ជាតិ
ភ្ជុំបិណ្ឌ៖ វត្ត​បទុមវតី , ឧណ្ណាលោម និងស្រះចក​ តែង​យក​អាហារ​ទៅ​ជូន​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ និង​ទុរគតជន
12, Oct 2023 , 4:39 pm        
រូបភាព
រូប​ផ្ដល់​ឱ្យ​ដោយ ព្រះខន្តិកោសល  កេត  ណាវី  ព្រះលេខាធិការវត្តបទុមវតីរាជវរារាម
រូប​ផ្ដល់​ឱ្យ​ដោយ ព្រះខន្តិកោសល កេត ណាវី ព្រះលេខាធិការវត្តបទុមវតីរាជវរារាម
ភ្នំពេញ៖ វត្តបទុមវតី វត្តឧណ្ណាលោម និង​វត្ត​ស្រះចក តែង​តែ​យក​បបរ និង​ម្ហូប​អាហារ​ ទៅ​ចែក​ជូន​ដល់​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ផ្សេង​ៗ និង​ទុរគត​ជន។ នៅ​មុន​ពេល​មាន​ជំងឺ​កូវីដ-១៩ វត្ត​ខាង​លើ​ក៏​បាន​យក​ម្ហូប​អាហារ ទៅ​ចែក​ជូន​ដល់​អ្នក​ទោស​ ក្នុងពន្ធ​នាគារ​ព្រៃ​ស​ផង​ដែរ​។



​ជា​ទូទៅ​ នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​តែង​សង្កេត​ឃើញ​ថា ​វត្ត​មួយ​ចំនួន ដែល​ទទួល​បាន​ចង្ហាន់​ពី​ពុទ្ធ​វិស័ទ​ច្រើន វត្ត​​តែង​បង្វែរ​ចង្ហាន់​ទាំង​នោះ​ខ្លះ​ ទៅ​ដល់​ពុទ្ធបរិស័ទ ដែល​ខ្វះ​ខាត​។ ជាក់​ស្ដែង​វត្ត​​បទុមវតី វត្តឧណ្ណាលោម និង​វត្ត​ស្រះចក តែង​យក​បបរ​ និង​ម្ហូប​អាហារ​ ទៅ​ផ្ដល់​ដល់​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យនានាក្នុង​រាជធានី និង​ទុរគត​ជន រៀង​រាល់​ឆ្នាំក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​។


រូប​ផ្ដល់​ឱ្យ​ដោយ​ព្រះអង្គ អ៊ីន អូន គង្គ​នៅ​វត្តស្រះចក

ព្រះខន្តិកោសល  កេត  ណាវី  ព្រះលេខាធិការវត្តបទុមវតីរាជវរារាម បាន​មាន​ថេរដីកា​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​ថា វត្ត​របស់​ព្រះ​អង្គ តែង​យក​បបរ ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ជា​រៀង​រាល់​ថ្ងៃ​ ​នៃ​ថ្ងៃ​កាន់​បិណ្ឌ។ ព្រះ​អង្គ​ថា ក្នុង​វត្ត​បទុវតី មាន​ព្រះ​សង្ឃ​ចំនួន​៤៥១​អង្គ ដោយ​ក្នុង​១វេន ត្រូវ​ចម្អិន​​បបរ​ចំនួន​១២​ខ្ទះ​។ ក្នុង​១២​ខ្ទះ​នេះ វត្ត​បាន​ទុ​ក​១​ខ្ទះ​ សម្រាប់​ចែក​ជូន​ពុទ្ធបរិស័ទ​ ជា​អ្នក​ជំងឺ​នៅ​តាម​មន្ទីរ​ពេទ្យ និង​ទុរគត​ជន​។ 
 
ព្រះ​អង្គ​បន្ថែម​ដូច្នេះ​៖«​១​ថ្ងៃយើង​យក​ទៅ​បាន​​ប្របែល​​២​ខ្ទះ។ ១​ខ្ទះ​ជា​បបរ​ថ្មី ហើយ​១​ខ្ទះ​ទៀត គឺ​ជា​បបរ​សល់​ពី​ព្រះ​សង្ឃ ដែល​យើង​ប្រមូល​តាម​ឆ្នាំ​ង​។ ​យើង​សុំ​ម្ចាស់​វេន​គ្រប់​វេន ​ឱ្យ​គេ​ចម្អិន​បបរ​ឱ្យ​លើ​ស១​ខ្ទះ ដើម្បី​យើង​យក​ទៅ​ចែក​អ្នក​ជំងឺ​»។


 ព្រះខន្តិកោសល  កេត  ណាវី  រាប់​ពី​ស្ដាំទី៤ (រូប​ផ្ដល់​ឱ្យ​ដោយ ព្រះខន្តិកោសល  កេត  ណាវី  ព្រះលេខាធិការវត្តបទុមវតីរាជវរារាម

