កីឡាអន្តរជាតិ
អន្តរជាតិ
របួសរ៉ាំរ៉ៃ បង្ខំ Hazard បញ្ចប់អាជីពកីឡាករបាល់ទាត់ ត្រឹមអាយុ៣២ឆ្នាំ
11, Oct 2023 , 10:59 am        
រូបភាព
Eden Hazard អតីតខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិបែលហ្ស៊ិក Chelsea និង Real Madrid ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់​ ក្រោយញ៉ាំញីដោយសាររបួសរ៉ាំរ៉ៃ។


Hazard ដែលមានវ័យ៣២ឆ្នាំ បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ១០៩ លានដុល្លារ ក្រោយរូបគេបង្ហាញភាពលេចធ្លោសម្រាប់ក្រុម​លីគកំពូលអង់គ្លេស។ ប៉ុន្តែក្រោយបង្ហាញខ្លួនបាន ៥៤ ប្រកួតសម្រាប់ក្រុមយក្សអេស្ប៉ាញ អតីតប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ បានចាកចេញពី Santiago Bernabéu នៅចុងរដូវកាលមុន។
 
បង្ហាញខ្លួនឱ្យ Real Madrid បានតែ៥៤ប្រកួត ដោយសារ Hazard ជួបបញ្ហារបួសរ៉ាំរ៉ៃ រហូតបង្ខំចិត្តបញ្ចប់អាជីពលើវាលស្មៅរបស់ខ្លួនត្រឹមវ័យ៣២ឆ្នាំ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានចូលនិវត្តន៍ពីក្រុមបាល់ទាត់អន្តរជាតិ កាលពីខែធ្នូឆ្នាំ២០២២ បន្ទាប់ពីក្រុមធ្លាក់ត្រឹមវគ្គចែកពូល FIFA World Cup ឆ្នាំ២០២២ នៅកាតា។
 
ក្នុងអាជីពកីឡាករ១៦ឆ្នាំ Hazard បានជួយ Chelsea ឈ្នះ Premier League ពីរលើក និង Europa League ១លើក។ ក្រោយចាកចេញពី Lille នៅឆ្នាំ២០១២ Hazard ស៊ុតបញ្ចូលទី ១១០គ្រាប់ ក្នុងការបង្ហាញខ្លួន៣៥២ លើកសម្រាប់ក្រុមតោខៀវ ។
 
ខ្សែបម្រើដែលធ្លាប់ជាប់ជា PFA Players' Player បានជួយ Real Madrid ឈ្នះ Champions League ១លើក FIFA Club World Cup មួយ  European Super Cup មួយ La Liga ពីរលើក Copa del Rey មួយ និង Spanish Super Cup ពីរលើក។ យ៉ាងណាក៏ដោយ ពេលវេលារបស់ Hazard នៅទឹកដីអេស្បាញ ត្រូវបានគេចាត់ទុកថាជាការខកចិត្តយ៉ាងខ្លាំង ដោយសាររូបគេស៊ុតបញ្ចូលទី បានត្រឹមតែ៧គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៧៦លើក។
 
«បន្ទាប់ពីប្រកបជីពលើវាលស្មៅ១៦ឆ្នាំ និងបង្ហាញខ្លួនក្នុងទីលានច្រើនជាង ៧០០ប្រកួត ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពរបស់ខ្ញុំជាកីឡាករបាល់ទាត់អាជីព។ នេះជាការបញ្ជាក់របស់ Hazard ដែលក្លាយជាកីឡាករទំនេរ ចាប់តាំងពីកិច្ចសន្យារបស់ខ្លួនជាមួយ Real Madrid ត្រូវបានបញ្ចប់នៅក្នុងខែមិថុនាឆ្នាំមុន។ អតីតប្រធានក្រុមបែលហ្ស៊ីក បានដឹងពីស្ថានភាពរបួសរបស់ខ្លួនច្បាស់ និងចាត់ទុកការសម្រេចចិត្តព្យួរស្បែកជើងត្រឹមពេលនេះ ជាពេលវេលាដ៏ត្រឹមត្រូវ៕
 

Tag:
 Eden Hazard
© រក្សាសិទ្ធិដោយ thmeythmey.com