ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស៤ បង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដើម្បីរួមគ្នា លើកកម្ពស់ប្រជាធិបតេយ្យ
11, Oct 2023 , 9:29 pm        
រូបភាព
បក្ស៤ រួមគ្នា បង្កើតសម្ព័ន្ធឆ្ពោះទៅអនាគត។ រូបដោយ វតី
បក្ស៤ រួមគ្នា បង្កើតសម្ព័ន្ធឆ្ពោះទៅអនាគត។ រូបដោយ វតី
ភ្នំពេញ៖ បក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ បក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សកែទម្រងកម្ពុជា រួមគ្នាបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដោយពួកគេអះអាងថា ដើម្បីរួមកម្លាំងគ្នា ពង្រឹងការគោរពសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។

 
បក្សទាំង៤ បានព្រមព្រៀងគ្នាជាផ្លូវការ បង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» នៅថ្ងៃទី១១តុលានេះ ប៉ុន្តែក្នុងចុះហត្ថលេខា តំណាងបក្សទាំង៤ ហាក់ពុំទាន់មានគម្រោងការច្បាស់លាក់នៅឡើយ ជុំវិញផែនការធ្វើសកម្មភាពរួមគ្នានាពេលខាងមុខ។ ទោះបីយ៉ាងនេះក្ដី ពួកគេអះអាងថា នឹងសាមគ្គីគ្នា មិនឱ្យមានការប្រះឆាឡើយ។ 
 
«យើងគិតពីអនាគត២០២៧ និង២០២៨ខាងមុន ហើយបក្សភ្លើងទៀននិយាយនេះ មិនអឹមអៀនអីទេ! គណបក្សភ្លើងទៀនជាគណបក្សនយោបាយមិនមែនអង្គការសង្គមស៊ីវិលទេ យើងមកធ្វើបក្សនយោបាយ ដើម្បីតែមកកាន់អំណាច»។ ​ លោក សុក ហាច តំណាងបក្សភ្លើងទៀន លើកឡើងពីផែនការទៅថ្ងៃមុខបែបនេះ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ។
 
លោកអះអាងថា ការចងសម្ព័ន្ធគ្នាបានកាន់តែឆាប់ មុនពេលដំណើរការបោះឆ្នោតព្រឹទ្ធសភា ខិតចូលមកដល់ គឺជារឿងល្អ ដើម្បីមានពេលរៀបចំផែនការបន្តបន្ទាប់។ 
 
យ៉ាងណា ក្រៅពីជជែកពីបញ្ហានៃដំណើរការបោះឆ្នោត ក្នុងនាមតំណាងឱ្យបក្សភ្លើងទៀន លោក សុក ហាច ក៏ដូចជាបក្សសម្ព័ន្ធបីទៀត នឹងបន្តនាំគ្នាបង្កើតកិច្ចពិភាក្សា និងឈឺឆ្អាល បញ្ហាពលរដ្ឋឱ្យបានកាន់តែផុសផុល។ ទន្ទឹមនឹងនេះ លោក សុក ហាច បានស្នើសុំឱ្យបក្សកាន់អំណាច បើកចំហឱ្យស្មើភាពគ្នា ដើម្បីប្រកួតប្រជែង។ 
 
ជាមួយគ្នាដែរ លោក យ៉េង វីរៈ ប្រធានបក្សប្រជាធិបតេយ្យមូលដ្ឋាន បកស្រាយថា សម្ព័ន្ធភាពនេះ គឺជារូបភាពមួយ ក្នុងការសហការគ្នារវាងបក្សនយោបាយ ដោយរក្សាអត្តសញ្ញាណបក្សរបស់ខ្លួន នៅដដែល។ ហើយលោកបន្តថា ដំណើរទៅមុខទៀត នឹងបង្កើតក្រុមការងារសម្របសម្រួលរួមគ្នា ស្ដីពីកិច្ចការងារចងសម្ព័ន្ធខាងលើ។ 
 
​ទន្ទឹមនឹងការប្រកាសចងសម្ព័ន្ធភាពរវាងបក្សទាំង៤ គឺមានបណ្ដាបក្សនយោបាយជាង១០បក្សទៀត បានកៀរគរគ្នា ស្នើសុំចងសម្ព័ន្ធជាមួយបក្សកាន់អំណាច ជាបន្តបន្ទាប់។ ក្នុងថ្ងៃនេះ ដដែល សម្ដេច ហ៊ុន សែន ដែលជាប្រធានបក្សប្រជាជនកម្ពុជា ក៏បានចេញសារសំឡេងទទួលស្វាគមន៍ ហើយគ្រោងរៀបចំជំនួបជាមួយបក្សទាំងនោះ។ 
 
ចរន្តចងសម្ព័ន្ធភាពគ្នា រវាងបក្សនយោបាយនេះ មុនពេលដំណើរការបោះឆ្នោតជិតមកដល់។  កម្ពុជានឹងមានការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ២០២៤។ 
 
ជុំវិញការចងសម្ព័ន្ធភាពគ្នា លោក ស៊ឹង សែនករុណា មន្ត្រីសមាគមអាដហុក យល់ថា ការចងសម្ព័ន្ធរបស់បក្សនយោបាយក្រៅរដ្ឋាភិបាល បើពួកគេលើកពីបញ្ហាសង្គមឱ្យបានច្រើន ដើម្បីជាគំនិត ឬពាំនាំសំឡេងពលរដ្ឋទៅកាន់រដ្ឋាភិបាលបានដឹងឮ គឺជារឿងល្អ។ លោកបន្ថែមថា ការអនុវត្តនិងការដោះស្រាយបញ្ហាសង្គមជាក់ស្ដែង គឺជាតួនាទីរបស់រដ្ឋាភិបាល។ ដូច្នេះ លោកយល់ថា ពលរដ្ឋអាចវាយតម្លៃពីកិច្ចខិតខំឈឺឆ្អាលរបស់បក្សនយោបាយ និងការដោះស្រាយរបស់រដ្ឋាភិបាល បានដោយខ្លួនឯង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com