ជាតិ
សេដ្ឋកិច្ច
ពីអាកាសយានដ្ឋានថ្មីទៅក្រុងសៀមរាប៖ ឡានក្រុង៨ដុល្លារក្នុង១ជើង ខណៈតាក់ស៊ីពី៣៥ទៅ៤០ដុល្លារ
17, Oct 2023 , 8:59 am        
រូបភាព
បរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយ៤១គីឡូម៉ែត្រ ពីក្រុងសៀមរាប។ រូបភាព ស៊ុល រ៉វី៕
បរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយ៤១គីឡូម៉ែត្រ ពីក្រុងសៀមរាប។ រូបភាព ស៊ុល រ៉វី៕
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់បើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា។ ស្របជាមួយគ្នានេះ ព្រលានថ្មីនេះ ក៏មានសេវាកម្មតាក់ស៊ី និងឡានក្រុង ដឹកភ្ញៀវផងដែរ ប៉ុន្តែតម្លៃបានក្លាយជាប្រធានបទនៃការពិភាក្សា។



តាមសេចក្ដីជូនដំណឹង របស់ក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសនម៉ិន (AIAI)  តម្លៃសេវាតាក់ស៊ីរថយន្តធុនតូចតិចជាង៧កៅអី មានតម្លៃ៣៥ដុល្លារ និងតម្លៃ៤០ដុល្លារសម្រាប់ឡានក្រុងតូចពី៨កៅអីដល់១៥កៅអី ក្នុងមួយជើងៗ។  ចំណែកតម្លៃឡានក្រុងវិញ មានតម្លៃ៨ដុល្លារក្នុងមួយជើង និងតម្លៃ១៥ដុល្លារ សម្រាប់ការធ្វើដំណើរទៅនិងមក។ ចំពោសេវាតាក់ស៊ីនេះ ស្ថិតក្រោមការគ្រប់គ្រង សមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA)។

 ចំពោះខ្សែផ្លូវឡានក្រុង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ គឺធ្វើដំណើររវាងអាកាសយានដ្ឋាន ដល់ក្រុងសៀមរាប (ផ្សារទំនើបម៉ាក្រូ, ហាងរួចពន្ធ CDF និងផ្សារទំនើបអង្គរ) និងពីក្រុងសៀមរាប (ហាងរួចពន្ធ CDF) ដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

 ជុំវិញតម្លៃសេវាដឹកជញ្ជូននេះ ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់។ «៨ដុល្លារថ្លៃពេកហើយ បើ៣ដុល្លារអាចទទួលយកបាន»។  នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលយល់ស្របជាមួយពលរដ្ឋមួយចំនួនចំពោះការទាមទារឱ្យបញ្ចុះតម្លៃសេវាដឹកជញ្ជូន។

ជាមួយនឹងការរិះគន់ពីតម្លៃនេះ ក៏មានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកខ្លះ ក៏យល់ស្របនឹងតម្លៃនេះផងដែរ ដោយពួកគេយល់ថាវាសមស្របទៅនឹងការចំណាយទៅប្រេងឥន្ធនៈបច្ចុប្បន្ន និងរយៈចម្ងាយនៃការធ្វើដំណើរផងដែរ។ «តាមពិតទៅ ប្រទេសណាក៏ដូចជាប្រទេសណាដែរ អ្នកដែលសម្រេចចិត្តប្រើប្រាស់សេវកម្មតាក់ស៊ីរបស់ព្រលាន ត្រូវដឹងច្បាស់ថា វាមានតម្លៃថ្លៃជាងមធ្យោបាយផ្ទាល់ខ្លួន និងជម្រើសផ្សេងទៀត»។ នេះជាការបញ្ចេញយោបល់របស់លោក រដ្ឋា។

 គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (AIAI)។ ព្រលាននេះ មានចម្ងាយ៥១គីឡួម៉ែត្រពីក្រុងសៀមរាប ស្ថិតក្នុងភូមិតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រលានយន្តហោះ វិនិយោគដោយវិនិយោគគិនចិននេះ ក្រោមទំហំទឹកប្រាក់មួយពាន់លានដុល្លារ ស្ថិតលើផ្ទៃដី៧០០ហិកតា៕

Tag:
 ព្រលានយន្តហោះថ្មី
  សៀមរាប
  សៀមរាបអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com