សេដ្ឋកិច្ច
អន្តរជាតិ
តើគោលនយោបាយរូបិយវត្ថុជាអ្វី ?
12, Oct 2023 , 10:19 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ សំដៅលើឧបករណ៍ដែលរដ្ឋាភិបាលប្រទេសមួយប្រើដើម្បីមានឥទ្ធិពលលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយរូបិយវត្ថុផ្តោតសំខាន់ការគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់សរុបដែលកំពុងចរាចរ ហើយជាទូទៅត្រូវបានអនុវត្តដោយធនាគារកណ្តាល។ គោលនយោបាយសារពើពន្ធ សំដៅលើការប្រមូលពន្ធ និងការចំណាយរបស់រដ្ឋាភិបាល។

 
គោលនយោបាយរូបិយវត្ថុ(Monetary  Policy) គឺជាសំណុំនៃឧបករណ៍ដែលប្រើប្រាស់ដោយធនាគារកណ្តាលរបស់ប្រទេសមួយ ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ប្រាក់ទាំងមូល និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់យុទ្ធសាស្រ្តដូចជា កែសម្រួលអត្រាការប្រាក់ និងការផ្លាស់ប្តូរតម្រូវការទុនបម្រុងធនាគារជាដើម។
 
គោលនយោបាយរូបិយវត្ថុ គឺជាការគ្រប់គ្រងបរិមាណសាច់ប្រាក់ដែលមាននៅក្នុងសេដ្ឋកិច្ច និងបណ្តាញដែលប្រាក់ថ្មីត្រូវបានផ្គត់ផ្គង់។ ស្ថិតិក្នុងវិស័យសេដ្ឋកិច្ចជាច្រើនដូចជា ផលិតផលក្នុងស្រុកសរុប (GDP) អតិផរណា កំណើនឧស្សាហកម្ម និងវិស័យផ្សេងទៀតសុទ្ធតែរងឥទ្ធិពលពីយុទ្ធសាស្ត្រគោលនយោបាយរូបិយវត្ថុ។
 
គោលដៅនៃគោលនយោបាយរូបិយវត្ថុ 
 
គោលនយោបាយរូបិយវត្ថុត្រូវបានប្រើដើម្បីទប់ស្កាត់អតិផរណា និងកាត់បន្ថយកម្រិតនៃប្រាក់ដែលចរាចរនៅក្នុងសេដ្ឋកិច្ច។ គោលនយោបាយរូបិយវត្ថុដែលធូរលុង ជំរុញឲ្យមានសម្ពាធអតិផរណាកើនឡើង និងបង្កើនបរិមាណប្រាក់ក្នុងចរាចរ។ 
 
យ៉ាងណាមិញ គោលនយោបាយរូបិយវត្ថុធូរលុងអាចកាត់បន្ថយភាពអត្រាអត់ការងារធ្វើ ដោយសារការផ្គត់ផ្គង់ប្រាក់កាន់តែខ្ពស់ និងអត្រាការប្រាក់ដ៏ទាក់ទាញជំរុញសកម្មភាពអាជីវកម្ម និងការពង្រីកទីផ្សារការងារ។
 
លើសពីនេះ អត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេសអាចរងផលប៉ះពាល់ដោយសារគោលនយោបាយរូបិយវត្ថុ។ កាលណាការផ្គត់ផ្គង់ប្រាក់រូបិយប័ណ្ណក្នុងស្រុកច្រើនលើសលប់ នឹងធ្វើឲ្យរូបិយប័ណ្ណក្នុងស្រុបមានតម្លៃថោកនៅពេលប្តូរជាមួយរូបិយប័ណ្ណបរទេស។
 
ប្រភេទនៃគោលនយោបាយរូបិយវត្ថុ 
 
គោលនយោបាយរូបិយវត្ថុចែកចេញជាពីរប្រភេទគឺ 
 
គោលនយោបាយរូបិយវត្ថុពង្រីក ៖ សំដៅលើការបង្កើនបរិមាណផ្គត់ផ្គង់រូបិយវត្ថុសរុប។ វាបានប្រើដោយធនាគារកណ្ដាលដើម្បីចៀសវាងវិបត្តិសេដ្ឋកិច្ច និងគ្រប់គ្រងភាពគ្មានការងារធ្វើ។ ធនាគារផ្ដល់នូវប្រាក់កម្ចីកាន់តែមានតម្លៃសមរម្យ និងកំណត់អត្រាការប្រាក់ទាប អាជីវកម្មអាចខ្ចីប្រាក់បន្ថែមបានច្រើនដើម្បីចំណាយលើបុគ្គលិក ពង្រីកការចំណាយ និងទិញសម្ភារៈផ្សេងៗ ។ ម៉្យាងវិញទៀត ប្រជាជនអាចទិញរថយន្តថ្មី គ្រឿងសម្ភារៈប្រើប្រាស់ និងគេហដ្ឋាននឹងកើន ពេលនោះនឹងជំរុញសេដ្ឋកិច្ច និងតម្រូវការកើនឡើង។ 
 
គោលនយោបាយរូបិយវត្ថុពង្រីកមានគោលបំណងបង្កើនការផ្គត់ផ្គង់ រូបិយវត្ថុ និងទិញមូលបត្របំណុលរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាការប្រាក់ និងកាត់បន្ថយទុនបម្រុងកាតព្វកិច្ច។ វាជំរុញកំណើនអាជីវកម្ម និងកាត់បន្ថយអត្រាអនិកម្មភាព។ គោលបំណងនៃគោលនយោបាយពង្រីក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចហើយ ពេលខ្លះវាអាចបណ្ដាលឱ្យមានអតិផរណាខ្ពស់។ 
 
គោលនយោបាយរូបិយវត្ថុបង្រួម ៖ សំដៅលើការបន្ថយបរិមាណការផ្គត់ផ្គង់រូបិយវត្ថុ។ វាបានប្រើដោយធនាគារកណ្តាលដើម្បីគ្រប់គ្រងអតិផរណា។ គោលនយោបាយនេះ កំណត់បរិមាណរូបិយវត្ថុដែលអាចខ្ទីដោយធនាគារដើម្បីគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុ។ ជាលទ្ធផល ធនាគារផ្តល់នូវប្រាក់កម្ចីកាន់តែថ្លៃជាងមុន ដោយគិតអត្រាការប្រាក់កាន់តែខ្ពស់ជាង។ 
 
គោលនយោបាយរូបិយវត្ថុបង្រួមមានគោលបំណងកាត់បន្ថយការផ្គត់ផ្គង់ រូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច។ នេះអាចត្រូវបានធ្វើដោយការបង្កើនអត្រាការប្រាក់លើការលក់ មូលបត្របំណុលរដ្ឋាភិបាល ឬបង្កើនទុនបម្រុងកាតព្វកិច្ច។ គោលនយោបាយនេះប្រើនៅពេលរដ្ឋាភិបាលចង់គ្រប់គ្រងកម្រិតអតិផរណា៕
 

Tag:
 គោលនយោបាយរូបិយវត្ថុ
  Monetary Policy
 គោលនយោបាយសារពើពន្ធ
  Fiscal Policy
© រក្សាសិទ្ធិដោយ thmeythmey.com