អន្តរជាតិ
ជម្លោះអ៊ីស្រាអែល-ហាម៉ាស អាចបណ្តាលឲ្យតម្លៃប្រេងឡើងថ្លៃទេ ?
12, Oct 2023 , 3:59 pm        
រូបភាព
ស្ថានីយ៍ប្រេងឥន្ធនៈនៅ Marseille ភាគខាងត្បូងប្រទេសបារាំង ។ រូបភាព ៖ AFP
ស្ថានីយ៍ប្រេងឥន្ធនៈនៅ Marseille ភាគខាងត្បូងប្រទេសបារាំង ។ រូបភាព ៖ AFP
តម្លៃប្រេងពិភពលោកបានស្ទុះងើបឡើងវិញ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែលដែលជាជម្លោះក្នុងតំបន់ដែលគ្របដណ្តប់ប្រទេសផលិតប្រេង។ យ៉ាងណា អ្នកជំនាញជឿថា ផលប៉ះពាល់លើតម្លៃប្រេងមានកម្រិតតិចតួចនៅឡើយ ដរាបណាជម្លោះមិនទាន់កើនឡើងខ្លាំង និងរីករាលដាលទៅក្នុងតំបន់​។

 
 
ក្រោយកើតជម្លោះរវាងអ៊ីស្រាអែល-ហាម៉ាស តម្លៃប្រេងប្រែប្រួលយ៉ាងណា ? 
 
តម្លៃប្រេងបានកើនឡើងជាង៤ភាគរយ ចាប់តាំងពីកើតមានរវាងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសអូសបន្លាយ៥ថ្ងៃមកនេះ។ សន្ទស្សន៍ភាគហ៊ុនពិភពលោកបង្ហាញថា ប្រេង Brent  បានជួញដូរក្នុងតម្លៃ ៨៧,៩៤ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅអាម៉េរិក  WTI មានតម្លៃ ៨៦,០៧ដុល្លារក្នុងមួយបារ៉ែលនាព្រឹកថ្ងៃទី១១ ខែតុលានេះ។
 
តើជម្លោះរវាងភាគីទាំងពីរនេះអាចបង្កការរំខានដល់ទីផ្សារប្រេងពិភពលោកឬទេ ?
ជារួមទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនមិនមែនជាតួអង្គសំខាន់នៅក្នុងទីផ្សារប្រេងនោះទេ ប៉ុន្តែជម្លោះស្ថិតនៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់។ យ៉ាងណាមិញ ទោះបីជាជម្លោះមិនប៉ះពាល់ដល់ការផលិត ឬការផ្គត់ផ្គង់ប្រេងដោយផ្ទាល់ក៏ដោយ ក៏វានៅតែស្ថិតនៅមាត់ទ្វារនៃតំបន់ផលិតកម្ម និងនាំចេញប្រេងដ៏សំខាន់មួយ។
 
ការពិតអ៊ីស្រាអែល​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ចំនួនតែ​ពីរប៉ុណ្ណោះ​ដែល​មាន​សមត្ថភាពចម្រាញ់​បាន​ជិត ៣០០ពាន់បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ យោងតាមរដ្ឋបាលព័ត៌មានថាមពលអាម៉េរិក (EIA) ប្រទេសនេះមិនមានការផលិតប្រេងឆៅ និងឧស្ម័ន ហើយទឹកដីប៉ាឡេស្ទីនក៏មិនមានផលិតប្រេងផងដែរ។
 
លោក Iman Nasseri នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាថាមពលមជ្ឈិមបូព៌ា Facts Global Energy បាននិយាយថា ផលប៉ះពាល់លើតម្លៃប្រេងនឹងកើនឡើងខ្លាំង ដរាបណាសង្រ្គាមរវាងភាគីទាំងពីររីករាលដាលទៅភាគីផ្សេងទៀត ។
 
ស្រដៀងគ្នាលោក Pierre Andurand អ្នកជំនួញជនជាតិបារាំង និងជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យលើកឡើងថា ដោយសារតែតំបន់មានការប្រយុទ្ធគ្នានេះ ទំនងជាមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងក្នុងរយៈពេលខ្លីនោះទេ។ 
 
លោកបន្តថា ការស្តុកប្រេងពិភពលោកមានកម្រិតទាប ហើយការកាត់បន្ថយផលិតកម្មដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីនឹងនាំឱ្យមានការថយចុះបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ។
 
ការកើនឡើងតម្លៃណាមួយអាចជាប្រតិកម្មបន្ថិចបន្តួចចំពោះព័ត៌មាននៃការវាយប្រហារ ដែលជាបាតុភូតមួយដែលតែងតែឃើញនៅក្នុងទីផ្សារទំនិញ នៅពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង។ យ៉ាងណាការយល់ស្របក្នុងចំណោមអ្នកវិភាគ គឺថាការកើនឡើងតម្លៃបែបនេះអាចនឹងមិនស្ថិតស្ថេរក្នុងរយៈពេលយូរនោះទេ។
 
