេកហ្វេសប៊ុក លោក វ៉ាង វិនពីង អ្នកនាំពាក្យក្រសួងការបរទេសចិន
រូបភាព៖ ផេកហ្វេសប៊ុក លោក វ៉ាង វិនពីង អ្នកនាំពាក្យក្រសួងការបរទេសចិន
លោក សុខ ថេង កីឡាករអុកចិនរបស់កម្ពុជា ក្លាយជាអត្តពលិកចំណាស់ជាងគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩​ នៅចិន។ ក្នុងវ័យ៨៤ឆ្នាំ លោក សុខ ថេង ដែលបានបង្ហាញក្តីស្រឡាញ់វិស័យកីឡារបស់ខ្លួន នឹងអាចជំរុញទឹកចិត្តកីឡាករវ័យក្មេងឱ្យបន្តដេញតាមក្តីសុបិនរបស់ពួកគេ។


«ខ្ញុំមកទីនេះព្រោះខ្ញុំចូលចិត្ត និងស្រឡាញ់កីឡា!»។​ នេះជាការលើកឡើងរបស់ លោក សុខ ថេង កីឡាករអុកចិន ដែលស្ថិតក្នុងចំណោមអត្តពលិកកម្ពុជាទាំង១១៤រូប ដែលទៅ​ចូលរួមប្រកួតប្រជែងកីឡាប្រចាំទ្វីបអាស៊ី ក្នុងក្រុងហាងចូវ។
 
ជាអត្តពលិកដែលមានវ័យចំណាស់ជាងគេបង្អស់នៅកីឡាអាស៊ីឆ្នាំ២០២៣នេះ លោកថេង ទទួលបានការចាប់អារម្មណ៍ពីសំណាក់ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីង (Wang Wenbin) ផងដែរ។ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក វិនពីង មានការបង្ហោះរូបលោក សុខ ថេង កំពុងអង្គុយប្រកួតកីឡាអុកចិន នៅកីឡាអាស៊ី ដោយភ្ជាប់សម្តីរបស់អត្តពលិកវ័យ៨៤ឆ្នាំរូបនេះផងថា៖«ខ្ញុំមកទីនេះព្រោះខ្ញុំចូលចិត្ត និងស្រឡាញ់កីឡា»។ អ្នកនាំពាក្យក្រសួងការបរទេសចិន យល់ឃើញថា សម្តីមួយឃ្លាដែលបង្ហាញពីក្តីស្រឡាញ់ និងស្មារតីក្នុងកីឡារបស់លោក ថេង នឹងបន្តជំរុញទឹកចិត្តកីឡាករវ័យក្មេងឱ្យដេញតាមក្តីសុបិនរបស់ពួកគេ។
 

លោកថេង ដែលបានធ្លាក់ពីការប្រកួតនៅជុំទី៦ វិញ្ញាសាឯកត្តជនបុរស បានអះអាងប្រាប់កាសែត The straitstimes ថាខ្លួនបានសម្រេចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយសារតែមានកីឡាករម្នាក់បានដកខ្លួនដោយសារហេតុផលផ្ទាល់ខ្លួន។
 
«ខ្ញុំជាសមាជិកស្ថាបនិកម្នាក់ ចាប់តាំងពីកម្ពុជាបង្កើតសមាគមអុកចិន ក្នុងឆ្នាំ ២០០៧។ មានកីឡាកររាប់សិបនាក់នៅក្នុងសមាគម ហើយខ្ញុំជាគ្រូបង្វឹករបស់ពួកគេ។ ដោយសារហេតុផលផ្ទាល់ខ្លួន ពួកគេមិនអាចចូលរួមបានទេ ហើយខ្ញុំបានសម្រេចចិត្តចូលរួមប្រកួតជំនួស។ នេះជាការបញ្ជាក់របស់លោកថេង។
 
លោកថេង ដែលមានដើមកំណើតក្នុងប្រ​ទេសចិនស្រាប់បន្តថា៖មិនថាខ្ញុំអាយុប៉ុន្មានទេ ខ្ញុំនៅទីនេះព្រោះខ្ញុំស្រឡាញ់កីឡា។ ខ្ញុំមានអារម្មណ៍អស្ចារ្យក្នុងការត្រឡប់មកប្រទេសចិនម្តងទៀត ហើយខ្ញុំបានឃើញការផ្លាស់ប្តូរដ៏ធំសម្បើមនៅក្នុងប្រទេស។ អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ទី​នេះ​​ស្វាគមន៍ខ្ញុំណាស់ តែ​គូ​ប្រកួត​របស់​ខ្ញុំ​ក្មេងៗ តែ​ខ្លាំង»។
 
កើត​នៅ​ឆ្នាំ ១៩៣៩ ក្នុងក្រុង Jieyang ​ខេត្ត Guangdong ប្រទេសចិន លោក ថេង បាន​ផ្លាស់​​មក​រស់នៅប្រទេស​កម្ពុជា​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្លួន​ តាំងពី​​អាយុ ៩ ឆ្នាំ​ម្លេះ។ លោកថេងមានចំណូលចិត្តលេង អុកចិន តាំងពីក្មេង រហូតក្លាយជាកីឡាករអាជីព និងសព្វថ្ងៃជាគ្រួបង្វឹក។
 
ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើកទី១៩ ដែល​រៀបចំឡើង​ក្នុង​ក្រុង​ហាងចូវ ប្រទេសចិន ​បានបញ្ចប់​ជា​ស្ថាពរ​នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ កម្ពុជា ដែលបញ្ជូនអត្តពលិកសរុប១១៤នាក់ លើ១៧ប្រភេទកីឡា ទទួលបានមេដាយសំរឹទ្ធតែ១ប៉ុណ្ណោះ ក្នុងប្រភេទកីឡាការ៉ាតេ លើវិញ្ញាសាសម្តែងមេគុនជាក្រុមនារី៣នាក់។
 
ម្ចាស់ផ្ទះ​ចិន ​ជប៉ុន និងកូរ៉េខាងត្បូង ​​រកបាន​មេដាយ​ច្រើន​បំផុត​ជូន​ជាតិ​របស់​ពួកគេ ​ក្នុងចំណោម​ប្រទេសចូលរួម​ទាំង​៤៥​ ស្របពេលកម្ពុជា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣៨ និងនៅបាតតារាងចំណោម១០ប្រទេសតំបន់អាស៊ាន៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com