សេដ្ឋកិច្ច
អន្តរជាតិ
គោលនយោបាយសារពើពន្ធជាអ្វី ?
15, Oct 2023 , 9:19 am        
រូបភាព
គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធសំដៅលើឧបករណ៍ដែលរដ្ឋាភិបាលប្រទេសមួយប្រើដើម្បីមានឥទ្ធិពលលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយរូបិយវត្ថុផ្តោតសំខាន់ការគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់សរុបដែលកំពុងចរាចរ ហើយជាទូទៅត្រូវបានអនុវត្តដោយធនាគារកណ្តាល។ គោលនយោបាយសារពើពន្ធ សំដៅលើការប្រមូលពន្ធ និងការចំណាយរបស់រដ្ឋាភិបាល។

គោលនយោបាយសារពើពន្ធ (Fiscal Policy) សំដៅលើការប្រើប្រាស់ការចំណាយរបស់រដ្ឋាភិបាល និងគោលនយោបាយពន្ធដារដើម្បីមានឥទ្ធិពលលើលក្ខខណ្ឌសេដ្ឋកិច្ច ជាពិសេស លក្ខខណ្ឌ ម៉ាក្រូសេដ្ឋកិច្ច ។ ទាំងនេះរួមមានតម្រូវការសរុបសម្រាប់ទំនិញ និងសេវាកម្ម ការងារ អតិផរណា និងកំណើនសេដ្ឋកិច្ច។
 
ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលអាចបន្ថយអត្រាពន្ធ ឬបង្កើនការចំណាយ ដើម្បីលើកទឹកចិត្តដល់តម្រូវការ និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ផ្ទុយទៅវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា គេអាចដំឡើងអត្រាការប្រាក់ ឬកាត់បន្ថយការចំណាយដើម្បីធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។

ប្រភេទនៃគោលនយោបាយសារពើពន្ធ 
 
គោលនយោបាយសារពើពន្ធមានពីរប្រភេទសំខាន់រួមមាន 

គោលនយោបាយសារពើពន្ធពង្រីក ៖ ជាគោលនយោបាយដែលរដ្ឋាភិបាលបង្កើនការចំណាយ និងកាត់បន្ថយពន្ធ ឬរួមបញ្ចូលគ្នាលក្ខខណ្ឌទាំងពីរសម្រាប់ការបញ្ចុះកម្រិតពន្ធ គឺមានឥទ្ធិពលលើប្រាក់ចំណូលជាតិសរុប និងការចំណាយលើការប្រើប្រាស់របស់គ្រួសារ ពីព្រោះរដ្ឋាភិបាលបានបង្កើនការចំណាយសាធារណៈរបស់ខ្លួនដើម្បីជំរុញកំណើនតម្រូវការសរុប។ 

គោលនយោបាយសារពើពន្ធបង្រួម ៖ ជាគោលនយោបាយដែលរដ្ឋាភិបាលកាត់បន្ថយការចំណាយ ឬដំឡើងពន្ធ ឬរួមបញ្ចូលគ្នានលក្ខខណ្ឌទាំងពីរ។ គោលនយោបាយនេះបានធ្វើឱ្យធ្លាក់ចុះតម្រូវការសរុប នាំឱ្យថមថយការចំណាយលើការប្រើប្រាស់របស់គ្រួសាររួមទាំងកាត់បន្ថយការវិនិយោគឯកជន កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ ដូចនេះគោលដៅក្នុងការអនុវត្តគោលនយោបាយសារពើពន្ធទាំងពីរមានទិសដៅបញ្ច្រាស់គ្នា។
 
ឧបករណ៍នៃគោលនយោបាយសារពើពន្ធ
 
នៅក្នុងគោលនយោបាយសារពើពន្ធ ឧបករណ៍សំខាន់ពីរដែលប្រើគឺការចំណាយរបស់រដ្ឋាភិបាល និងការដាក់ពន្ធ ។ 
១. សកម្មភាពចំណាយរបស់រដ្ឋាភិបាលនឹងរួមបញ្ចូលពីរប្រភេទដូចជា ការចំណាយលើលទ្ធកម្មទំនិញ និងសេវាកម្ម ព្រមទាំងការចំណាយលើការផ្ទេរប្រាក់ 
 
ការចំណាយលើការទិញទំនិញ និងសេវាកម្ម ៖ ពោលគឺរដ្ឋាភិបាលប្រើប្រាស់ថវិកាទិញសព្វាវុធ និងបរិក្ខារ សាងសង់ផ្លូវ ស្ពាន និងការងារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ ។ ការចំណាយរបស់រដ្ឋាភិបាលលើទំនិញ និងសេវាកម្មកំណត់ទំហំពាក់ព័ន្ធនៃវិស័យសាធារណៈក្នុងផលិតផលក្នុងស្រុកសរុប (GDP) បើធៀបនឹងវិស័យឯកជន។ នៅពេលដែលរដ្ឋាភិបាលបង្កើន ឬបន្ថយការចំណាយលើការទិញទំនិញ និងសេវាកម្ម វានឹងប៉ះពាល់ដល់តម្រូវការសរុប។ 
 
ការចំណាយលើការផ្ទេរប្រាក់ ៖ ទាំងនេះគឺជាប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលប្រើសម្រាប់អ្នកទទួលផលគោលនយោបាយដូចជាជនក្រីក្រ ឬក្រុមដែលងាយរងគ្រោះផ្សេងទៀតនៅក្នុងសង្គម។ ការចំណាយលើការផ្ទេរប្រាក់មានផលប៉ះពាល់ដោយប្រយោលទៅលើតម្រូវការសរុប តាមរយៈប៉ះពាល់ដល់ប្រាក់ចំណូលផ្ទាល់ខ្លួន និងការប្រើប្រាស់។ ដូច្នោះហើយ នៅពេលដែលរដ្ឋាភិបាលបង្កើនការចំណាយផ្ទេរប្រាក់ ការប្រើប្រាស់ផ្ទាល់ខ្លួននឹងកើនឡើង។ 
 
២. ពន្ធមានច្រើនប្រភេទដូចជា ពន្ធលើប្រាក់ចំណូលសាជីវកម្ម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ពន្ធលើតម្លៃបន្ថែម ពន្ធប្រើប្រាស់ពិសេស ពន្ធអចលនទ្រព្យ... ។​ នៅក្នុងសេដ្ឋកិច្ចជាទូទៅពន្ធនឹងមានផលប៉ះពាល់តាមពីរវិធីយ៉ាង។ ទីមួយ ពន្ធកាត់បន្ថយប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់បុគ្គលម្នាក់ៗ ដោយហេតុនេះនាំឱ្យមានការថយចុះនៃការចំណាយរបស់បុគ្គលលើការប្រើប្រាស់ទំនិញ និងសេវាកម្ម។ នេះបណ្តាលឱ្យតម្រូវការសរុបធ្លាក់ចុះ ហើយ GDP ធ្លាក់ចុះ។ មួយវិញទៀត ពន្ធប៉ះពាល់ដល់តម្លៃទំនិញ និងសេវាកម្ម និងបង្ខូចថ្លៃ នឹងធ្វើឲ្យប៉ះពាល់ដល់អាកប្បកិរិយា និងការលើកទឹកចិត្តរបស់បុគ្គលក្នុងការប្រើប្រាស់ទំនិញ៕ 
 

Tag:
 គោលនយោបាយរូបិយវត្ថុ
  Monetary Policy
 គោលនយោបាយសារពើពន្ធ
  Fiscal Policy
© រក្សាសិទ្ធិដោយ thmeythmey.com