ជាតិ
សេដ្ឋកិច្ច
EU អនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំពីវៀតណាមដើម្បីផលិតកង់
17, Oct 2023 , 3:42 pm        
រូបភាព
រូបភាពកង់ដែលដាក់លក់ក្នុងហាង Giant Bicycle Shop នៅរាជធានីភ្នំពេញ។ រូបថត សៅ ផលនិស្ស័យ
រូបភាពកង់ដែលដាក់លក់ក្នុងហាង Giant Bicycle Shop នៅរាជធានីភ្នំពេញ។ រូបថត សៅ ផលនិស្ស័យ
ដោយ: រួបរួម
ក្រសួងពាណិជ្ជកម្មតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែតុលា បានជម្រាបដល់ផលិតករ និងអ្នកនាំចេញទោចក្រយានទាំងអស់ អំពីការសម្រេចរបស់សហភាពអឺរ៉ុបដែលអនុញ្ញាតឱ្យកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតនៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។



«យោងតាមការស្នើសុំរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការប្រើប្រាស់វិធានការបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម សហភាពអឺរ៉ុប បានសម្រេចឱ្យប្រើវិធានបូកបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មការអឺរ៉ុប»។ នេះបើតាមសេចក្តីជូនដំណឹង។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំ សម្រាប់ផលិតទោចក្រយាន ត្រូវអនុលោមតាមវិធានដើមកំណើតទំនិញ ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប (EU’s GSP)។



ជាមួយគ្នានេះ ផលិតករ ឬអ្នកនាំចេញទោចក្រយានទាំងអស់ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនូវបរិមាណនៃការប្រើប្រាសវត្ថុធាតុដើម ឬគ្រឿងបង្គុំដែលនាំចូលពីប្រទេសវៀតណាម ឆមាស និងរបាយការណ៍ប្រចាំត្រីមាស ដើម្បីក្រសួងមានមូលដ្ឋានក្នុងការជូនដំណឹងទៅសហភាពអឺរ៉ុប៕


© រក្សាសិទ្ធិដោយ thmeythmey.com