ក្រលេកមើលប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃប្រេង ដោយសារតំបន់នេះរួមចំណែកយ៉ាងសំខាន់ដល់ផលិតកម្មប្រេងពិភពលោក។ ស្ថានភាពបច្ចុប្បន្នមិនសូវខុសគ្នាប៉ុន្មាននោះទេ។ វិសាលភាពនៃផលប៉ះពាល់លើតម្លៃប្រេងឆៅអាស្រ័យលើថាតើជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនឡើងកម្តៅខ្លាំងឬយ៉ាងណា។ 
 
ប្រសិនបើស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ផលប៉ះពាល់លើទីផ្សារប្រេងត្រូវបានគេរំពឹងថានឹងមានតិចតួចបំផុត។ យ៉ាងណាប្រសិនបើជម្លោះកាន់តែខ្លាំង ភាពប្រែប្រួលដែលកើតឡើងនៅមជ្ឈិមបូព៌ាអាចនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនឹងអូសបន្លាយតម្លៃប្រេង។
 
តើពិភពលោកមានការខ្វះខាតប្រេងដែរឬទេ ? 
 
ទោះបីជាមានហានិភ័យនៃការរំខានរយៈពេលខ្លី ក៏ទីផ្សារប្រេងពិភពលោកនៅតែផ្គត់ផ្គង់យ៉ាងពេញលេញ។ សេណារីយ៉ូការផ្គត់ផ្គង់ដ៏រឹងមាំនេះអាចដើរតួបានជាបណ្ដោះអាសន្នប្រឆាំងនឹងការរំខានណាមួយដែលបណ្តាលមកពីផលប៉ះពាល់នៃជម្លោះនេះ។ ជារួម អ្នកជំនាញមើលឃើញថា ការប្រែប្រួលតម្លៃណាមួយត្រូវបានគេរំពឹងថានឹងមានរយៈពេលខ្លីប៉ុណ្ណោះ។
 
បើតាមលោក Bob McNally ប្រធានក្រុមហ៊ុន Rapidan Energy Group និងជាអតីតមន្ត្រីសេតវិមាន សេណារីយ៉ូការរំខានតីផ្សារប្រេងនឹងកើតឡើងប្រសិនបើជម្លោះរីករាលដាលដល់ប្រទេសអ៊ីរ៉ង់។ ប៉ុន្តែ​សម្រាប់​ពេល​នេះ វា​ហាក់​ដូច​ជា​មិន​ទំនង​ទាល់តែសោះ។
 
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីថាមពលនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី៨ ខែតុលា ថា ជម្លោះនឹងមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ឡើយ។
 
« យើងមិនចូលរួមក្នុងនយោបាយទេ។ យើងគ្រប់គ្រងទៅតាមការផ្គត់ផ្គង់ និងតម្រូវការ ហើយយើងមិនពិនិត្យមើលនូវអ្វីដែលប្រទេសនីមួយៗបានធ្វើនោះទេ» ។ រដ្ឋមន្ត្រីថាមពលអេមីរ៉ាតអារ៉ាប់រួម Suhail Al Mazrouei លើកឡើងបែបនេះ។ 
 
ប្រេងរបស់អ៊ីរ៉ង់កាន់តែមានសារៈសំខាន់ចំពោះទីផ្សារពិភពលោក ខណៈដែលការនាំចេញបានស្ទុះងើបឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៥ ឆ្នាំ។ នោះដោយសាការគាំទ្រយ៉ាងខ្លាំងរបស់ក្រុងវ៉ាស៊ីនតោន ខណៈដែលភាគីទាំងពីរបានធ្វើការសម្របសម្រួលការទូត ដើម្បីបង្កើតដែនកំណត់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
 
ម៉្យាងវិញទៀត ការកាត់បន្ថយផលិតកម្មដល់ទៅប្រហែល ៩លានបារ៉ែលក្នុងមួយថ្ងៃ នឹងផ្តល់ឱ្យអារ៉ាប៊ីសាអូឌីតដែលកំពុងទំនេរអាចចាប់ផ្តើមផលិតឡើងវិញបានប្រសិនបើស្ថានភាពបច្ចុប្បន្ននាំឱ្យមានការរំខាន។ យោងតាមការប៉ាន់ប្រមាណរបស់ Bloomberg ប្រទេសនេះមានទុនបម្រុងប្រហែល ៣លានបារ៉ែលក្នុងមួយថ្ងៃ ហើយប្រទេសជិតខាងអេមីរ៉ាតអារ៉ាប់រួមមានបន្ថែម ១លានបារ៉ែលក្នុងមួយថ្ងៃ។
 
តើទីផ្សារប្រេងនៅឆ្នាំក្រោយមានការប្រែប្រួលដែរឬទេ ?
 
នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយ OPEC បានរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំ ២០២៣ និង ២០២៤ ដោយផ្អែកលើការរំពឹងទុកនៃពីប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងពិភពលោក បើទោះបីជាមានការកើនឡើងនៃតម្រូវការប្រេងពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ។
 
អង្គការ OPEC ព្យាករថា តម្រូវការប្រេងឆៅពិភពលោកនឹងកើនឡើង ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៤ ធៀបនឹងការព្យាករកើនឡើង ២,៤៤ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៣។
 
របាយការណ៍របស់អង្គការ OPEC បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងជំរុញតម្រូវការប្រេង ជាពិសេសដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអាកាសចរណ៍៕ 
 
 

Tag:
 ប្រេង
  អ៊ីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com