ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ព្រឹទ្ធសភា អនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
17, Oct 2023 , 4:59 pm        
រូបភាព
អង្គប្រជុំព្រឺទ្ធសភានាថ្ងៃទី១៧តុលា ឆ្នាំ២០២៣។ រូបពី ព្រឹទ្ធសភាកម្ពុជា
អង្គប្រជុំព្រឺទ្ធសភានាថ្ងៃទី១៧តុលា ឆ្នាំ២០២៣។ រូបពី ព្រឹទ្ធសភាកម្ពុជា
ភ្នំពេញ៖ ព្រឹទ្ធសភា យោបល់ឯកភាពលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតមានកែប្រែអ្វីឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី១៧តុលា។

 
សម័យប្រជុំលើកទី១១ ដឹកនាំដំណើរការដោយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា  រួមទាំងសមាជិកព្រឹទ្ធសភា៦០រូបទៀត។ កិច្ចពិភាក្សាពីសេចក្ដីព្រាងខាងលើ មានសមាជិកព្រឹទ្ធសភា៣រូប បានឡើងមានយោបល់ និងលើកជាសំណួរ។ បន្ទាប់មក លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក៏បានឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំព្រឹទ្ធសភា។ នៅអង្គប្រជុំទាំងមូល បានសម្រេចយល់ព្រមទាំងស្រុង ដោយគ្មានការកែប្រែ ដោយសំឡេង៦០នៃសមាជិកព្រឹទ្ធសភា។ 
 
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងជំនួសច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល ឱ្យស្របតាមស្ថានភាពវិវឌ្ឍន៍នៅកម្ពុជា។ ជាពិសេស ឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិក នៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ សេចក្តីព្រាងច្បាប់នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ ការគាំទ្រវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស និងធុរកិច្ចក្នុងស្រុក។
 
សេចក្តីព្រាងច្បាប់ ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន ១១មាត្រា។ សេចក្ដីព្រាងនេះដែរ ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមដោយចំនួន១០១សំឡេង នៃសមាជិករដ្ឋសភា កាលពីថ្ងៃទី៩ ខែតុលា៕ 
 

Tag:
 អាកាសចរណ៍ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com