កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីឥណ្ឌា ប្រាប់ប្រធាន IOC ពីបំណងរៀបអូឡាំពិក ឆ្នាំ២០៣៦
15, Oct 2023 , 4:29 pm        
រូបភាព
 នាយករដ្ឋមន្ត្រីឥណ្ឌា លោក លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បង្ហាញបំណងចង់រៀបចំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣៦។

នៅពិធីបើកសម័យប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើកទី១៤១ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ថ្ងៃទី១៥ ខែតុលា លោក ម៉ូឌី បានលើកឡើងថា ប្រទេសឥណ្ឌា នឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីបង្ហាញភាពលេចធ្លោក្នុងការចូលរួមដេញថ្លៃធើ្វម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០៣៦។ «ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​អូឡាំពិកជា «ក្តី​សុបិន​ជាយូរមកហើយ» សម្រាប់​ប្រទេស​ឥណ្ឌា»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីឥណ្ឌា។
 
លោក ម៉ូឌី បានអះអាងនៅជំពោះមុខលោក Thomas Bach ប្រធាន IOC ថា ឥណ្ឌាចង់សម្រេចក្តីសុបិនរៀបកីឡាអូឡាំពិក និងសង្ឃឹមថា នឹងទទួលបានការសហការ និងគាំទ្រពេញទំហឹងពី IOC ដែលជាស្ថាប័នកីឡាកំពូលរបស់ពិភពលោក។ ក្នុងអង្គប្រជុំនោះ នាយករដ្ឋមន្ត្រីឥណ្ឌាសង្កត់ធ្ងន់ថា៖ «កីឡា​មិន​មែន​គ្រាន់​តែ​ឈ្នះ​មេដាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ឈ្នះ​ចិត្ត​ផង​ដែរ»។
 
មិនត្រឹមចង់រៀបអូឡាំពិកឆ្នាំ២០៣៦ឡើយ ឥណ្ឌា​ក៏កំពុងសម្លឹង​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​យុវជន​នៅ​ឆ្នាំ ២០២៩ផងដែរ ដែលនេះជាផ្លូវត្រួសត្រាយ ទៅអូឡាំពិក២០៣៦។ ឥណ្ឌា មិន​ដែល​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ទេ ប៉ុន្តែ​ធ្លាប់ដឹកនាំព្រឹត្តិការណ៍ Commonwealth Games ឆ្នាំ ២០១០ ​ក្នុង​ទីក្រុងដេលី។
 
ក្នុងពិធីបើកសម័យប្រជុំ IOC នេះដែរ ប្រទេសម៉ិកស៊ិក និងឥណ្ឌូណេស៊ីបានបង្ហាញចំណាប់អារម្មណ៍ជាផ្លូវការក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣៦ ហើយកាលពីខែកញ្ញាប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បាននិយាយថាប្រទេសខ្លួនក៏មានក្តីសង្ឃឹមក្នុងការរៀបចំព្រឹត្តិការណ៍នេះដូចគ្នា។ ប៉ូឡូញមិនដែលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ ឬរដូវរងាទេ។
 
ក្រុងប៉ារីសនឹងធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០២៤ មុនពេលក្រុង Los Angeles របស់អាម៉េរិក នឹងធ្វើនៅឆ្នាំ ២០២៨ និងទីក្រុង Brisbane របស់អូស្ត្រាលី នៅឆ្នាំ ២០៣២៕
 

Tag:
 អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com