សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន WM Motor ​បាន​ដាក់​ពាក្យ​ក្ស័យ​ធន
13, Oct 2023 , 10:20 pm        
រូបភាព
រថយន្តអគ្គិសនី EX5 របស់ WM Motor ។ រូបភាព Reuters
រថយន្តអគ្គិសនី EX5 របស់ WM Motor ។ រូបភាព Reuters
ក្រោយពីការដកហូតទុនវិនិយោគចំនួន២,០២ពាន់លានដុល្លារ  WM Motor ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយចិន បានដាក់ពាក្យសុំក្ស័យធននៅក្នុងតុលាការទីក្រុងសៀងហៃ។
 
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន WM Motor បានដាក់ពាក្យសុំក្ស័យធនដែលបង្ហាញពីការធ្លាក់ចុះនៃអាជីវកម្មធុនមធ្យមនៅទីផ្សារនេះ។ ការក្ស័យធននេះ កើតឡើងតែមួយខែក្រោយក្រុមហ៊ុនវិនិយោគ Apollo Future Mobility Group បានដកខ្លួនចេញពីការទិញ WM Motor ក្នុងតម្លៃ ២,០២ពាន់លានដុល្លារ ដោយសំអាងថា ទីផ្សារហិរញ្ញវត្ថុមិនស្ថិតស្ថេរ និងការងើបឡើងវិញដោយមិនមានតុល្យភាពនៃសេដ្ឋកិច្ចចិន។
 
ក្រុមហ៊ុន WM Motor បានក្ស័យធនស្របពេលមានការប្រជែងតម្លៃនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​តូច​ត្រូវ​ធ្លាក់​ចេញ​ពី​ទីផ្សារ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ធំៗ​ប្រជែង​គ្នា​ដើម្បី​កាត់​បន្ថយ​តម្លៃ។ គ្រាន់តែក្រុមហ៊ុន BYD  មានចំណែកទីផ្សាររថយន្តអគ្គិសនីច្រើនជាង ៣០ភាគរយនៅចិន។
 
WM Motor ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយ Freeman Shen ដែលជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Zhejiang Geely ក្រុមហ៊ុននេះធ្លាប់បានគេចាត់ទុកថាជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ជោគជ័យមួយនៅចិន រួមជាមួយនឹង Nio, Li Auto និង Xpeng ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Baidu និង Tencent Holdings សុទ្ធតែស្ថិតក្នុងចំណោមការវិនិយោគរបស់ WM Motor ។
 
យ៉ាងណាមិញ ការចាប់ផ្តើមអាជីវកម្មនេះមិនទាន់អាចរកប្រាក់ចំណេញក្នុងវិស័យដែលត្រូវការដើមទុនច្រើនដូចជារថយន្តជាដើម។ ក្រុមហ៊ុន WM Motor បានកត់ត្រាការខាតបង់ទ្វេដងក្នុងរយៈពេល ៣ឆ្នាំ ដល់ ៨,២ពាន់លានយ័ន (១,១៣ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២១។
 
WM Motor បានលក់រថយន្ត SUV អគ្គិសនីចំនួន៣៥ពាន់គ្រឿងក្នុងឆ្នាំ ២០២១។ បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវនិងបច្ចេកវិទ្យារថយន្តចិន តួលេខលក់សម្រាប់ឆ្នាំ ២០២២មានចំនួនប្រហាក់ប្រហែលគ្នា។ ប៉ុន្តែ​​រយៈពេល៨ ខែ​ឆ្នាំ​២០២៣ ក្រុមហ៊ុនលក់​បាន​តែ​ជិត១៤០០គ្រឿង​ប៉ុណ្ណោះ។
 
WM Motor គ្រោងនឹងបញ្ចេញ M7 EV នៅឆ្នាំនេះ។ នេះ​នឹង​ជា​គំរូ​រថយន្ត​ទី ៥ របស់​ក្រុមហ៊ុន​នៅលើ​ទីផ្សារ។ ទោះយ៉ាងណាក៏ដោយ វាមិនបានបង្ហាញរូបរាងទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិក បិទរោងចក្រ និងកាត់បន្ថយសេវាកម្មក្រោយការលក់។
 
ការ​លក់​រថយន្ត​ដឹក​អ្នក​ដំណើរ​នៅ​ចិន​បាន​កើន​ឡើង​ម្តង​ទៀត​ក្នុង​ខែ​សីហា ដោយ​បញ្ចប់​ការ​ធ្លាក់​ចុះ​យ៉ាង​យូរ​ពី​ខែ​ឧសភា​ដល់​ខែកក្កដា។​ នេះ​ជា​លទ្ធផល​នៃ​ក្រុមហ៊ុន​ផលិតបាន​បញ្ចុះ​តម្លៃ ហើយ​រដ្ឋាភិបាល​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ពន្ធ​សម្រាប់​រថយន្ត​អគ្គិសនី ។ យ៉ាងណា មនុស្សជាច្រើននៅតែព្រួយបារម្ភថា ការចំណាយលើផលិតផលដែលមានតម្លៃខ្ពស់នៅចិននឹងធ្លាក់ចុះ ដោយសារសេដ្ឋកិច្ចនៅតែជួបការលំបាកក្រោយជំងឺកូវីដ-១៩៕ 
 

Tag:
 រថយន្ត​អគ្គិសនី
  ចិន​
  WM Motor
© រក្សាសិទ្ធិដោយ thmeythmey.com