សេដ្ឋកិច្ច
អន្តរជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ ៖ ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល​បង្កហានិភ័យកំណើន​អតិផរណា
12, Oct 2023 , 8:59 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណត់ភាពទន់ខ្សោយសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលថាជាមូលហេតុដែលអាចកើតមាននៃការដាក់សម្ពាធអតិផរណាឲ្យកើនឡើង។

 
លោកស្រី Petya Koeva Brooks អនុប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ IMF បាននិយាយថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមានកម្រិតទាប និងមិនស្មើគ្នា ហើយមានហានិភ័យជាច្រើនចំពោះទស្សនវិស័យកំណើន។
 
នៅក្នុងរបាយការណ៍ស្តីពីទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃទី១០ខែតុលា IMF បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣ភាគរយនៅឆ្នាំនេះ ។ ប៉ុន្តែ IMF បានបន្ទាបការព្យាករកំណើនរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ មកត្រឹម ២,៩ភាគរយ។
 
បើតាមអ្នកស្រី Petya Koeva Brooks វាលឿនពេកក្នុងការកំណត់ពីផលប៉ះពាល់នៃ ជម្លោះ អ៊ីស្រាអែល-ហាម៉ាស ប៉ុន្តែ IMF កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តស្ថានភាពរបស់អ៊ីស្រាអែល ដើម្បីមើលថាតើស្ថានភាពជម្លោះនេះមានផលប៉ះពាល់ដល់អតិផរណាពិភពលោកឬយ៉ាងណា។
 
ហានិភ័យមួយទៀតចំពោះអតិផរណាគឺ ការប្រែប្រួលអាកាសធាតុ ដោយសារស្ថានភាពនេះបានក្លាយទៅជាបញ្ហាម៉ាក្រូសេដ្ឋកិច្ច។ អ្នកស្រីបន្តថា មានករណីជាច្រើនដែល IMF ត្រូវបន្ថយការព្យាករកំណើនសេដ្ឋកិច្ច ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត ឬព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុ។ នេះ​ជា​ហានិភ័យ​ធំ​ចំពោះ​តម្លៃ​ស្បៀង​អាហារ និង​សន្តិសុខ​ស្បៀង។
 
លើសពីនេះ IMF ជឿជាក់ថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកក៏រងផលប៉ះពាល់ដោយភាពទន់ខ្សោយរបស់ចិនផងដែរ ក្នុងបរិបទដែលប្រទេសនេះកំពុងដោះស្រាយវិបត្តិក្នុងវិស័យអចលនទ្រព្យ។
 
IMF បានបន្ទាបការព្យាករកំណើននៅឆ្នាំនេះសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមកត្រឹម ៥ភាគរយ ហើយបានកាត់បន្ថយការព្យាករសម្រាប់ឆ្នាំក្រោយមកត្រឹម ៤,២ភាគរយ ៕​
 

Tag:
 IMF
  អតិផរណា
  ហាម៉ាស
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com