សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ៊ីស្រាអែលគ្រោងចំណាយ ៦ពាន់លានដុល្លារដើម្បីធានារ៉ាប់រងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក
13, Oct 2023 , 4:30 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ពិភពលោកជាច្រើនបានលុបចោលជើងហោះហើរទៅកាន់ទីក្រុង Tel Aviv ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែលចំនួនបីនៅតែរក្សាប្រតិបត្តិការហោះហើរ។ អ៊ីស្រាអែលគ្រោងចំណាយ៦ពាន់លានដុល្លារ ដើម្បីធានារ៉ាប់រងការខាតចំណូលរបស់ក្រុមហ៊ុនទាំងនេះ។

 
 
នៅថ្ងៃទី១២ ខែតុលា ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានអនុម័តផែនការផ្តល់ការធានារបស់រដ្ឋមានតម្លៃ ៦ពាន់លានដុល្លារដើម្បីរក្សាកិច្ចសន្យាធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅចំពោះមុខហានិភ័យក្នុងបរិបទនៃជម្លោះហាម៉ាស-អ៊ីស្រាអែល។ យន្តការធានានេះនឹងជួយធានាថាប្រតិបត្តិការអាកាសចរណ៍នៅអ៊ីស្រាអែលមិនត្រូវបានរំខាន។ 
 
ដោយសារតែការផ្ទុះឡើងនៃជម្លោះរវាងកងកម្លាំងហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល ក្រុមហ៊ុនធានារ៉ាប់រងរបស់ក្រុមហ៊ុនអាកាសចរណ៍ El Al Airlines, Israir និង Arkia បាននិយាយថា បទប្បញ្ញត្តិនៃកិច្ចសន្យារបស់ពួកគេចែងថាក្នុងអំឡុងពេលមានជម្លោះ ក្រុមហ៊ុនធានារ៉ាប់រងមានសិទ្ធិលុបចោលកិច្ចសន្យាធានារ៉ាប់រងក្នុងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃ កាលបរិច្ឆេទនៃការជូនដំណឹង។
 
ដូច្នេះក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានស្វែងរកការធានាពីរដ្ឋ ប៉ុន្តែផែនការនេះចាំបាច់ត្រូវអនុម័តដោយសភា។
 
ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ពិភពលោកជាច្រើនបានលុបចោលជើងហោះហើរទៅកាន់ទីក្រុង Tel Aviv ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែលទាំងបីខាងលើនៅតែរក្សាប្រតិបត្តិការហោះហើរ ព្រមទាំងបង្កើនចំនួនជើងហោះហើរដើម្បីនាំពលរដ្ឋអ៊ីស្រាអែលត្រឡប់ទៅផ្ទះវិញ។
 
នាថ្ងៃដដែល រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល Bezalel Smotrich និងទេសាភិបាលធនាគារកណ្តាល Amir Yaron បានជួបប្រជុំគ្នានៅទីក្រុងហ្ស៊េរុយសាឡិមដើម្បីវាយតម្លៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសបន្ទាប់ពីមានជម្លោះហាម៉ាស-អ៊ីស្រាអែល។
 
ចាប់តាំងពីជម្លោះហាម៉ាស-អ៊ីស្រាអែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន មន្ត្រីមកពីក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលអ៊ីស្រាអែលបានជួបប្រជុំគ្នាជាច្រើនដងដើម្បីបន្តអនុវត្តការងារនេះជាប្រចាំ៕

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  អាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com