ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋមន្រ្តីយុត្តិធម៌ នឹងដាក់ចេញយុទ្ធនាការ៣ ដើម្បីដោះស្រាយបញ្ហានៅក្នុង និងក្រៅប្រព័ន្ធតុលាការ
19, Oct 2023 , 8:19 pm        
រូបភាព
ក្រសួងយុត្តិធម៌ នឹងដាក់ចេញយុទ្ធនាការ ចំនួន៣ ដើម្បីដោះស្រាយបញ្ហានានា នៅក្នុងប្រព័ន្ធតុលាការ ឱ្យស្របតាមផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល អាណត្តិទី៧។

 
លោក កើត រិទ្ធ បានបញ្ជាក់ថា យុទ្ធនាការសំខាន់ៗចំនួន ៣ ដែលក្រសួងយុត្តិធម៌កំពុងរៀបចំនេះ រួមមានយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ។
 
ថ្លែងក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួសលោក ជឺ សុខ កាលពីថ្ងៃទី១៨ តុលា រដ្ឋមន្រ្តីយុត្តិធម៌ បានអះអាងថា យុទ្ធនាការទាំង៣នេះ នឹងឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី ដែលប្រគល់ភារកិច្ចឱ្យក្រសួងពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
 
ការងារអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ នេះ ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ឱ្យក្រសួងយុត្តិធម៌ រៀបចំផែនការសកម្មភាពជាក់ស្តែង ឱ្យមានប្រសិទ្ធភាព រួមមាន៖ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និងការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។ 
 
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីរូបនេះ បានណែនាំឱ្យប្រធាន ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីទាំងអស់ ត្រៀមលក្ខណៈផ្នែកបច្ចេកទេស ផ្នែករដ្ឋបាល និងធនធានមនុស្ស ដើម្បីចូលរួមឱ្យបានសកម្ម និងសហការឱ្យបានពេញលេញ ក្នុងការអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលក្រសួងយុត្តិធម៌ នឹងដាក់ចេញនាពេលខាងមុខ ។ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា៕
 

Tag:
 កើត រិទ្ធ
  យុត្តិធម៌
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com