ជាតិ
មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ណែនាំឱ្យរឹតបន្តឹងការនាំចូលសត្វ ក្រោយក្មេងស្រីម្នាក់ស្លាប់ដោយសារផ្ដាសាយបក្សី
12, Oct 2023 , 3:39 pm        
រូបភាព
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចេញវិធានការណែនាំដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្ដាសាយបក្សី ក្រោយមានករណីក្មេងស្រីអាយុ២ឆ្នាំម្នាក់ បាត់បង់ជីវិតដោយសារជំងឺនេះ កាលពីពេលថ្មីៗនេះ។ ក្មេងស្រីរងគ្រោះនេះ រស់នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ។



ដោយសារតែមានទីតាំងជាប់ប្រទល់ខេត្តគ្នានេះហើយ ទើបមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចេញសេចក្តីណែនាំមួយ នៅថ្ងៃទី១២ តុលា ឱ្យការិយាល័យផលិតកម្ម និងបសុសត្វព្យាបាល សហការជាមួយអាជ្ញាធរឃុំ ស្រុក និងមន្ត្រីពាក់ព័ន្ធ រឹតបន្តឹងការនាំចូលសត្វពីខាងក្រៅខេត្ត។ ជាពិសេសត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃជំងឺផ្ដាសាយបក្សីនេះ។
 
មិនតែប៉ុណ្ណោះ ម្ចាស់អាជីវកម្ម និងក្រុមហ៊ុន ដែលរកស៊ីពាក់ព័ន្ធនឹងសត្វ ឬផលិតផលពីសត្វ ត្រូវមានលិខិតអនុញ្ញាតពីការដឹកជញ្ជូន ឬវិញ្ញាបនបត្របញ្ជាក់អនាម័យសត្វ និងផលិតឱ្យបានត្រឹមត្រូវ។ ចំណែកប្រជាពលរដ្ឋដែលប៉ះពាល់សត្វហើយ ត្រូវលាងដៃនឹងសាប៊ូ មុនពេលបរិភោគអាហារ ។ មួយវិញទៀត នៅពេលឃើញបក្សីឈឺ ឬងាប់នោះ មិនត្រូវយកទៅបរិភោគជាដាច់ខាត ហើយត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ។ នេះបើតាមការណែនាំរបស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។
 
កាលពីថ្ងៃទី៨ តុលា ក៏មានបុរសវ័យ ៥០ឆ្នាំម្នាក់ រស់នៅឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1) ដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
 
 

Tag:
 កសិកម្ម
  ផ្ដាសាយបក្សី
© រក្សាសិទ្ធិដោយ thmeythmey.com