ជាតិ
កម្មការិនីកាត់ដេរនៅស្វាយរៀង ត្អូញត្អែរ ពីជីវភាពខ្វះខាត នារដូវបុណ្យទាន
13, Oct 2023 , 2:00 pm        
រូបភាព
កម្មកររោងចក្រកាត់ដេរ។
កម្មកររោងចក្រកាត់ដេរ។
ស្វាយរៀង៖ កម្មការិនី២នាក់អះអាងថា ពួកគេប្រឹងក្បិតក្បៀត លើការចាយវាយប្រចាំថ្ងៃណាស់ ដោយទិញបាយមួយពេល ប្រមាណ២ពាន់ទៅ៣ពាន់រៀលប៉ុណ្ណោះ ទើបអាចសល់ប្រាក់បន្តិចបន្តួច  សម្រាប់រដូវការបុណ្យទានធំៗម្ដងៗ។ ដូច្នេះ ទើបពួកគេ ចង់ឱ្យមានប្រាក់ឧបត្ថម្ភ សម្រាប់កម្មករអំឡុងពេលបុណ្យទាន ដើម្បីសម្រួលជីវភាព។

 

សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយកម្មការិនី៖ 

 
កញ្ញា ណូយ សន ដែលជាកម្មករកាត់ដេរក្នុងខេត្តស្វាយរៀង ទទួលបានប្រាក់ឈ្នួលប្រមាណ២៦០ ក្នុងមួយខែ ដោយគិតទាំងការបន្ថែមម៉ោងកាត់ដេរដល់់ពេលយប់។ ចំនួននេះ ពុំអាចឱ្យកញ្ញា សល់ប្រាក់ ដើម្បីទុកសន្សំឡើយ ព្រោះមានម្ដាយវ័យ៧៥ឆ្នាំ នៅក្នុងបន្ទុក ហើយក៏ត្រូវបង់បំណុលប្រចាំខែផងដែរ។ 
 
«ការចាយវាយរបស់ខ្ញុំ ស្ទើរតែមិនគ្រប់ ព្រោះខ្ញុំជាប់បំណុលធនាគារ ហើយខ្ញុំត្រូវផ្គត់ផ្គង់គ្រួសារទៀត ព្រោះខ្ញុំមានម្ដាយចាស់ជរា»។ កម្មការិនី ណូយ សន ត្អូញត្អែរបែបនេះ ហើយរៀបរាប់បន្តថា ក្នុងមួយខែ កញ្ញា ត្រូវចំណាយអស់២០ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរតាមរថយន្តទៅកន្លែងការងារ។ សម្រាប់អាហារប្រចាំថ្លៃ កញ្ញា សន ហ៊ានចំណាយត្រឹម២ពាន់ទៅ៣ពាន់រៀលប៉ុណ្ណោះ។ 
 
ចំណែក កម្មការិនីម្នាក់ទៀត អ្នកស្រី ហ៊ុត សុភាព ក៏ក្បិតក្បៀតណាស់ដែរ ដោយសារអ្នកស្រី មានកូនតូចពីរនាក់ ដែលស្ថិតក្នុងវ័យសិក្សា។ ក្នុងមួយខែៗ អ្នកស្រីត្រូវចំណាយលើការសិក្សារបស់កូនៗ អស់ប្រមាណ១០០ដុល្លារ ខណៈប្រាក់ខែអ្នកស្រី បានប្រមាណ២៨០ដុល្លារប៉ុណ្ណោះ។ កម្មការិនីរូបនេះ ក៏ជាប់បំណុល ត្រូវបង់១០០ដុល្លារក្នុងមួយខែផងដែរ។ ក្រៅពីនេះ អ្នកស្រី ចំណាយលើមធ្យោបាយធ្វើដំណើរទៅធ្វើការងារអស់២៥ដុល្លារ។ 
 
«រាល់ថ្ងៃក្នុងគ្រួសារ ខ្ញុំចំណាយលើម្ហូបអាហារជាមធ្យមប្រមាណ១៥០០០រៀល…ដូច្នេះ រដូវបុណ្យទានម្ដងៗ គឺអាចនឹងខ្ចីប្រាក់គេបន្ថែម ព្រោះបុណ្យទានម្ដងៗត្រូវចំណាយច្រើន»។ នេះបើតាម កម្មការិនី សុភាព លើកឡើង។ 
 
ហេតុនេះ កម្មការិនី ទាំងពីរស្នើឱ្យ រដ្ឋាភិបាល និយោជក និងអ្នកពាក់ព័ន្ធ ជួយឧបត្ថម្ភប្រាក់ដល់កម្មករអំឡុងពេលមានបុណ្យទាន ដើម្បីជួយសម្រាលបន្ទុក និងបានសម្រាកធ្វើបុណ្យទានដោយសប្បាយចិត្ត។ បើពុំដូច្នេះទេ ពួកគេអះអាងថា អាចនឹងប្រឈមការជាប់បំណុលកាន់តែច្រើនឡើង៕ 

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com