ជាតិ
ក្រសួង អំពាវនាវឱ្យកម្មករប្រុងប្រយ័ត្ន ពីការឆ្លងចរន្តអគ្គិសនី ខណៈតំបន់ខ្លះ ជួបបញ្ហាទឹកជំនន់
18, Oct 2023 , 3:59 pm        
រូបភាព
ទឹកជន់លិចនៅខេត្តកំពង់ស្ពឺ។ រូបពី រដ្ឋបាលខេត្តកំពង់ស្ពឺ
ទឹកជន់លិចនៅខេត្តកំពង់ស្ពឺ។ រូបពី រដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស តាមដានស្ថានភាពទឹកជំនន់នៅតំបន់របស់ពួកគេ ហើយកម្មករ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីការឆ្លងចរន្តអគ្គិសនី។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ។

 
ដើម្បីបង្ការហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារគ្រោះជំនន់ទឹកភ្លៀងនៅតំបន់រោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត ក្រសួងការងារ បញ្ជាឱ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ។  
 
ក្រសួងណែនាំឱ្យនិយោជក ត្រូវតែរៀបចំបង្កើតក្រុមការងារ និងត្រៀមផែនការសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិត ក្នុងករណីមានទឹកជំនន់។ ជាងនេះទៀត អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ត្រូវត្រួតពិនិត្យបណ្តាញអគ្គិសនីឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស សុវត្ថិភាព សម្រាប់បង្ការនិងបញ្ចៀសនូវបញ្ហាចំពោះមុខ ទៅតាមកាលៈទេសៈ។ 
 
ចំណែក កម្មករវិញ ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួន ពីការឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹក ឬខាំជាដើម។ ជាមួយគ្នាដែរ កម្មករ ត្រូវផ្តល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពរបស់ខ្លួន ទៅកាន់និយោជកជាប្រចាំ ក្នុងអំឡុងពេលឈប់សម្រាក ដោយសារគ្រោះទឹកជំនន់។ កម្មករទាំងអស់ ក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមវិធានការអនាម័យ ដើម្បីការពារសុខភាព និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់ផងដែរ។
 
ក្នុងករណីចាំបាច់ណាមួយកើតឡើង អំឡុងពេលមានទឹកជន់លិច ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត អាចរាយការណ៍ទៅក្រសួងការងារ តាមរយៈប្រព័ន្ធ Hotline លេខ «១២៩៧» ឬក្រុមតេឡេក្រាម «សម្រាប់និយោជក”https://t.me/EmployerChat ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត» https://t.me/KhmerWorkerChat និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះវាយតម្លៃកម្រិតហានិភ័យ៕ 
 

Tag:
 កម្មករ
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com