អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល បញ្ជាឱ្យជម្លៀសប្រជាជនប៉ាឡេស្ទីន ១លាននាក់ទៅតំបន់កាហ្សាភាគខាងត្បូងត្រឹម២៤ម៉ោង
13, Oct 2023 , 7:18 pm        
រូបភាព
រូបភាព៖AP
រូបភាព៖AP
យោធាអ៊ីស្រាអែល នៅថ្ងៃទី១៣ ខែតុលា បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ១លាននាក់ ឱ្យភៀសខ្លួនពីភាគខាងជើង ត្រូវភាគខាងត្បូង ត្រឹមរយៈពេល ២៤ម៉ោង ដើម្បីបោសសម្អាត​ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ការបញ្ជានេះ ធ្វើឡើងក្រោយពេលអ៊ីស្រាអែលបើកការវាយប្រហារផ្លូវគោកលើតំបន់កាហ្សា។ យ៉ាងណាមិញ បញ្ជាមួយនេះ ត្រូវបានអង្គការសហប្រជាជាតិជំរុញឱ្យលុបចោល ដោយបារម្ភពីមហន្តរាយធ្ងន់ធ្ងរ។

 
ក្រោយមានការប្តេជ្ញាបោសសម្អាតក្រុមហាម៉ាសពីសំណាក់មេដឹកនាំអ៊ីស្រាអែលក្នុងថ្ងៃបង្កើតរដ្ឋាភិបាលក្នុងពេលសង្រ្គាមថ្មី យោធាអ៊ីស្រាអែល នៅថ្ងៃទី១៣ ខែតុលា​ បានបញ្ជាឱ្យប្រជាជនប្រជាជនប៉ាឡេស្ទីន ១លាននាក់ នៅក្នុងតំបន់កាហ្សាភាគខាងជើង ភៀសខ្លួនទៅតំបន់កាហ្សាភាគខាងត្បូង ដោយដាក់ឱសានវាទ ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ 
 
ការបញ្ជានេះ ធ្វើឡើងដោយបារម្ភថា អ៊ីស្រាអែល អាចនឹងបើកការវាយប្រហារផ្លូវគោកលើតំបន់កាហ្សាភាគខាងជើង។ កន្លងមក អ៊ីស្រាអែល បានកោះហៅទ័ពបម្រុងរហូតដល់ ៣០ម៉ឺននាក់ឯណោះ។
 
យ៉ាងណាមិញ បញ្ជាបែបនេះ ត្រូវបានអង្គការសហប្រជាជាតិព្រមានមានមហន្តរាយធ្ងន់ធ្ងរ ខណៈពេលនេះ តំបន់កាហ្សា ត្រូវបានអ៊ីស្រាអែល បិទច្រកចូល មិនឱ្យមានការនាំចេញប្រេង និងអាហារស្រាប់។ អ៊ីស្រាអែល បានអះអាងថា ខ្លួននឹងបើកច្រកវិញ លុះត្រាក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) លោក Stephane Dujarric បានអះអាងថា វាមិនអាចទៅរួចទេ ដែលការជម្លៀសមនុស្សទ្រង់ទ្រាយធំបែបនេះ មិនបង្កឱ្យមានវិបត្តិមនុស្សធម៌។ ត្រង់ចំណុចនេះ មន្រ្តីUN រូបនេះ បានអំពាវនាវឱ្យយោធាអ៊ីស្រាអែល លុបចោលរាល់បញ្ជាបែបនោះ ដើម្បីបង្ការមហន្តរាយដ៏ធ្ងន់ធ្ងរ។ 
 
ចំណែកក្រុមហាម៉ាសវិញ បានទទូចឱ្យប្រជាជនកុំចាកចេញពីតំបន់ភាគខាងជើងនៃតំបន់កាហ្សា និងជំរុញឱ្យស្នាក់នៅផ្ទះ។ បើតាមក្រុមហាម៉ាស អ៊ីស្រាអែល បានព្យាយាមបំបែកបំបាក់សាមគ្គីផ្ទៃក្នុង។ 
 
ស្របគ្នានេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានអះអាងថា ការជម្លៀសប្រជាជន គឺមិនអាចទៅរួចឡើយ ដោយសារតែមន្ទីរពេទ្យ មានអ្នករងរបួសច្រើន។ អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន លោក Ashraf al-Qidra ក្រុមគ្រូពេទ្យមិនអាចភៀសខ្លួនបានឡើយ ហើយក៏មិនអាចទុកអ្នករបួសឱ្យស្លាប់បានដែរ។ 
 
មកទល់ពេលនេះ សង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៨០០នាក់៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com