ជាតិ
អភិបាលខេត្តប៉ៃលិន​ គ្រោងដំឡើង «ផ្ទះបរិច្ចាគ» នៅគ្រប់ឃុំ-សង្កាត់
18, Oct 2023 , 8:39 am        
រូបភាព
ផ្ទះបរិច្ចាគ នៅខេត្តប៉ៃលិន។ រូបពី រដ្ឋបាលខេត្តប៉ៃលិន
ផ្ទះបរិច្ចាគ នៅខេត្តប៉ៃលិន។ រូបពី រដ្ឋបាលខេត្តប៉ៃលិន
ភ្នំពេញ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រៀមរៀបចំ «ផ្ទះបរិច្ចាគ» ឱ្យបានគ្រប់ឃុំ-សង្កាត់ ដើម្បីទុកជាកន្លែងទទួលនិងផ្ដល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ជនដែលខ្វះខាត។ នេះបើតាម កញ្ញា ជា ដាណែត នាយករដ្ឋបាលសាលាខេត្តប៉ៃលិន។

 
កញ្ញា ជា ដាណែត បានបញ្ជាក់ថា សប្បុរសជន អាចយកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារទៅដាក់ចូលក្នុងផ្ទះបរិច្ចាគនេះ សម្រាប់ឱ្យអ្នកខ្វះខាត អាចទៅយកកញ្ចប់ បរិច្ចាគពីក្នុងផ្ទះនោះ ដោយក្នុង១គ្រួសារ ទទួលបាន១កញ្ចប់។  
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា ដាណែត បានឱ្យដឹងថា ផ្ទះបរិច្ចាគដំបូងគេមួយកន្លែង ដែលមានទីតាំងនៅមុខសាលាខេត្ត ទើបតែដាក់ដំណើរការសាកល្បងនាអំឡុងភ្ជុំបិណ្ឌនេះ។ បើតាមនាយករដ្ឋបាលខេត្តរូបនេះ ក្នុងមួយថ្ងៃ មានក្រុមការងារនៃរដ្ឋបាលខេត្ត យកស្បៀងអាហារ ប្រមាណ៣០ទៅ៥០កញ្ចប់ ទៅដាក់នៅផ្ទះនោះ។ 
 
ស្បៀងអាហារដែលក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន យកទៅដាក់នៅ ផ្ទះបរិច្ចាគ។ រូបពី រដ្ឋបាលខេត្តប៉ៃលិន 
 
«យើងធ្វើផ្ទះនេះ ជាបន្តបន្ទាប់បាន៣ហើយ កំពុងស្វែងរកទីតាំងដាក់ដំឡើងការបន្តទៀត។ ជាគម្រោង អភិបាលខេត្តគាត់គ្រោង ដាក់គ្រប់ឃុំសង្កាត់ ឱ្យមានផ្ទះបរិច្ចាគនេះ ដើម្បីឱ្យពលរដ្ឋខ្វះខាតទទួលបានការឧបត្ថម្ភ»។ នាយករដ្ឋបាលសាលាខេត្តប៉ៃលិន ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ។ 
 
ទាក់ទិននឹងផ្ទះបរិច្ចាគនេះ ពលរដ្ឋម្នាក់ដែលប្រើគណនីហ្វេសប៊ុក ឈ្មោះ សាន វុធ (San Vuth) បានសរសេរថា កូនខ្លួនបានបោកសំអាតការបូប ដែលធ្លាប់ដាក់សំភារៈសិក្សាកន្លងមក  យកទៅបរិច្ចាគដល់កុមារ ដែលត្រូវការផ្សេងទៀត នៅផ្ទះបរិច្ចាគជិតសាលាខេត្តប៉ៃលិន។ លោកក៏អំពាវនាវឱ្យមហាជននាំគ្នាចូលរួម បរិច្ចាគសម្ភារៈនៅផ្ទះនោះផងដែរ។ 
 
សារលើបណ្ដាញសង្គមនេះ ធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកចូលរួមបញ្ចេញមតិយ៉ាងច្រើន ពោលគឺចង់ឱ្យផ្ទះបរិច្ចាគ មាននៅគ្រប់តំបន់របស់ពួកគេរស់នៅ និងបណ្ដាខេត្តផ្សេងៗទៀត៕ 

ផ្ទះបរិច្ចាគ នៅខេត្តប៉ៃលិន។ រូបពី រដ្ឋបាលខេត្តប៉ៃលិន 

© រក្សាសិទ្ធិដោយ thmeythmey.com