កីឡាអន្តរជាតិ
អន្តរជាតិ
ហេតុផលពីរយ៉ាងធ្វើឱ្យ Man Utd ជាប់គាំងទម្រង់លេងក្នុងរដូវកាលនេះ
12, Oct 2023 , 7:39 pm        
រូបភាព
ក្រុមបិសាចក្រហមឆ្លងកាត់ការប្រកួតយ៉ាងលំបាកលំបិននៅក្នុងរដូវកាលថ្មី ២០២៣-២៤ ។ ឆ្លងកាត់ការប្រកួតចំនួន ៧សប្តាហ៍នៃ Premier Leagea រកបានជ័យជម្នះ ៤លើក និងចាញ់ ៤លើក បានក្លាយជាកំណត់ត្រាអាក្រក់បំផុតរបស់ក្រុមជើងខ្លាំងមួយនេះ បើរាប់ចាប់តាំងពីឆ្នាំ ១៩៨៩-៩០។



ខុសពីរដូវកាល ២០២២-២៣ ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag ហាក់ធ្វើមិនបានល្អខ្លាំងឡើយ នៅពេលក្រុមបានយកឈ្នះការប្រកួតណាមួយ ។ ហេតុអ្វីបានជាក្រុម Manchester United ជាប់គាំងចំពោះបញ្ហាដដែលៗ នៅក្នុងក្រុមក្រោយពេលចាប់ផ្តើមការកសាងក្រុមល្អបានត្រឹមតែ ១ឆ្នាំ? 
 
អវត្តមានរបស់កីឡាករសំខាន់ៗ ផ្តល់ផលប៉ះពាល់ដល់ទម្រង់លេងក្រុមទាំងមូល

កន្លងមកក្រុមបិសាចក្រហមអវត្តមានកីឡាករសំខាន់ៗជាច្រើន និងសំខាន់ដូចជា Raphael Varane ក៏ដូចជា Luke Shaw ព្រោះតែបញ្ហារបួស ខណៈដែលក្រុមមានកីឡាករ Jadon Sancho និង Antony ជួបបញ្ហាផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់ក្រុម។ អវត្តមានខ្សែការពារ និងខ្សែប្រយុទ្ធសំខាន់ រុញច្រានឱ្យក្រុមបាត់បង់ទម្រង់លេងរឹងមាំនៅតំបន់ការពារ ព្រមទាំងតំបន់ប្រយុទ្ធគ្មានភាពមុតស្រួច។
 
ទោះបីជាបាននាំយកកីឡាករថ្មីមកចូលរួម ដូចជាកីឡាករខ្ចីជើង Sergio Reguilon ក្រោមលក្ខខណ្ឌខ្ចីជើង ប៉ុន្តែក៏មិនអាចជួយក្រុមបានច្រើនឱ្យល្អប្រសើរឡើងវិញឡើយ។
 
ការទម្លាក់ Sancho ចេញពីក្រុមក្រោយមានរឿងហេតុឈ្លោះប្រកែកជាមួយនឹងលោក Ten Hag ដែលជាគ្រូបង្វឹក កំពុងតែជះផលអាក្រក់ដល់អាជីពរបស់កីឡាករសញ្ជាតិអង់គ្លេស។ ចំណែក Antony មានបញ្ហារឿងអាស្រូវពីបទរំលោភផ្លូវភេទ និងប្រើហិង្សលើអតីតមិត្តស្រី និងមិត្តភក្កិរបស់នាង ហើយត្រូវបានក្លិបសម្រេចឱ្យផ្អាកពីក្រុមមួយរយៈ។
 
ជាលទ្ធផលការប្រកួតកន្លងមកក្រុម Man Utd រងបរាជ័យក្រោមថ្វីជើងក្រុមដូចជា Arsenal, Tottenham Hotspur, Brighton និង Crystal Palace ជាដើម ក្រោយគ្មានវត្តមានកីឡាករសំខាន់ៗសម្រាប់ប្រជែង។ បើទោះកីឡាករមួយចំនួនបានវិលត្រលប់ឡើងវិញ។
  


