ជាតិ
សេដ្ឋកិច្ច
បច្ចេកវិទ្យាហិរញ្ញវត្ថុ ជួយជំរុញសម្ទុះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល​កម្ពុជា ​ឱ្យកាន់តែរស់រវើក
11, Oct 2023 , 2:35 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ថ្លែងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ​កម្ពុជា ២០២៣-២០២៨ កាលពីថ្ងៃទី៤តុលា។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ថ្លែងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ​កម្ពុជា ២០២៣-២០២៨ កាលពីថ្ងៃទី៤តុលា។ រូបថត៖ MEF
បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) ជួយកម្ពុជា​ទាញយកប្រយោជន៍បានយ៉ាងច្រើន ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ។ លើសពីនេះ ​វានឹងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឱ្យកាន់តែរស់រវើក។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។​

 
បច្ចុប្បន្ន បច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងកែប្រែរបៀបក្នុងការធ្វើធុរកិច្ច ​ផ្លាស់ប្តូរទម្លាប់រស់នៅ ឬជីវិតប្រចាំ ក្នុងការប្រាស្រ័យទាក់ទង និងការបំពេញការងារ រួមទាំងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងប្រសិទ្ធភាពការងារ។ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ទោះមានការអភិវឌ្ឍក្នុងកម្រិតណាក្តី ប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬ ប្រទេសកំពុងអភិវឌ្ឍ  គឺអាចចាប់យកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីផ្លាស់ប្តូរពីឧស្សាហកម្មបែបប្រពៃណី ទៅជាឧស្សាហកម្មទំនើបបានក្នុងរយៈពេលខ្លី។ 
 
ក្នុងពិធីផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ កាលពីថ្ងៃទី៤តុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះ បានរៀបរាប់ថា  ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាវិស័យចន្ទល់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច, ការកែប្រែបច្ចេកវិទ្យាឌីជីថលជាកាតាលីករ ក្នុងការគាំទ្រ និងជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច។  ជាពិសេស ការប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់លទ្ធភាពឱ្យធុរជន និងវិនិយោគិនក្នុងស្រុក អាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ក៏ដូចជា ស្វែងរកភាពច្នៃប្រឌិតក្នុងការផលិតទំនិញ និងការផ្តល់សេវាកម្ម។ 
 
សក្កានុពលនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការសម្រេចបាន នូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ដោយរដ្ឋាភិបាល បានដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ «គោលនយោបាយទាំងនេះ ជាផែនទីបង្ហាញផ្លូវ ​និងជាក្របខណ្ឌការងារនៃការគិតគូរវែងឆ្ងាយរបស់រដ្ឋាភិបាល ក្នុងការទាញយកប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។ នេះជាការលើកឡើងរបស់លោក លោក អូន ព័ន្ធមុនីរ័ត្ន។ 
 
ក្នុងយុគសម័យសកលភាវូបនីយកម្មឌីជីថល  បច្ចេកវិទ្យាហិរញ្ញវត្ថុបានបោះជំហានយ៉ាងលឿន ហើយបានក្លាយកាតាលីករ​ជំរុញលើការគ្របដណ្តប់ រួមទាំងតភ្ជាប់សេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក។​ បើតាមលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា ប្រព័ន្ធធនាគារទទួលបានផលប្រយោជន៍ជាច្រើន ពីការរីកចម្រើននូវបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនាំមកនូវការអភិវឌ្ឍយ៉ាងសំខាន់ ​ចំពោះប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការផ្តល់មធ្យាបាយទូទាត់កាន់តែរហ័ស តម្លៃទាប និងងាយស្រួលជាងមុន ក៏ដូចជំរុញនូវបរិយាប័ន្នហិរញ្ញវត្ថុ ជាដើម។ 
 
លោកស្រីបាននិយាយថា​ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងការទូទាត់ក្នុងនិងក្រៅប្រទេស ការផ្ទេរប្រាក់ឆ្លងដែនកាន់តែរហ័សជាងមុន កម្រៃសេវាទាប និងប្រកបដោយតម្លាភាព ជាពិសេសដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស។ ទន្ទឹមនេះ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានសក្កានុពលខ្ពស់ក្នុងការកាត់បន្ថយចំណាយថ្លៃដើមលើសេវាហិរញ្ញវត្ថុ លើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទូទៅ។ 
 
​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុនេះ ធនាគារជាតិ​បាន​បង្កើតឡើង​នូវ​ប្រព័ន្ធ​ទូទាត់​បាគង ដើម្បី​ផ្តល់​លទ្ធភាព​ដល់​អ្នកប្រើប្រាស់​អាច​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ហិរញ្ញ​​វត្ថុ​បាន​ភ្លាមៗ ​តាមរយៈ​ការ​​ស្គេ​ន QR Code បាន​យ៉ាង​ងាយស្រួល​។ តាម​ការអះអាង​របស់​លោកស្រី ជា សិរី បច្ចុប្បន្នប្រព័ន្ធ​បាគង បាន​បើក​លទ្ធភាព​ដល់​អ្នកប្រើប្រាស់​ដល់​ជាង​១០​លាន​នាក់។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៣​ ចំនួន​ប្រតិ​​ប​ត្ដិ​ការ​ក្នុង​ប្រព័ន្ធ​បាគង មាន​ជាង ៣៥,៤លាន​ប្រតិបត្តិការ និង​ទំហំ​ទឹកប្រាក់​ប្រតិ​ប​ត្ដិ​ការមានជាង ​១២,៥​ពាន់​លាន​ដុល្លារ​ ​ស្មើនឹង ៦៧​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ខណៈ​ទំហំ​ប្រាក់​ប្រតិ​ប​ត្ដិ​ការទូទាត់​ឌីជីថល​សរុប​ស្មើនឹង ​៨៩២ ​ភាគរយ​នៃ ​GDP។
 
យោងតាមទិន្នន័យរបស់សមាគមមូលធនឯកជនសកល( Global Private Capital Association – GPCA) ទំហំវិនិយោគលើបច្ចេកវិទ្យាឌីជីថល ក្នុងតំបន់អាស៊ាន បានកើនពី ៤,២ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ដល់ ១២,៩ពាន់លានដុល្លារ នៅឆ្នាំ២០២២។ ក្នុងនោះ ទំហំវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ បានកើនឡើងយ៉ាងគំហុករហូតដល់ ៤,១ពាន់លានដុល្លារ៕ 
 

Tag:
 បច្ចេកវិទ្យាហិរញ្ញវត្ថុ
  លោក អូនព័ន្ធ មុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com