កីឡាជាតិ
ជាតិ
កម្ពុជា ព្រុយណេ ឡាវ ទីម័រ ធ្លាក់ទៅជម្រុះ Asian Cup ចុងឆ្នាំក្រោយ ឯប៊ូតង់ ជាក្រុមធ្លាក់ល្អជាងគេ
18, Oct 2023 , 10:33 am        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចំនួន៩ បានឆ្លងផុតវគ្គជម្រុះជុំទី១ FIFA World Cup ឆ្នាំ២០២៦ តំបន់អាស៊ី ដើម្បីឈានទៅជុំទី២ នៃវគ្គជម្រុះតាមពូល ដែលមាន២៧ក្រុមរង់ចាំរួចស្រេច។ ប៉ាគីស្ថាន ឆ្លងផុតវគ្គជម្រុះជុំទី១លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយបញ្ចប់ដំណើររបស់គោព្រៃកម្ពុជាក្នុងលទ្ធផលទាំងពីរជើង ១-០។ កម្ពុជា ព្រុយណេ ឡាវ និងទីម័រខាងកើត ជាក្រុមពីតំបន់អាស៊ីអាគ្នេយ៍ ត្រូវធ្លាក់ទៅលេងវគ្គ play-off ពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧ ជាមួយ៥ប្រទេសទៀត ស្របពេល ប៊ូតង់បានកៅអីជុំទី៣ស្វ័យប្រវត្តិ ដ្បិតជាក្រុមធ្លាក់វគ្គជម្រុះល្អជាងគេចំណោម១០ក្រុម។



 ៩ក្រុមដែលបានឆ្លងផុតវគ្គជម្រុះជុំទី១ តំបន់អាស៊ី រួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា សិង្ហបុរី ឆាយន្នីសតាយប៉ិ ហុងកុង ឥណ្ឌូណេស៊ី ប៉ាគីស្ថាន នេប៉ាល់ និងបង់ក្លាដែស។ ក្រុមទាំង៩នេះ ត្រូវចូលទៅក្នុងពូលទាំង៩ពី A ដល់ I រៀងខ្លួន ដើម្បីប្រកួតសន្សំពិន្ទុ នៃវគ្គជម្រុះជុំទី២តំបន់អាស៊ី។
 
ដោយឡែក ១០ក្រុមដែលធ្លាក់វគ្គជម្រុះជុំទី១នៃពានរង្វន់កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ត្រូវបន្តលេងនៅ play-off AFC Asian Cup ឆ្នាំ២០២៧ បន្តទៀត។ យ៉ាងណាក៏ដោយ ក្នុងចំណោម១០ក្រុមនេះ មានតែប៊ូតង់ប៉ុណ្ណោះទទួលបានកៅអី Asian Cup​ ជុំទី៣ ដោយមិនបាច់លេងវគ្គ play-off Asian Cup ដោយសារជាក្រុមធ្លាក់ល្អជាងគេ តាមរយៈការយកឈ្នះហុងកុងនៅជើងទី២ ក្នុងលទ្ធផល ២-០ ខណៈជើងទី១ ហុងកុង ឈ្នះប៊ូតង់ ៤-០។
 
៩ក្រុមដែលត្រូវបន្តលេងវគ្គ play-off Asian Cup ជាមួយកោះម៉ារីយ៉ានណា រួមមាន ម៉ាល់ឌីវ ឡាវ កម្ពុជា ស្រីលង្កា ម៉ាកាវ កោះហ្គាំ ម៉ុងហ្គោលី ទីម័រខាងកើត និងព្រុយណេ។​ ការប្រកួតវគ្គ play-off Asian Cup ឆ្នាំ២០២៧ នឹងត្រូវចាប់ពីនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
 
ដោយឡែកសម្រាប់ការប្រកួតជម្រុះ World Cup ជុំទី២ ដែលមានក្រុម៣៦​ ក្នុងពូលចំនួន៩ ដោយក្នុងមួយពូលមាន៤ក្រុមរួមមាន៖
 
ពូល A កាតា ឥណ្ឌា កូវ៉ែត និងហ្វាសហ្គានីស្ថាន
ពូល B ជប៉ុន ស៊ីរី កូរ៉េខាង និងមីយ៉ាន់ម៉ា
ពូល C កូរ៉េខាងត្បូង ចិន ថៃ និងសិង្ហបុរី
ពូល D អូម៉ង់ កៀហ្ស៊ីស៊ីស្ថាន ម៉ាឡេស៊ី និងឆាយន្នីសតាយប៉ិ 
ពូល E អ៊ីរ៉ង់ អ៊ូសបេគីស្ថាន តួកម៉េនីស្ថាន និងហុងកុង
ពូល F អ៊ីរ៉ាក់ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី 
ពូល G អារ៉ាប៊ីសាអូឌីត ហ្សកដានី តាហ្ស៊ីគីស្ថាន និងប៉ាគីស្ថាន 
ពូល H អេមីរ៉ាតអារ៉ាប់រួម បារ៉ែន យេមែន និងនេប៉ាល់
ពូល I អូស្ត្រាលី ប៉ាឡេស្ទីន លីបង់ និងបង់ក្លាដែស។
 
ការប្រកួតជុំទី២នេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។ ២ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងនៃពូលនីមួយៗ បន្តទៅវគ្គជម្រុះ World Cup ជុំទី៣ និងកៅអី AFC Asian Cup ឆ្នាំ២០២៧ ស្វ័យប្រវត្តិ ខណៈលេខ៣ និងលេខ៤ សល់កៅអី AFC Asian Cup ជុំទី៣៕
 

Tag:
 World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com