ជាតិ
សេដ្ឋកិច្ច
កម្ពុជា បានចំណូលជាង៨០០លានដុល្លារ ពីការនាំចេញស្វាយចន្ទី រយៈពេល៩ខែ
17, Oct 2023 , 1:59 pm        
រូបភាព
រូបភាព៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា
រូបភាព៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា
ភ្នំពេញ៖ ៩ខែនេះ​ កម្ពុជា​ផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ៦៣.៩ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាម៦១.៣ម៉ឺនតោន ដោយទទួលបានចំណូល៨២៩លានដុល្លា។ នេះបើយោងតាមទិន្ន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។



លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្ថែមថា​ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅបានថយចុះ១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ការធ្លាក់ចុះនេះ បណ្ដាលមកពីវិបត្តិអាកាសធាតុបានយាយីទិន្នផលស្វាយចន្ទី ខណៈកសិករមួយចំនួនមិនអាចថែទាំបាន ក៏សម្រេចបោះបង់ ឬកាប់ដើមចោលតែម្ដង។ ទន្ទឹមនេះ លោកមើលឃើញថា សហគ្រាសក្នុងស្រុកក៏បានចូលរួមប្រជែងទិញពីឈ្មួញដែលនាំចេញ យ៉ាងសន្ទឹកផងដែរ ក្រោយមានគោល​នយោបាយជាតិស្ដី​ពីស្វាយចន្ទី។
 
លោក ប្រាប់ដូច្នេះថា៖« យើងបានព្យាករថា ការនាំចេញគ្រាប់ស្វាយចន្ទី ធ្លាក់ចុះតាំងពីដើមឆ្នាំមកម្ល៉េះ ដោយសារតែ កសិកបានកាប់ស្វាយចន្ទីមួយចំនួនចោល។ មូលហេតុមកពីការប្រែប្រួលអាកាសធាតុ ធ្វើឱ្យពួកគាត់ពិបាកក្នុងការថែទាំ។ មួយវិញទៀត មកពីការប្រជែងទិញរបស់សហគ្រាសក្នុងស្រុក»។ 
 
ការប្រែប្រួលអាកាសធាតុបានកើនឡើងខ្លាំងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីជាមធ្យមធ្លាក់ចុះពី ៣០ទៅ ៤០ភាគរយ។ តាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែ ក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃ កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ ២០២១ មាន៨០ម៉ឺនហិកតា៕ 
 

Tag:
 ស្វាយចន្ទី
  អួន ស៊ីឡុត
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com