កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ថាខ្លួនត្រូវបានល្បួងដោយគម្រោងបាល់ទាត់ដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
12, Oct 2023 , 1:59 pm        
រូបភាព
Karim Benzema ថាខ្លួនត្រូវអូសទាញដោយគម្រោងដ៏ធំនៃបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនាំឱ្យរូបគេសម្រេចចិត្តបញ្ចប់អាជីពនៅក្រុម Real Madrid ដើម្បីទៅចូលរួមជាមួយនឹងក្រុម Al Ittihad។

 
ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានក្លាយជាកីឡាករល្បីឈ្មោះមួយរូប ដែលបានផ្លាស់ទៅកាន់លីគកំពូលអារ៉ាប៊ីសាអូឌីត នៅពេលរូបគេបានចូលរួមជាមួយក្រុម Al Ittihad ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន កាលពីខែមិថុនា។ ចុះកិច្ចសន្យាជាមួយនឹងក្រុមជើងឯក Al Ittihad កីឡាករសញ្ជាតិបារាំងទទួលបានថ្លៃពលកម្មប្រមាណ ១០៦លានដុល្លារក្នុងមួយឆ្នាំ។
 
Benzema ចាកចេញពីក្លិបយក្ស Real Madrid ក្រោយរួមរស់អស់រយៈពេល ១៤ឆ្នាំ និងបានឈ្នះពានរង្វាន់ជាច្រើនមានទាំង La Liga, Champions League និង Club World Cup។ នៅក្លិប Al Ittihad រូបគេត្រូវបានចូលរួមដោយកីឡាករខ្សែបម្រើ N’Golo Kante, Fabinho ក៏ដូចជាខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្កាយ Jota ជាដើម ក្នុងការជួយក្រុមស្ថិតក្នុង Saudi Pro League ការពារជើងឯក។
 
«នៅពេលដែលគម្រោងនៃបាល់ទាត់ចាប់ផ្តើមនៅទីនេះ វាត្រូវបានមើលឃើញថាជាគម្រោងមួយដ៏ធំ គ្រប់គ្នាគោរពលើរឿងនេះ ហើយខ្ញុំក៏ចង់ក្លាយជាផ្នែកមួយនៃគម្រោងនេះ ដើម្បីជួយផ្តល់ការឆ្ពោះទៅមុខសម្រាប់ការប្រកួតក្នុងអារ៉ាប៊ីសាអូឌីត ហើយនេះជាហេតុផលដែលខ្ញុំសម្រេចមកទីនេះ។»។ Benzema បានបង្ហោះនៅលើបណ្តាញសង្គម X អតីត Twitter បែបនេះ។
 
នៅ Al Ittihad ខ្សែប្រយុទ្ធសញ្ជាតិបារាំង រកបាន ៣គ្រាប់ពីការប្រកួតចំនួន ៧លើក និងបញ្ជូនបាល់ចំនួន ២គ្រាប់ សម្រាប់រដូវកាលថ្មីនេះ។ Benzema បានអះអាងទៀតថាខ្លួនពេញចិត្ត
ចំពោះបាល់ទាត់ និងប្រវត្តិសាស្ត្រនៃបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានកម្រិតខ្ពស់មួយ ក្នុងតំបន់មជ្ឈឹមបូពា៍នេះ។
 
Al Ittihad បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ នៃ Saudi Pro League ជាមួយនឹងពិន្ទុ ១៩ពិន្ទុក្នុងដៃ មានគម្លាតពិន្ទុ ៤ពិន្ទុពីក្រុមកំពូលតារាង Al Hilal៕
 

Tag:
 Karim Benzema
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com