សេដ្ឋកិច្ច
អន្តរជាតិ
តើភាគហ៊ុន និងសញ្ញាបណ្ណខុសគ្នាដូចម្តេច?
15, Oct 2023 , 6:59 pm        
រូបភាព
ភាគហ៊ុន និងសញ្ញាបណ្ណ គឺជាប្រភេទនៃការវិនិយោគដែលគេត្រូវចំណាយដើមទុនមួយចំនួនដើម្បីធ្វើជាម្ចាស់។ វិនិយោគិន​អាច​លក់​ដើម្បី​យក​ដើម​ទុន​មក​វិញ ឬ​ផ្លាស់​ប្តូរ​ទម្រង់​វិនិយោគ​របស់​ខ្លួន​បាន​គ្រប់​ពេល។ យ៉ាងណាមិញ វិនិយោគិនប្រឈមនឹងហានិភ័យក្នុងករណីដែលអាជីវកម្ម ឬស្ថាប័នមានការលំបាកផ្នែកហិរញ្ញវត្ថុ ឬមានហានិភ័យនៃការក្ស័យធន។ 

ភាគហ៊ុន(Stock) គឺជាប្រភេទមូលបត្រកម្មសិទ្ធិដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។
 
ឧទាហរណ៍៖ លោកសុខមានភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ១០០០ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្រកាសចែកភាគលាភជាសាច់ប្រាក់ចំនួន ២៥០រៀលក្នុងមួយភាគហ៊ុន។ ដូច្នេះភាគលាភជាសាច់ប្រាក់សរុបដែលលោកសុខនឹងទទួលបាន មានចំនួន ២៥០ ០០០រៀល។
 
សញ្ញាបណ្ណ(Bond) គឺជាប្រភេទនៃមូលបត្របំណុលដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយ ដែលអាចជាក្រុមហ៊ុនសារជីវកម្ម សហគ្រាសសាធារណៈ ឬរាជរដ្ឋាភិបាល។ ជាថ្នូរនៃកម្ចីនេះ ក្រុមហ៊ុនបោះផ្សាយនឹងសងត្រលប់ទៅវិនិយោគិនវិញ នូវការប្រាក់មួយក្នុងអត្រាថេរជាប្រចាំ ព្រមទាំងប្រាក់ដើមត្រឡប់មកវិញនៅចុងគ្រា។
 
ភាពខុសគ្នារវាងភាគហ៊ុន និងសញ្ញាបណ្ណ
 
ដើម្បីបែងចែកភាពខុសគ្នារវាងសញ្ញាបណ្ណ និងភាគហ៊ុនឱ្យបានច្បាស់លាស់ វិនិយោគិនអាចពឹងផ្អែកលើកត្តាខាងក្រោម
 
ហានិភ័យ ៖ សញ្ញាបណ្ណមានហានិភ័យទាប ព្រោះប្រាក់ចំណេញថេរ មិនពាក់ព័ន្ធនឹងប្រាក់ចំណេញរបស់ក្រុមហ៊ុន។ ភាគហ៊ុនមានហានិភ័យខ្ពស់ជាង ព្រោះប្រាក់ចំណេញ និងភាគលាភអាចឡើងចុះតាមស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន។ 
 
វិនិយោគិន ៖ សញ្ញាបណ្ណគឺជាវិញ្ញាបនបត្រទទួលស្គាល់បំណុល ដែលវិនិយោគិនក្លាយជាម្ចាស់បំណុល។ ភាគហ៊ុនគឺជាវិញ្ញាបនបត្ររួមចំណែកមូលធន វិនិយោគិនគឺជាម្ចាស់ភាគហ៊ុន។ 
 
អត្រាការប្រាក់ ៖ ភាគហ៊ុនមិនមានអត្រាការប្រាក់ទេ ខណៈដែលសញ្ញាបណ្ណមានអត្រាការប្រាក់ពីរប្រភេទគឺការទូទាត់ការប្រាក់តាមកាលកំណត់ និងមិនមែនតាមកាលកំណត់។
 
រយៈពេលកាន់កាប់ ៖ ភាគហ៊ុនមិនមានពេលវេលាជាក់លាក់ទេលុះត្រាក្រុមហ៊ុនក្ស័យធន។ ដរាបណាពួកគេកាន់ភាគហ៊ុន អ្នកវិនិយោគនៅតែអាចរកប្រាក់ចំណេញបាន។ សញ្ញាបណ្ណមានរយៈពេលកំណត់ដែលបានបញ្ជាក់ដោយអាជីវកម្ម ឬរដ្ឋាភិបាល។
 
ប្រាក់ចំណេញ ៖ ភាគហ៊ុនអាស្រ័យលើប្រាក់ចំណេញរបស់អាជីវកម្ម។ អាជីវកម្មកាន់តែរីកចម្រើន ភាគលាភម្ចាស់ភាគហ៊ុនកាន់តែច្រើនត្រូវបានបង់ភាគហ៊ុនរបស់វាកាន់តែមានតម្លៃ ។ ទន្ទឹមនឹងនេះ សញ្ញាបណ្ណមានត្រឹមតែតម្លៃថេរ រួមជាមួយនឹងអត្រាការប្រាក់ដំបូងដែលបានបញ្ជាក់។
 
អត្ថប្រយោជន៍បន្ថែម ៖ បុគ្គលដែលមានភាគហ៊ុនកាន់កាប់ដោយផ្នែកនៃអាជីវកម្ម។ ដូច្នេះ ម្ចាស់ភាគហ៊ុនមានសិទ្ធិប្រតិបត្តិជាក់លាក់លើសហគ្រាស ដូចជាការបោះឆ្នោតសម្រាប់តំណែងនៅលើក្រុមប្រឹក្សាភិបាល ។ អ្នកទិញសញ្ញាបណ្ណគ្រាន់ជាអ្នកឱ្យខ្ចី ពួកគេមានសិទ្ធទាមទារសំណងពេលក្រុមហ៊ុនក្ស័យធន៕ 
 

Tag:
 ភាគហ៊ុន
  សញ្ញាបណ្ណ
  Stock
  Bond
© រក្សាសិទ្ធិដោយ thmeythmey.com