កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋានចំនួន ១០ នៃចក្រភពអង់គ្លេស-អៀរឡង់ ត្រៀមរៀបចំការប្រកួតពានរង្វាន់ Euro 2028
13, Oct 2023 , 9:00 pm        
រូបភាព
ប្រទេសនៃចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់ UEFA Euro 2028 នៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ក្នុងប្រទេសស្វ៊ីស។ កីឡដ្ឋានចំនួន ១០ មកពីប្រទេសដែលស្ថិតក្នុងចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ត្រៀមខ្លួនរៀបចំការប្រកួត ដោយកីឡដ្ឋាន Wembley នឹងត្រូវរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រសារជាថ្មី។



ការដេញថ្លៃរបស់ប្រទេសទាំងប្រាំ ដែលរួមមានអង់គ្លេស, ស្កុតឡែន, វែលស៍, អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ត្រូវបានយលព្រមពីសំណាក់ UEFA បន្ទាប់ពីប្រទេសតួកគីបានដកខ្លួនចេញពីដំណើរដេញថ្លៃកាលពីសប្តាហ៍មុន។
 
ប្រទេសតួកគី បានបង្វែរចំណាប់អារម្មណ៍សម្រាប់ការដេញថ្លៃ ដោយរួមបញ្ចូលគ្នាក្នុងការដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ Euro 2032 របស់ពួកគេ ជាមួយនឹងប្រទេសអ៊ីតាលី ក្នុងនាមជាសហម្ចាស់ផ្ទះ។​ ការដេញនេះក៏ត្រូវបាន UEFA សម្រេចយល់ព្រមដូចគ្នា។
 
«ទាំងនេះគឺជាពេលវេលាដ៏គួរឱ្យរំភើប ហើយយើងមានសំណើរសម្រាប់ Euro 2028 ដ៏គួរឱ្យទាក់ទាញសម្រាប់ UEFA។ ការដេញថ្លៃរបស់យើងនឹងមានភាពអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ Euros របស់ក្រុមបុរស ហើយនឹងផ្តល់នូវកេរ្តិ៍ឈ្មោះដ៏យូអង្វែងនៅទូទាំងចក្រភពអង់គ្លេស និងអៀរឡង់ទាំងមូល។«។​ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធបាល់ទាត់ប្រទេសទាំង ៥។
 
ការប្រកួត Euro 2028 នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋានចំនួន ១០ផ្សេងគ្នា នៅទូទាំងប្រទេសទាំង ៥ នៃចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់។ ក្នុងចំណោមប្រទេសទាំង ៥ មានប្រទេសសាធារណរដ្ឋអៀរឡង់ អៀរឡង់ខាងជើង និងវែលស៍ មិនដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់បាល់ទាត់អឺរ៉ុបឡើយ។
 
សម្រាប់កីឡដ្ឋាន Wembley ត្រូវបានគេរំពឹងថានឹងអាចក្លាយជាទីកន្លែងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2028 ដោយកីឡដ្ឋានដ៏ធំប្រចាំប្រទេសអង់គ្លេសអាចផ្ទុកអ្នកទស្សនាជាង ៩ម៉ឺននាក់ បន្ទាប់ពីភាពវឹកវរជុំវិញការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Euro 2020 វគ្គផ្តាច់ព្រ័ត្រ។
 
ខាងក្រោមនេះគឺជាកីឡដ្ឋានចំនួន ១០ នៃចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ដែលនឹងអាចរៀបចំការប្រកួត Euro 2028 ៖

1 កីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ផ្ទុកមនុស្ស ៩០,៦៥២នាក់។
2 កីឡដ្ឋាន Principality ទីក្រុង Cardiff ប្រទេសវែលស៍ ផ្ទុកមនុស្ស ៧៣,៩៥២នាក់។
3 កីឡដ្ឋាន Tottenham Hotspur ទីក្រុងឡុងដ៍ ផ្ទុកមនុស្ស ៦២,៣២២នាក់។
4 កីឡដ្ឋាន Etihad ទីក្រុង Manchester ផ្ទុកមនុស្ស ៦១,០០០នាក់។
5 កីឡដ្ឋាន Everton ទីក្រុង Liverpool ផ្ទុកមនុស្ស ៥២,៦៧៩នាក់។
6 កីឡដ្ឋាន St James Park ទីក្រុង Newcastle ផ្ទុកមនុស្ស ៥២,៣០៥នាក់។
7 កីឡដ្ឋាន Villa Park ទីក្រុង Birmingham ផ្ទុកមនុស្ស ៥២,១៩០នាក់។
8 កីឡដ្ឋាន Hampden Park ទីក្រុង Glasgow ប្រទេសស្កុតឡែន ផ្ទុកមនុស្ស ៥២​,០៣២នាក់។
9 កីឡដ្ឋាន Aviva ទីក្រុង Dublin សាធារណរដ្ឋអៀរឡង់ ផ្ទុកមនុស្សបាន ៥១,៧១១នាក់។
​​10 កីឡដ្ឋាន Casement park ទីក្រុង ​Belfast ប្រទេសអៀរឡង់ខាងជើង ផ្ទុកមនុស្ស ៣៤,៥០០នាក់។

Tag:
 (Euro 2028
  UEFA)
© រក្សាសិទ្ធិដោយ thmeythmey.com