ជាតិ
សង្គមជាតិ
លោក ស្វាយ ស៊ីថា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.ស.ព.ស។ រូបពី ទីស្ដីការគណៈរដ្ឋមន្ត្រី
× ភ្នំពេញ៖ រដ្ឋាភិបាលសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ(គ.ស.ព.ស) ១១រូប ហើយលោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន។ នេះបើតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គណៈកម្មាធិការនេះ មានអនុប្រធាន៤រូប គឺលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធានទី១ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាអនុប្រធានអចិន្ត្រៃយ៍ និងអនុប្រធាន២រូបទៀត គឺលោក ទិត សុធា ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងលោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។
គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ មានតួនាទីពង្រឹងសាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនាពន្យល់ និងការពាររូបភាពវិជ្ជមានកម្ពុជា។ គណៈកម្មាធិការនេះ ក៏មានភារកិច្ចការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពកម្ពុជា ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិដែរ។
ជាមួយគ្នានេះ គ.ស.ព.ស ជាអ្នកដើរតួនាទី ជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឲ្យទាន់ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និងបង្កើនសមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល។ អង្គភាពនេះ ក៏ជាអ្នកផ្ដួចផ្ដើមគំនិតលើការផលិតខ្លឹមសារគ្រប់ប្រភេទសម្រាប់ពង្រឹងសាធារណមតិ និងសហការផ្សព្វផ្សាយមាតិកាទាំងនោះជាមួយបណ្តាញផ្សព្វផ្សាយនានា។ ក្រៅពីនេះ គ.ស.ព.ស ត្រូវធ្វើរបាយការណ៍ពីសកម្មភាពការងារខ្លួនទៅប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីនាយករដ្ឋមន្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com