ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តី លើកទឹកចិត្តអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចុះបញ្ជី ដោយលើកលែងពន្ធ៥ឆ្នាំ
10, Oct 2023 , 9:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលស្ម័គ្រចិត្តទៅចុះបញ្ជី នឹងទទួលបានការលើកលែងការផាកពិន័យ បំណុល រួមទាំងការលើកលែងពន្ធនានាសម្រាប់រយៈពេល៥ឆ្នាំ។ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត បានអះអាងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នាព្រឹកថ្ងៃទី១០តុលានេះ។

 
រដ្ឋាភិបាលសម្រេចដាក់ចេញនូវការអនុគ្រោះមួយចំនួនដល់សហគ្រាសធុនតូច-មធ្យម ដើម្បីធានា និងលើកទឹកចិត្តពលរដ្ឋ ដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបានយ៉ាងប្រសើរ  ។ ក្នុងនោះ រដ្ឋលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក។​  
 
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ « ការលែកលែង​នេះ គឺដើម្បីបើកផ្លូវឱ្យសហគ្រាសដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចធ្វើអន្តរកាល និងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ»។ លើសពីនេះ រដ្ឋក៏លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពដល់ម្ចាស់សហគ្រាសធុនមីក្រូ ដែលមកចុះបញ្ជីដោយស្ម័គ្រចិត្ត ផងដែរ។ 
 
ជាពិសេស រដ្ឋលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំ រួមទាំងលើកលែងថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល ៥ឆ្នាំ ក្រោយការចុះបញ្ជី។ បើតាម សម្តេច ហ៊ុន ម៉ាណែត ការលើកលែងពន្ធបែបនេះ ដល់អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ  រួមទាំងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
 
សម្តេចបានបញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាល ជាការលើកទឹកចិត្តឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធចូលក្នុងបញ្ជី ដោយមិនមានការបង្ខំឱ្យចូលនោះឡើយ។ «យើងចង់បានបងប្អូនចូលរួមឲ្យច្រើនក្នុងដំណាក់កាលអន្តរកាលនេះ ដើម្បីងាយស្រួលរដ្ឋាភិបាលចង់បានទិន្នន័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគោលនយោបាយដើម្បីជួយបងប្អូនឲ្យទាន់ពេលវេលា និងចំគោលដៅ ជាពិសេសក្នុងពេលលំបាក»។
 
សេដ្ឋកិច្ចក្រៅប្រព័ន្ធរួមចំណែកបង្កើតការងារប្រមាណ៧០ភាគរយនៅលើពិភពលោក។ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគិតគូរយ៉ាងខ្លាំងចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកបរបរតូចតាច និងអ្នកក្រុមងាយរងគ្រោះ ដោយសារការប៉ះពាល់សេដ្ឋកិច្ច អតិផរណា និងវិបត្តិផ្សេងៗ។
 
រដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានផ្តោតលើគោលដៅអាទិភាពក្នុងការចាត់ចែងវិធានការបន្ទាន់នានា ជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកតាមបទពិសោធន៍កន្លងមក ជាពិសេសនាអំឡុងវិបត្តិកូវីដ-១៩៕ 
 

Tag:
 ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com