ជាតិ
សេដ្ឋកិច្ច
៩ខែ កម្ពុជា​នាំកង់ទៅទីផ្សារអន្តរជាតិ​សម្រេចបានជាង៤០០លានដុល្លារ ធ្លាក់ចុះ៤០ភាគរយ​
11, Oct 2023 , 9:39 am        
រូបភាព
ការនាំចេញកង់របស់កម្ពុជា​ ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានប្រមាណ៤២៤លានដុល្លារអាម៉េរិក នារយៈពេល៩ខែមកនេះ។ ប៉ុន្តែ ការនាំចេញនេះបានធ្លាក់ចុះដល់ ៤២,៨៥ភាគរយ បើធៀបនឹង គ្រាដូចគ្នាកាលឆ្នាំ២០២២។​ នេះបើយោងតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ​ ទទួល​បានពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។



លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា​ ការនាំចេញកង់របស់កម្ពុជា​ធ្លាក់ចុះបែបនេះ ដោយសារតែកម្លាំងបញ្ជាទិញពីបណ្តាប្រទេសនានា បានរងផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ច​ និងសង្រ្គាមរវាងរុស្សី-អ៊ុនក្រែន។ រដ្ឋលេខាធិការ​ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ​បន្តនិយាយដូច្នេះ៖ «សព្វថ្ងៃ ប្រទេសដែលជាគោលដៅទីផ្សារកង់របស់យើង គឺពួកគេបានសម្រុកទិញស្បៀងអាហារ ជាជាងទិញសម្ភារប្រើប្រាស់។ យើងដឹងច្បាស់ហើយថា​ កង់ គឺមិនមែនជាប្រភេទទំនិញ ឬសម្ភារចាំបាច់ទេ។ ដូច្នេះហើយបានការនាំចេញរបស់យើងធ្លាក់បែបនេះ»។​
 
ដ្បិត​ ក្នុងរយៈពេល៩ខែមកនេះ ការនាំចេញរបស់កម្ពុជាបានធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែ​លោក ប៉ែន សុវិជាតិ រំពឹងថា​​ការនាំចេញនេះ នឹងល្អប្រសើរឡើងវិញនៅដំណាច់ឆ្នាំ២០២៣។ លោកឡើងបែបនេះ ក៏ព្រោះរៀងរាល់ឆ្នាំចាប់ពីខែតុលា ដល់ខែ​ធ្នូ ជារដូវកាលប្រទេសនៅតំបន់អឺរ៉ុប​ប្រារព្ធបុណ្យណូអែល​ និងពិធីបុណ្យប្រពៃណីផ្សេងៗដែលមានការបញ្ជាទិញកង់ច្រើនពីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា សម្រាប់ធ្វើអំណោយជូនគ្នាទៅវិញទៅមក។ លោក សុវិជាតិ បន្ថែមយ៉ាងខ្លីថា៖ «ក្នុងខែតុលានេះ យើងបានការបញ្ជាទិញកង់ច្រើនជាង​រាល់ខែ​ពីទីផ្សារគោលដៅរបស់យើង»។​
 
បច្ចុប្បន្ន​ កម្ពុជា​បាន​នាំ​ចេញ​កង់​ទៅ​ជាង ៥០ ​ប្រទេស​ជុំវិញ​ពិភពលោក​។  ប្រទេសដែលនាំចូលកង់ពីកម្ពុជា​ច្រើនជាងគេ​ មានសហរដ្ឋអាម៉េរិក ​អាល្លឺម៉ង់  អង់គ្លេស  ជប៉ុន ចិន ប្រទេសក្នុងតំបន់អាស៊ាន ប៊ែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី និងកាណាដា...ជាដើម។ កង់​ក្លាយជា​ផលិតផល​នាំចេញ​សំខាន់​មួយ​របស់​កម្ពុជា ក្រៅពី​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​។​
 
​កាលឆ្នាំ​ ២០២២ ការនាំចេញ​កង់​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ​មាន​ទឹកប្រាក់ ៩៦៦,៧៥ ​លាន​ដុល្លារ កើន​ជាង ៤៨​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១​។ គិត​ត្រឹម​ឆ្នាំ​ ២០២២ កម្ពុជាមាន​រោងចក្រ​កង់​ចំនួន​ ៥ កំពុងដំណើរការ ដោយមាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស ក្រុង​បាវិត ខេត្ត​ស្វាយ​​រៀង​៕ 
 

Tag:
 ពាណិជ្ជកម្ម
  កង់
© រក្សាសិទ្ធិដោយ thmeythmey.com