កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ានី ផ្តាំអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា៖ ទោះលទ្ធផលយ៉ាងណា ត្រូវចាំថាមានប្រជាជនកម្ពុជាចាំគាំទ្រ
19, Oct 2023 , 12:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី ថតរួមជាមួយអត្តពលិកប៉ារ៉ាឡាំពិកម្ពុជា អំឡុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា
លោក ហ៊ុន ម៉ានី ថតរួមជាមួយអត្តពលិកប៉ារ៉ាឡាំពិកម្ពុជា អំឡុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា
លោក ហ៊ុន ម៉ានី បានបង្ហោះសារជូនពរ ក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលត្រូវចាប់ផ្តើមការប្រកួត កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ក្នុងក្រុងហាងចូវ ប្រទេសចិន។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរូបនេះ បង្ហោះដូច្នេះ បន្តិចប៉ុណ្ណោះមុនពេលក្រុមបាល់បោះជិះរទេះនារី វិញ្ញាសា ៥ទល់៥ ប៉ះក្រុមឡាវ ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុ នៅព្រឹកថ្ងៃទី១៩ ខែតុលា។



«ទោះបីជាលទ្ធផលនៃការប្រកួតយ៉ាងណាក៏ដោយ សូមចងចាំថា អ្នកទាំងអស់គ្នាដែលជាអត្តពលិកទាំងអស់តែងតែមានប្រជាជនកម្ពុជា នៅជាមួយគ្នាគាំទ្រ បង្ហាញភាសាបេះដូង និងលើកទឹកចិត្តគ្រប់ពេលវេលាក្នុងស្មារតីលើសពីការប្រកួត»។ នេះជាសំណេររបស់លោក ហ៊ុន ម៉ានី លើផេកហ្វេប៊ុកផ្លូវការរបស់ខ្លួន ដែលសារនេះ ជាការផ្តល់កម្លាំងចិត្ត និងបង្ហាញការយកចិត្តទុកដាក់ទៅកាន់អត្តពលិកប៉ារ៉ាឡាំពិកទាំងអស់ ដែលទៅចូលរួមប្រជែងមេដាយកីឡាអាស៊ីប៉ារ៉ាហ្គេម នៅចិន។


 
ក្រៅពីសារជូនពរអត្តពលិកទាំងអស់ឱ្យទទួលបានជោគជ័យលើបេសកកម្មតំណាងជាតិនេះ លោក ហ៊ុន ម៉ានី ដែលជាអនុប្រធានប៉ារ៉ាឡាំពិកកម្ពុជាផងនោះ ក៏បានអរគុណដល់គ្រូបង្វឹក ក្រុមការងារ និងអត្តពលិកទាំងអស់ដែលតែងតែខិតខំប្រឹងប្រែង ទាំងការសម្របសម្រួលការងារ ការបង្វឹកបង្រៀន ក៏ដូចជាការប្រឹងប្រែងហ្វឹកហាត់ក្នុងគោលដៅដើម្បីទទួលបានលទ្ធផលល្អផងដែរ។
 
ក្រោយការបង្ហោះសាររបស់អតីតតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក្រុមកីឡាការិនី បាល់បោះជិះរទេះកម្ពុជា វិញ្ញាសា ៥ទល់៥ បានយកឈ្នះឡាវ ក្នុងលទ្ធផល ៦៥-៣៥ នៅជំនួបបើកឆាក ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម នៅចិន ក្នុងវគ្គសន្សំពិន្ទុ។
 
វិញ្ញាសាបាល់បោះជិះរទេះនារី វិញ្ញាសា ៥ទល់៥នេះ មាន៦ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះចិន កម្ពុជា អ៉ីរ៉ង់ ជប៉ុន ឡាវ និងថៃ។ បន្ទាប់ពីឈ្នះឡាវនៅជំនួបដំបូង កម្ពុជា ត្រូវបន្តជួបជប៉ុន ក្នុងវគ្គសន្សំពិន្ទុនេះ នៅថ្ងៃទី២០ ខែតុលា មុនប៉ះម្ចាស់ ផ្ទះចិននៅថ្ងៃទី២១ ខែតុលា និង២ប្រកួតបន្តបន្ទាប់ទៀតជាមួយអ៊ីរ៉ង់ និងថៃ។
 
កម្ពុជា បានបញ្ជូន អត្តពលិកកីឡាជនពិការកម្ពុជា២៤រូប ក្នុង៦ប្រភេទកីឡា ដោយក្នុងនោះ កីឡាប្រភេទជាក្រុមមានចំនួន២ ក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះនារី ១២នាក់។ ប្រភេទកីឡា៤ផ្សេងទៀត មានកីឡាអត្ដពលកម្ម អត្ដពលិក១នាក់ កីឡាហែលទឹក អត្ដពលិក១នាក់ កីឡាវាយសី អត្ដពលិក១នាក់ និងកីឡាវាយកូនឃ្លីលើតុ អត្ដពលិក១នាក់ ក្នុងកម្មវិធីកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាងចូវ ដែលចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែតុលា៕
 

Tag:
 កីឡាអាស៊ីប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com