FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ផ្តល់៣ម៉ឺនដុល្លារសម្រាប់កីឡាការិនីវៀតណាមម្នាក់៖ អគ្គលេខាធិការ VFF ធានាមិនឱ្យបាត់១ដុល្លារឡើយ
17, Oct 2023 , 11:39 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្តល់ប្រាក់រង្វាន់ ១,៥៦ លានដុល្លារដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីវៀតណាម និង ៣ម៉ឺនដុល្លារដល់កីឡាការិនីម្នាក់ៗដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៣ ផ្នែកនារី។ អគ្គលេខាធិការសហព័ន្ធបាល់ទាត់វៀតណាម (VFF) ធានាថាប្រាក់រង្វាន់បុគ្គលដែល FIFA ផ្តល់ឱ្យកីឡាការិនីម្នាក់ៗ នឹងមិនបាត់១ដុល្លារឡើយ។


បន្ទាប់ពីបញ្ចប់យុទ្ធនាការការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី ដែលអេស្ប៉ាញក្លាយជាជើងឯកនោះ FIFA បានបញ្ចេញប្រាក់ដើម្បីផ្តល់ជួនក្រុមចូលរួមទាំង៣២រួចរួលហើយ​ ដោយចំនួនទឹកប្រាក់ផ្អែកលើលទ្ធផលរបស់ក្រុមនីមួយៗ។
 
ក្រុមម្ចាស់ជើងឯកអេស្ប៉ាញទទួលបាន ៤,២៩ លានដុល្លារ ហើយជើងឯករងអង់គ្លេសទទួលបាន ៣ លានដុល្លារ។ ​ស៊ុយអែតដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ទទួល​បាន ​២,៦១​លាន​ដុល្លារ ស្របពេលក្រុមលេខ៤អូស្ត្រាលី បាន ​២,៤៥​លាន​ដុល្លារ។
 
ក្រុម​ដែល​ធ្លាក់​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ រួមមានហូឡង់ ជប៉ុន បារាំង និង​កូឡុំប៊ី ទទួល​បាន​២,១៨​លាន​ដុល្លារ​ក្នុង​១ក្រុម។ ក្រុមដែលធ្លាក់នៅវគ្គ ១៦ ទទួលបានប្រាក់ក្នុង១ក្រុម ១,៨៧ លានដុល្លារ ហើយក្រុមដែលមិនឆ្លងផុតវគ្គចែកពូល រួមទាំងវៀតណាម និងហ្វីលីពីនផង ទទួលបាន ១,៥៦ លានដុល្លារ។
 
បើតាមការផ្សាយរបស់កាសែត VnExpress សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានទទួលប្រាក់ឧបត្ថម្ភនោះហើយ ទាំងប្រាក់សម្រាប់ក្រុមចំនួន ១,៥៦ លានដុល្លារ និងប្រាក់រង្វាន់បុគ្គលសម្រាប់កីឡាការិនីម្នាក់ចំនួន៣ម៉ឺនដុល្លារផងដែរ។ 
 
លោក Duong Nghiep Khoi អគ្គលេខាធិការ VFF បានអះអាងថា VFF បានផ្ទេរប្រាក់លើកទឹកចិត្តទៅក្នុងគណនីធនាគាររបស់កីឡាការិនីម្នាក់ៗដែលមានវត្តមានទៅ World Cup ឆ្នាំ២០២៣ ដែលអូស្ត្រាលី និងនូវែលសេឡង់ធ្វើម្ចាស់ផ្ទះរួចរាល់ហើយ។
 
«FIFA បានផ្ទេរប្រាក់ទៅ VFF ហើយយើងបានផ្ទេរបន្តទៅឱ្យកីឡាការិនីម្នាក់ៗ ដោយមិនឱ្យបាត់មួយដុល្លារឡើយ»។ នេះបើតាមការអះអាងរបស់លោក Nghiep Khoi ដោយប្រាក់រង្វាន់៣ម៉ឺនដុល្លារនេះសម្រាប់ផ្តល់ឱ្យកីឡាការិនី២៣នាក់ប៉ុណ្ណោះ មិនមែនសម្រាប់មន្ត្រី និងបុគ្គលិករបស់ក្រុមឡើយ។ យ៉ាងណាក៏ដោយ កីឡាករវៀតណាមត្រូវបង់ពន្ធចូលរដ្ឋក្នុងម្នាក់ចំនួន ២,៨៦០ ដុល្លារ លើប្រាក់រង្វាន់ដែលពួកគេទទួលបានផងដែរ។
 
ច្បាប់ FIFA កំណត់ផ្តល់ប្រាក់រង្វាន់ដល់ក្រុមនារី ដែលបង្ហាញខ្លួននៅ World Cup ឆ្នាំ២០២៣ ដោយក្រុមធ្លាក់នៅវគ្គចែកពូលទទួលបានម្នាក់៣ម៉ឺនដុល្លារ ធ្លាក់វគ្គ១៦ក្រុមបាន៦ម៉ឺនដុល្លារ វគ្គ៨ក្រុមបាន៩ម៉ឺនដុល្លារ ក្រុមទទួលបានចំណាត់ថ្នាក់លេខ៤ បាន១៦៥០០០ដុល្លារ លេខ៣ បាន១៨ម៉ឺនដុល្លារ រងជើងឯក បាន១៩៥០០០ដុល្លារ និងក្រុមជើងឯក បានម្នាក់២៧ម៉ឺនដុល្លារ។
 
ក្រៅពីចំណាយប្រាក់សម្រាប់ក្រុមទាំង៣២ និងកីឡាការិនីចូលរួមទាំងអស់ ស្ថាប័ន FIFA ក៏ត្រូវមានកាតព្វកិច្ចផ្តល់ប្រាក់ទៅឱ្យក្លិបដែលបានបញ្ជូនកីឡាការិនីទៅប្រកួតផងដែរ ក្នុងចំនួនសរុប ១១,៥ លានដុល្លារ៕
 

Tag:
 World Cup
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com