សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទុរេនស្រស់ម៉ាឡេស៊ីនឹងនាំចូលទីផ្សារចិននៅឆ្នាំក្រោយ
13, Oct 2023 , 6:30 pm        
រូបភាព
ការដាក់លក់ទុរេននៅចិន ។ រូបភាព ៖ He Huifeng
ការដាក់លក់ទុរេននៅចិន ។ រូបភាព ៖ He Huifeng
បន្ទាប់​ពី​​ថៃ វៀតណាម និង​ហ្វីលីពីន ម៉ាឡេស៊ី​អាច​នឹងនាំ​ចេញ​ទុរេន​ស្រស់​របស់ខ្លួនទៅទីផ្សារ​ចិន​នៅ​ឆ្នាំ​ក្រោយ។

 
មន្ត្រី​ចិន​និង​ម៉ាឡេស៊ី​កំពុង​ចរចា​ដើម្បី​បើក​ទីផ្សារ​ទុរេន​ស្រស់​ ខណៈ​តម្រូវការ​ផ្លែ​ឈើ​កើនឡើង។ លោក Chan Foong Hin អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីបាននិយាយថា មន្ត្រីជំនាញពាក់ព័ន្ធបានជួបជាមួយគណៈប្រតិភូគយចិនកាលពីថ្ងៃទី៥ ខែតុលា ហើយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចំនួន ៦ចំណុចទាក់ទងនឹងផ្លែទុរេន។
 
ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមមានភាគីចិនបានយល់ព្រមក្នុងការពន្លឿនការវាយតម្លៃហានិភ័យនៃទុរេនស្រស់របស់ម៉ាឡេស៊ី ហើយភាគីទាំងពីរនឹងសហការគ្នាដើម្បីលើកកម្ពស់ការងារដាក់ឱ្យនៅដោយឡែកនៃការត្រួតពិនិត្យ។ ក្រសួងកសិកម្មម៉ាឡេស៊ីសង្ឃឹមថា ចិននឹងអនុម័តការនាំចូលទុរេនស្រស់របស់ខ្លួននៅឆ្នាំក្រោយ។
 
ចិនបាននាំចូលទុរេនកែច្នៃពីម៉ាឡេស៊ីតាំងពីឆ្នាំ ២០១៧ ។ ការទទួលបានអាជ្ញាប័ណ្ណនាំចេញផ្លែឈើស្រស់នឹងជួយម៉ាឡេស៊ីកាន់តែប្រជែងជាមួយថៃ ដែលជាប្រទេសនាំចេញ ៩៩ភាគរយចូលទៅក្នុងទីផ្សាររបស់ចិនតម្លៃ ៤ពាន់លានដុល្លារ។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​ពីរ​ផ្សេង​ទៀត​ក៏​កំពុង​នាំ​ចេញ​ទុរេន​ស្រស់​ទៅចិនដែរគឺ​ហ្វីលីពីន និង​វៀតណាម។
 
លោក Song Seng Wun ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន CGS-CIMB Securities បាននិយាយថា ការមានការផ្គត់ផ្គង់កាន់តែច្រើនពីប្រទេសថ្មីនេះ នឹងជួយទីផ្សារចិនកាន់តែមានស្ថិរភាព ដោយសារតែតម្រូវការនៅតែមានកម្រិតខ្ពស់។ អ្នក​ខ្លះ​ក៏​ទិញ​ផ្លែ​ឈើ​ដ៏​ថ្លៃ​នេះ​ទុក​ជា​កាដូ​ក្នុង​ពេល​ភ្ជាប់​ពាក្យ និង​ពិធី​មង្គលការ។
 
ទុរេន​ល្បី​បំផុត​របស់​ម៉ាឡេស៊ី​គឺ​ពូជ Musang King ដែល​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ជនជាតិ​ចិន។ អតិថិជនមួយចំនួនបានប្រដូចវាទៅនឹងទុរេន Hermes ។ លោក Simon Chin ស្ថាបនិកក្រុមហ៊ុននាំចេញរបស់ម៉ាឡេស៊ី Dking បានឲ្យដឹងថា អំណាចទិញរបស់ចិននឹងជួយឱ្យការលក់របស់ក្រុមហ៊ុនកើនឡើងយ៉ាងឆាប់រហ័ស។ លោក​បាន​បន្ត​ថា​៖ «​បន្ទាប់​ពី​បាន​សាក​ល្បង Musang King ពួក​គេ​នឹង​ស្គាល់​រសជាតិ និង​គុណភាពកាន់តែច្បាស់»។
 
បន្ទាប់ពីការដាំដុះអស់រយៈពេលជាង ៤ឆ្នាំមក ចិនបានប្រមូលផលទុរេនក្នុងស្រុកជាលើកដំបូងនៅឆ្នាំនេះ ដោយបានលក់ ៥០តោនក្នុងខែមិថុនា។ ការនេះអាចរំខានដល់ការនាំចូលពីប្រទេសដៃគូកន្លងមក។ 
 
យោងតាមទីភ្នាក់ងារស្ថិតិរបស់ម៉ាឡេស៊ី ប្រទេសនេះផលិតទុរេនបានជាង ៣០០ពាន់តោនក្នុងមួយឆ្នាំៗ ដែលភាគច្រើនបម្រើអ្នកប្រើប្រាស់ក្នុងស្រុក៕​

Tag:
 ទុរេន
  ម៉ាឡេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com