កីឡាករភាគច្រើនត្រូវបានប្រើប្រាស់ខុសពីទម្រង់លេងដើម ដែលពួកគេធ្លាប់បានបង្ហាញបានល្អខ្លាំង

ទម្រង់លេង ៤-២​-៣-១ របស់ក្រុម Man United ដែលលោក Ten Hag កំពុងប្រើហាក់មិនមានស្មារតីរួមមួយ ក៏ដូចជាទម្រង់លេងដ៏ពិសេសមួយឡើយ ក្នុងការយកឈ្នះការប្រកួត។ Bruno Fernandes ប្រធានក្រុមដែលធ្លាប់មានទម្រង់លេងល្អប្រសើរខ្លាំងនៅតំបន់បម្រើប្រយុទ្ធ ត្រូវបានផ្លាស់ឱ្យទៅលេងនៅតំបន់កណ្តាល នឹងបម្រើស្លាបសងខាង។ 
 
ចលនាផ្លាស់ប្តូរនៃទម្រង់លេង ដែលលេងក្នុងនាមជាកីឡាករដេញបាល់ បង្កើតឱកាសនៃការបញ្ជូនបាល់នៅតំបន់កណ្តាល Bruno ក៏មិនសូវជាធ្វើបានល្អខ្លាំង ដូចពេលដែលគេចូលមកកាន់ក្លិបដំបូងៗ ដោយគេបានលេងក្នុងនាមជាកីឡាករខ្សែបម្រើប្រយុទ្ធ នៅចំកណ្តាលពេញលេញតែម្តង។ ប៉ុន្តែមកដល់ពេលនេះរូបគេត្រូវបានឱ្យជំនួសត្រង់តំបន់ខ្សែបម្រើកណ្តាល ដោយការពារភាគច្រើន ក៏ដូចជាជួយនៅត្រង់តំបន់ស្លាបសងខាងនៃការប្រយុទ្ធ។
 
អវត្តមានរបស់ Antony បានរុញច្រានឱ្យ Rashford ផ្លាស់ទៅលេងនៅតំបន់ស្លាបស្តាំ ដោយអមការប្រយុទ្ធរបស់ខ្សែប្រយុទ្ធ ​Rasmus Hojlund  ខណៈដែលការបញ្ចប់ទីរបស់គេ មិនសូវបានច្បាស់លាស់ដូចខ្សែប្រយុទ្ធដទៃផ្សេងទៀត។ ជាកីឡាករមានធម្មជាតិពូកែជើងស្តាំ Rashford ពេលមានទម្រង់លេងខ្លាំងបំផុត រូបគេលេងនៅតំបន់ស្លាបខាងឆ្វេង ដោយតែងតែស្វែងរកការស៊ុតពីការញ៉ាក់បាល់ដ៏ល្អរបស់គេ និងបង្កើតឱកាសដល់មិត្តរួមក្រុមរបស់គេថែមទៀត។
 
មិនតែប៉ុណ្ណោះលោក Ten Hag បានប្តូរតំបន់លេងរបស់ Christian Eriksen ឬ Mason Mount ឱ្យទៅលេងនៅតំបន់ខ្សែបម្រើការពារ ជាមួយនឹង Casemiro ខុសពីទម្រង់ដើម ដែលកីឡាករទាំងនេះល្អក្នុងការបញ្ជូនបាល់ ក៏ដូចជាការស៊ុតបាល់ នៅតំបន់ខ្សែបម្រើប្រយុទ្ធដូចៗគ្នា។ Sofyan Amrabat ខ្សែបម្រើការពារអំឡុងនៅអ៊ីតាលី និងក្រុមជម្រើសជាតិម៉ារ៉ុក ត្រូវបានផ្លាស់ឱ្យទៅកាន់តំណែងខ្សែការពារស្លាបឆ្វេង។ ប៉ុន្តែនេះត្រឹមជាការចាប់ផ្តើមដំបូងរបស់គេប៉ុណ្ណោះ៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com