អន្តរជាតិ
លោក ពូទីន ទៅកៀហ្ស៊ីស៊ីស្ថានក្នុងដំណើរក្រៅប្រទេសលើកដំបូង ក្រោយមានដីកាចាប់ខ្លួនពី ICC
12, Oct 2023 , 5:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចទៅកាន់កៀហ្ស៊ីស៊ីស្ថាននៅថ្ងៃទី១២ ខែតុលា​ដែល​ជា​ដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅក្រៅប្រទេសចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន។

 
លោក វ៉ា្លឌីមៀ ពូទីន កម្រធ្វើដំណើរទៅក្រៅប្រទេសចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ លើអ៊ុយក្រែននៅដើមឆ្នាំ២០២២។ លោករឹតតែមិនទៅណាចាប់តាំងពី ICC ចេញដីកាចាប់ខ្លួនកាល​ពី​ខែមីនាពីបទសង្ស័យថា បាននិរទេសកុមាររាប់រយនាក់ពីអ៊ុយក្រែនដោយខុសច្បាប់។
 
«តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថានលោក Sadyr Japarov នៅ​ថ្ងៃ​ទី១២ ខែតុលា ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចជាផ្លូវការទៅ​កាន់​ប្រទេស​នេះ»។ រដ្ឋបាលប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយបែបនេះនៅ​លើគេហទំព័ររបស់ខ្លួន។
 
ការិយាល័យប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបញ្ជាក់ផងដែរថា អំឡុងពេលនៅកៀហ្ស៊ីស៊ីស្ថាន លោក ពូទីន ក៏ត្រូវចូលរួមក្នុងពិធីរំលឹកដល់ខួបលើកទី២០ នៃការបើកមូលដ្ឋានទ័ពអាកាសនៅ Kant ដែល​ជាមូលដ្ឋានទ័ពអាកាសទី ៩៩៩ របស់កងកម្លាំងអាកាសរុស្ស៊ី។ មេដឹកនាំរុស្ស៊ី ក៏ចូលរួមក្នុង កិច្ច​ប្រជុំ​កំពូលនៃរដ្ឋឯករាជ្យ (CIS) នៅទីក្រុងប៊ីស្កេកនាថ្ងៃទី១៣ ខែតុលាដែរ។ CIS ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ចំណោមប្រទេសមួយចំនួនបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ។
 
នៅសប្ដាហ៍ក្រោយ មេដឹកនាំរុស្ស៊ីក៏គ្រោងនឹងធ្វើដំណើរទៅកាន់ចិនសម្រាប់វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នៅទីក្រុងប៉េកាំង។ 
 
ទាំងកៀហ្ស៊ីស៊ីស្ថាន និងចិនមិនមែនជាសមាជិក ICC ឡើយដែលធ្វើឱ្យតុលាការ​មួយ​នេះមិ​ន​អាច​ចាត់​យុត្តាធិការអ្វីនោះទេ។ ក្រុងមូស្គូ បដិសេធការចោទប្រកាន់របស់ ICC ហើយវិមានក្រេមឡាំងបញ្ជាក់ថា​ដីកានេះ​ជាព័ស្តុតាងនៃអរិភាពរបស់ប្រទេសលោកខាងលិចចំពោះរុស្ស៊ី។ រុស្ស៊ីក៏បានបើក សំណុំរឿង​ព្រហ្មទណ្ឌប្រឆាំងរដ្ឋអាជ្ញា ICC និងចៅក្រមដែលបានចេញដីកានោះ៕
 

Tag:
 រុស្ស៊ី
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com