FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ គ្រូអាហ្សង់ទីនថា Messi នៅតែស្ថិតក្នុងបញ្ហារបួស សម្រាប់ប្រកួតជម្រុះទល់ប៉ារ៉ាហ្កាយ
12, Oct 2023 , 5:59 pm        
រូបភាព
លោក Lionel Scaloni ថាប្រធានក្រុមអាហ្សង់ទីន Lionel Messi នៅតែស្ថិតក្នុងបញ្ហាមិនច្បាស់លាស់នៃរបួស សម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup 2026 ទល់នឹងក្រុមប៉ារ៉ាហ្កាយ។



Messi មានវត្តមាននៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ប្រកួត World Cup បើទោះជារូបគេស្ថិតក្នុងបញ្ហារបួសសាច់ដុំ រយៈពេលជាង ១ខែកន្លងមក។ បញ្ហារបួសនេះ ក៏បានធ្វើឱ្យMessi អវត្តមានជួយក្រុម Inter Miami រហូតក្រុមរបូតឱកាសប្រកួតប្រជែងទៅកាន់វគ្គ Playoffs នៃពានរង្វាន់ Major League Soccer។
 
លោក Scaloni ថាកីឡាករខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានចូលរួមហ្វឹកហាត់ជាមួយក្រុមម្ចាស់ជើងឯកអាហ្សង់ទីន ។
 
«សម្រាប់គេ ការហ្វឹកហាត់បន្ថែមមួយទៀតពិតជាសំខាន់ ហើយខ្ញុំនឹងជជែងជាមួយគេដើម្បីសម្រេចចិត្តថាគេអាចលេងបានឬអត់ ប៉ុន្តែខ្ញុំត្រូវតែនិយាយទៅកាន់រូបគេសិន ដើម្បីធានាថាតើរូបគេអាចលេងបានសម្រាប់ជម្រើសដំបូង។ យើងនឹងមានការប្រកួតនៅ ៤ថ្ងៃបន្ទាប់ដោយត្រូវប្រកួតទល់ប៉េរូ រឿងនេះមិនងាយស្រួលឡើយឡើយក្នុងការឱ្យរូបគេចូលលេងបាន រឿងដែលសំខាន់នោះគឺរូបគេត្រូវតែមានសុវត្ថិភាពនៃអារម្មណ៍របស់គេ អ្វីដែលធ្វើឱ្យយើងស្ងប់ចិត្តបាននោះគឺរូបគេ នៅមិនទាន់ជាសះស្បើយ យើងចង់ឱ្យគេបានជាសះស្បើយពេញលេញ យើងក៏ត្រៀមអ្នកជំនួសរួចរាល់ដូចគ្នា។»។ លោក Scaloni បាននិយាយបែបនេះ។
 
ក្រុមអាហ្សង់ទីនបច្ចុប្បន្នមិនមានវត្តមានកីឡាករខ្សែប្រយុទ្ធស្លាប Angel Di Maria និង Angel Correa ដែលអាចជំនួសតំណែងរបស់ Messi បានឡើយ ប៉ុន្តែមានកីឡាករ Paulo Dybala ដែលអាចនឹងមានវត្តមានត្រង់តំបន់របស់ Messi តែរូបគេក៏រងរបួសអំឡុងការប្រកួតឱ្យ AS Roma កាលពីសប្តាហ៍មុនដូចគ្នា។
 
អាហ្សង់ទីននឹងស្វាគមន៍ក្រុមប៉ារ៉ាហ្កាយ នាកីឡដ្ឋាន Estadio Monumental ក្នុងទីក្រុង Buenos Aires មុនពេលទៅជួបក្រុមប៉េរូនៅក្នុងទីក្រុង Lima នៅថ្ងៃទី១៧ ខែតុលា៕
 

Tag:
 World Cup
  អាហ្សង់ទីន
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com