អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រសួងការបរទេសចិនអះអាងថាគ្មានជនភៀសខ្លួនកូរ៉េខាងជើងនៅក្នុងប្រទេសខ្លួនឡើយ
13, Oct 2023 , 8:39 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ៖ ជា ពេជ្រដាឡែន
អ្នកនាំពាក្យក្រសួងការបរទេសចិននាថ្ងៃទី១២ ខែតុលាបានលើកឡើងថា មិនមានអ្វីដែលហៅថាអ្នក រត់ចោលស្រុកឬជនភៀសខ្លួនកូរ៉េខាងជើងនៅចិនឡើយ។ ការបញ្ជាក់នេះគឺឆ្លើយតបទៅនឹងសំណួរ ជុំវិញរបាយការណ៍មួយដែលថា ក្រុងប៉េកាំងបាននិរទេសជនភៀសខ្លួនកូរ៉េខាងជើងឱ្យត្រឡប់ទៅ ប្រទេសវិញ។


 
ការកត់សម្គាល់របស់ក្រុងប៉េកាំងបានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ កាលពីថ្ងៃទី១១ ខែតុលាបានផ្សព្វផ្សាយថា ចិនបានបញ្ជូនជនភៀសខ្លួនកូរ៉េខាងជើងប្រហែល ៦០០ នាក់ត្រឡប់ទៅវិញក្នុងសប្តាហ៍នេះបើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីទីក្រុងសេអ៊ូល ប្រឆាំងនឹងការបញ្ជូនពលរដ្ឋទាំងនោះត្រឡប់ទៅកូវ៉េខាងជើងវិញដោយបង្ខំក៏ដោយ។
 
មិនទុកយូរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងថា អំពីប្រជាជន មកពីប្រទេសកូរ៉េខាងជើងដែលចូលដោយខុសច្បាប់សម្រាប់ហេតុផលសេដ្ឋកិច្ច ចិនតែងតែដោះ ស្រាយបញ្ហានេះតាមច្បាប់ ហើយមិនមានអ្វីកើតឡើងដូចរបាយការណ៍ឡើយ។
 
«ចិនតែងតែរក្សាអាកប្បកិរិយាទទួលខុសត្រូវ ហើយបានដោះស្រាយជាមួយពួកគេបានត្រឹមត្រូវ»។ លោក Wang សង្កត់ធ្ងន់បែបនេះអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរួចបន្ថែមថា សកម្មភាពបែបនេះ គឺស្របតាមគោលការណ៍នៃច្បាប់ក្នុងស្រុក និងអន្តរជាតិ និងមនុស្សធម៌។
 
ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការនិរទេសជនភៀសខ្លួនកូរ៉េខាងជើង ក្រសួងការបរទេសកូរ៉េខាងត្បូងសម្គាល់ថា ខ្លួននៅតែរក្សាការពិភាក្សាជាមួយចិនដើម្បីបញ្ឈប់ពួកគេ ពីការបញ្ជូនទៅប្រទេសវិញប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋកូរ៉េខាងជើង។ 
 
ក្រសួងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងបន្កការ ខិតខំផ្នែកការទូតដើម្បីការពារអ្នកជនភៀសខ្លួនកូរ៉េខាងជើងហើយបច្ចុប្បន្នកំពុងធ្វើការដើម្បីផ្ទៀងផ្ទាត់ពីរបាយការណ៍ខាងលើបន្ថែមផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com