ចំណែក​នៅ​វត្ត​ ឧណ្ណាលោម​វិញ ក៏​បាន​យក​បបរ ទៅ​និង​ម្ហូប​អាហារ​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាដែរ​។ ព្រះ​អង្គ ញ៉េប តាត បាន​មាន​ថេរដីកាថា នៅ​មុន​ពេល​មាន​ជំងឺ​កូវីដ-១៩ វត្ត​ឧណ្ណាលោម ធ្លាប់​បាន​យក​បាយនិង​ម្ហូប​អាហារ រួម​ទាំង​​ផ្លែឈើ​​ទៅ​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​ស្ត្រី ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​ចាប់​តាំង​ពី​​ផ្ទុះ​ជំងឺ​កូវីដ រហូត​ដល់​បច្ចុប្បន្ន​ វត្ត​ពុំ​បាន​យក​​អាហារ​ទៅ​ទៀត​ទេ​។ ពុំ​បាន​យក​ទៅ​ ក៏​ព្រោះ​ពុទ្ធ​បរិស័ទ កាត់​បន្ថយ​ការ​ចំណាយ​ លើ​ចង្ហាន់​របស់​ព្រះ​សង្ឃ​។ 
 
ព្រះ​អង្គ ញ៉េប តាត ពន្យល់​«​មិន​មែន​មាន​តែ​វត្ត​ឧណ្ណាលោម​មួយ​ទេ មាន​វត្ត​បទុម វត្ត​មង្គល​វ័ន​ វត្ត​ស្រះចក អីហ្នឹង​ ទៅ​ច្រើន​វត្ត រួម​គ្នា​ដាក់អាហារ​តាម​​ឡាន ​ទៅពន្ធនាគារ​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ»​។ ប៉ុន្តែ​តាំង​ពី​កូវីដ​មក​ យើង​មិន​បាន​យក​ទៀត​ទេ​។ ពុទ្ធ​បរិស័ទ​មក​វត្ត​ច្រើន ប៉ុន្តែ​គាត់​កាត់​បន្ថយ​ការ​ចំណាយ ដូច្នេះ​អាហារ​ក៏​មិន​សូវ​សម្បូរ​»។


រូប​ផ្ដល់​ឱ្យ​ដោយ ព្រះខន្តិកោសល  កេត  ណាវី  ព្រះលេខាធិការវត្តបទុមវតីរាជវរារាម

ព្រះ​អង្គមាន​ថេរដី​កាបន្ថែម​​ថា ម្ហូប​អាហារ​ដែល​យក​ទៅ​ពន្ធនាគារ មាន​​មីសួរ​ ការី ចាប់​ឆាយ ហើយ​និង​ខជា​ដើម ដែល​ជា​ម្ហូប​អាហារ​ អាច​ទុក​បាន​យូរ​។ ក្នុង​ឆ្នាំ​នេះ​ ប្រសិន​ភ្ជុំ​ធំ​ វត្ត​របស់​ព្រះ​អង្គ​​មិន​បាន​យក អាហារ​​ទៅ​ពន្ធនាគារ ក៏វត្ត​​យក​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅជិត​​វត្ត​ភ្នំ​ដែរ។
 
ក្រៅ​ពី​ការ​ផ្ដល់​អាហារ​ទៅ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ វត្ត​ឧណ្ណាលោម ក៏​តែង​ផ្ដល់​អាហារ​ដល់​ក្មេង​ៗ​ខ្វះ​ខាត និង​ទុរគត​ជន​ដែរ។ ព្រះ​អង្គ​មាន​ថេរដី​កា​ថា ជា​រៀង​រាល់​ថ្ងៃ តែង​មាន​រ៉ឺម៉ក​កង់​បី ដឹង​ក្មេង​ៗ​មក​ដាក់​នៅ​វត្ត​ ដើម្បី​សុំ​ប្រាក់​ពី​ពុទ្ធបរិស័ទ និង​សុំ​អាហារ​យក​ទៅ​បរិភោគ​។
 
«​ជា​រៀង​រាល់​ថ្ងៃ មិន​ដឹង​ជា​យក​មក​ពី​ខាង​ណាខ្លះ​​ទេ ២រ៉ឺម៉ក​ឬ​៣​រ៉ឺម៉កកង់​បី​ យក​ក្មេង​ៗ​មក​។ ពេល​បាយ​ថ្ងៃ​ត្រង់​ហើយ មាន​អ្នកមក​ដឹក​យក​ទៅ​វិញ​។ អ្នក​ខ្លះ​ថា​មក​ពី​ស្ទឹង​មាន​ជ័យ អ្នក​ខ្លះ​ថា​មក​ពី​ទួល​សង្កែ​​។ អ្នក​ខ្លះ​គោល​បំណង​ដែល​យក​ក្មេង​ៗ​​មក​ដាក់​ក្នុង​វត្ត ដើម្បី​ដើរ​សុំ​ប្រាក់​ពី​ពុទ្ធ​បរិស័ទ ដែល​គាត់​មក​ធ្វើ​បុណ្យ​ក្នុង​វត្ត​។ ​ក្មេង​ៗ​ខ្លះ​ទៀត​ សុំ​ម្ហូប​អាហារ​យក​ទៅ​ផ្ទះ​ខ្លះ​ៗ ជា​ពិសេស​ថ្ងៃ​ត្រង់​។ ពេល​ព្រឹក​ក្មេង​ៗ​ហូប​នៅ​ទី​នេះ​តែ​ម្ដង​»។


