ជាតិ
ងារឧកញ៉ា នឹងត្រូវដកវិញ បើរកឃើញថាជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងមិនបង់វិភាគទាន៣ឆ្នាំ
13, Oct 2023 , 4:15 pm        
រូបភាព
ភ្នំពេញ៖ អ្នកមានងារ​  ឧកញ៉ា នឹងត្រូវបញ្ចប់គោរមងារឧកញ៉វិញ បើរកឃើញថា មានប្រព្រឹត្តបទល្មើស ហើយខកខានមិនបានបង់វិភាគទានក្នុងរយៈពេល៣ឆ្នាំ។ នេះបើតាម ព្រះរាជក្រឹត្យស្ដីពី គោរមងារឧកញ៉ា ចេញថ្ងៃទី១១តុលា។

 
 
ព្រះរាជក្រឹត្យ គោរមងារឧកញ៉ា បានកំណត់ពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ដល់អ្នកមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍប្រទេស។ លើសពីនេះ គឺគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
 
គោរមងារឧកញ៉ា មាន៣ផ្នែក គឺលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ ក្រុមនេះ មានសិទ្ធិនិងកាតព្វកិច្ចចូលរួមលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងការងារមនុស្សធម៌ក្នុងសង្គមជាតិ។

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
 
ចំពោះការបញ្ចប់គោរមងារឧកញ៉ ត្រូវធ្វើឡើងក្នុងករណីណា គោរមវន្តនោះ សុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ ត្រូវបញ្ចប់ញគោរមងារនេះ។ គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ ហើយបើរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ ក៏ត្រូវបញ្ចប់គោរមងារដែរ៕ 

Tag:
 ឧកញ៉ា
  ព្រះរាជក្រឹត្យ
© រក្សាសិទ្ធិដោយ thmeythmey.com