ជាតិ
ដើមឈើជិត២ពាន់ដើមទៀតត្រូវបានដាំនៅតំបន់អង្គរ
12, Oct 2023 , 6:59 pm        
រូបភាព
សៀមរាប៖ ដើមឈើចម្រុះជិត២ពាន់ដើមទៀត ត្រូវបានដាំនៅក្នុងឧទ្យានអង្គរក្នុងគោលដៅ ដើម្បីឱ្យរមណីយដ្ឋានមួយនេះមានភាពបៃតង។

 
ដើមឈើសរុប១៩០០ដើម ត្រូវបានដាំក្នុងពិធីដាំកូនឈើរវាងអាជ្ញាធរជាតិអប្សរា និងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នាថ្ងៃទី១០ តុលា ដែលមានទីតាំងស្ថិតនៅខាងត្បូងកសិន្ធុអង្គរវត្ត។ 
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចាត់ទុកការចូលរួម​​របស់វិស័យឯកជននាពេលនេះ ថាជាការចូលរួមលើកកម្ពស់​វិស័យបេតិកភណ្ឌ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកស្រីបន្ថែមថា ការចូលរួមនេះ បានឆ្លុះបញ្ចាំងពីការចូលរួមអភិរក្សប្រាសាទ ហើយការដាំកូនឈើឡើងវិញ ជាផ្នែកមួយដ៏សំខាន់សម្រាប់កិច្ចការងារអភិរក្សតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ។ 
 
ជាមួយគ្នានេះលោកស្រីរដ្ឋមន្រ្តី​ បានលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការងារដាំកូនឈើ ធ្វើយ៉ាងណាដើម្បីបរិស្ថានតំបន់​រមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត។
 
ប្រធាននាយកប្រតិបត្តិធនាគារ CIMB  លោក ប៊ុន យីន បានលើកឡើងថា ធនាគារតែងធ្វើ សកម្មភាពលើការងារសង្គមជាច្រើន ក្នុងនោះបញ្ហាបរិស្ថានក៏បានចូលរួមច្រើនផងដែរ។ ក្រៅពីបរិស្ថាន ធនាគារនេះក៏ចូលរួមក្នុងការអប់រំ កីឡា និងសុខាភិបាលជាដើម។ 
 
គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលធនាគារ CIMB បានចូលរួមដាំដើមឈើនៅ​តំបន់រមណីយដ្ឋានអង្គរ ដែលលើកទី១ធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណខាងមុខប្រាសាទបន្ទាយក្តី ដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ ហើយលើកទី២នេះមានអ្នកចូលរួមជាង ២០០នាក់៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com