 រូប​ផ្ដល់​ឱ្យ​ដោយ ព្រះខន្តិកោសល  កេត  ណាវី  ព្រះលេខាធិការវត្តបទុមវតីរាជវរារាម

រីឯវត្ត​ស្រះ​ចក ធ្លាប់​បាន​យក​បបរ​ទៅ​មន្ទីរ​ពេទ្យ​រុស្សី​ ពេទ្យព្រះ​​កេតុមាលា ពេទ្យ​គន្ធបុប្ផា និង​ពេទ្យ​គាំពារ​មាតា​និង​ទារក​។ ព្រះអង្គ អ៊ីន អូន មាន​ថេរដីកា​ថា មុន​កូវីដ​វត្ត​បាន​យក​បបរ​ ទៅ​ចែក​ដល់​អ្នក​ជំងឺ​​រាល់​ថ្ងៃ។ ប៉ុន្តែ​ក្រោយ​ពេល​កូវីដ វត្ត​យក​ទៅ​តែ​ថ្ងៃ​ណា ដែល​មាន​បបរ​ច្រើន​ប៉ុណ្ណោះ​។ 
 
ព្រះ​អង្គ​ អ៊ីន អូន បន្ថែម​ថា វត្ត​​តែង​ធ្វើ​បបរ​ថ្មី​មួយ​ខ្ទះ​ ជា​បបរ​ត្រី​ ដើម្បី​យក​ទៅ​ចែក​ដល់​អ្នក​ជំងឺ​។ ព្រះ​អង្គពន្យល់​ពី​មូល​ហេតុ​ ដែល​វត្ត​មិន​យក​បបរ​សាច់​ជ្រូក​ ទៅ​ផ្ដល់​ដល់​អ្នក​ជំងឺ​ដូច្នេះ​៖«យើង​ធ្វើ​បបរ​ត្រី​យក​ទៅ​ពេទ្យ ព្រោះ​បបរ​សាច់​ជ្រូក​ខ្លាច​អ្នក​ជំងឺ​ហូប​មិន​កើត។ អាហារ​ពេល​ថ្ងៃ​ចាត់​ចែង​ក្នុង​វត្ត​សឹង​មិន​គ្រប់ ព្រោះ​ព្រះ​សង្ឃ​ច្រើន​​។ ក្រោយ​កូវីដ ចង្ហាន់​មិន​សូវ​សម្បូរ​ទេ ប៉ុន្តែ​អាច​ទ្រទ្រង់​ចង្ហាន់​ព្រះ​សង្ឃ​បាន​»។


ព្រះ​អង្គ អ៊ីន អូន រាប់​ពីស្ដាំទី៣ (រូប​ផ្ដល់​ឱ្យ​ដោយ​ព្រះអង្គ អ៊ីន អូន គង្គ​នៅ​វត្តស្រះចក

សូម​បញ្ជាក់​ថា ពុំ​មែន​មាន​តែ​វត្ត​៣​ខាង​លើ​ប៉ុណ្ណោះ​ទេ ដែល​បាន​រៀប​ចំ​ចាត់ចែងបបរ​ ម្ហូប​​អាហារ​ ដែល​ពុទ្ធ​បរិស័ទ​យក​ទៅ​ប្រគេន ដើម្បី​ចែក​ជូន​ដល់​អ្នក​ជំងឺ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា និង​ដល់​ទុរគត​ជន ប៉ុន្តែ​ក៏​មាន​វត្ត​ជា​ច្រើន​ទៀត​ ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ធ្វើ​បែប​នេះ​ដែរ គ្រាន់​តែ​សារព័ត៌​មាន​ថ្មី​ៗ​ពុំ​បាន​សម្ភាស​។ 
 
រដូវ​កាល​ភ្ជុំ​បិណ្ឌ និង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ គឺ​ជា​ឱកាស​ធ្វើ​បុណ្យ​ទាន​ ​យ៉ាង​ទូលំ​ទូលាយ សម្រាប់​ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​កម្ពុជា​ ដ្បិត​អី​ទាន​ដែល​បរិស័ទ​យក​ទៅ​ប្រគេន​ព្រះសង្ឃ បាន​ហូរ​ចូល​ទៅ​ដល់​ទុរគត​ជន និង​ជន​​ខ្វះ​ចំណី​អាហារ​ជា​ច្រើន​៕ 


រូប​ផ្ដល់​ឱ្យ​ដោយ ព្រះខន្តិកោសល  កេត  ណាវី  ព្រះលេខាធិការវត្តបទុមវតីរាជវរារាម

Tag:
 សាសនា
  ភ្ជុំ​បិណ្ឌ​
  វត្ត
  អាហារ
  ទាន​
  មន្ទីរ​ពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com