កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន បង្ហាញការដឹងគុណ និងស្នើអ្នកគាំទ្ររួបរួមគ្នាស្វែង​រកកំណត់ត្រា​ប្រវត្តិសាស្ត្របន្ត
20, Oct 2023 , 11:30 am        
រូបភាព
ក្រុមអ្នកគាំទ្រជម្រើសជាតិប៉ាគីស្ថាន អំឡុងប៉ាគីស្ថានប៉ះកម្ពុជានៅជំនួបជើងទី២ ជម្រុះ FIFA World Cup។ រូបភាព៖ PFF
ក្រុមអ្នកគាំទ្រជម្រើសជាតិប៉ាគីស្ថាន អំឡុងប៉ាគីស្ថានប៉ះកម្ពុជានៅជំនួបជើងទី២ ជម្រុះ FIFA World Cup។ រូបភាព៖ PFF
សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) បានសម្តែងការដឹងគុនចំពោះក្រុមអ្នកគាំទ្រខ្លួន ដែលជាចំណែកសំខាន់ក្នុងការជួយក្រុមឆ្លងផុតវគ្គជម្រុះ FIFA World Cup ជុំទី១ តំបន់អាស៊ី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ PFF សំណូមពរឱ្យអ្នកគាំទ្រខ្លួន​បន្ត​ប្រមួលផ្តុំឈរ​ពី​ក្រោយ​ក្រុម​ ដើម្បី​រួបរួម​គ្នា​​ស្វែង​រកកំណត់ត្រាជា​ប្រវត្តិសាស្ត្រថ្មីជាបន្តបន្ទាបទៀត។



ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានទម្លាក់ក្រុមកម្ពុជា ក្នុងលទ្ធផលទាំងពីរជើង ១-០ ដើម្បីបន្តដំណើរទៅកាន់វគ្គជម្រុះកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ជុំទី២ ដោយស្ថិតក្នុងពូល G ជាមួយ អារ៉ាប៊ីសាអូឌីត ហ្សកដានី និងតាហ្ស៊ីគីស្ថាន។
 
ជ័យជម្នះ ១-០ លើកម្ពុជា នៅជំនួបជើងទី២ ដែលសម្រេចគ្រាប់បាល់ដោយកីឡាករ Harun Hamid បានធ្វើឱ្យអ្នកគាំទ្រប៉ាគីស្ថានរំជួលចិត្ត ស្រក់ទឹកភ្នែក មិនតិចគ្នាឡើយ ក្រោយពួកគេបង្ហាញការគាំទ្រ អមដោយការស្រែកច្រៀងពេញកីឡដ្ឋាន Jinnah ក្នុងក្រុងអ៊ីស្លាមាបាត ។ នេះក៏ជាជ័យជម្នះដំបូងក្នុងដី របស់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកអង់គ្លេសលោក Stephen Constantine គិតចាប់ពីឆ្នាំ២០១៥មក។ 
  


«យើងចង់បង្ហាញពីការដឹងគុណដ៏ស្មោះស្ម័គ្ររបស់យើងសម្រាប់ការគាំទ្រដែលមិនផ្លាស់ប្តូររបស់អ្នកទាំងអស់គ្នា»។ នេះជាសំណេររបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) ផ្ញើរទៅកាន់អ្នកគាំទ្រពួកគេ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅល្ងាចថ្ងៃទី១៩ ខែតុលា។
 
PFF ដែលចាត់ទុកអ្នកគាំទ្រជាកម្លាំងសំខាន់ក្នុងការរួមចំណែកយកបានជ័យជម្នះនេះ បន្ថែមថា៖ «ថាមពលនៃការលើកទឹកចិត្ត និងភាពរីករាយរបស់អ្នកតែងតែជាកម្លាំងជំរុញទឹកចិត្តកីឡាករយើង ហើយនេះជាអ្វីដែលធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានកើតឡើង។ ការឈ្នះវគ្គជម្រុះ World Cup មិនមែនសម្រាប់តែក្រុមនៅលើទីលានប៉ុណ្ណោះទេ តែជា​ជ័យ​ជម្នះ​ដែល​យើង​បាន​រួម​គ្នា​»។
 
សហព័ន្ធបាល់ប៉ាគីស្ថាន ក៏បានសូមណួមពរ ឱ្យអ្នកគាំទ្រខ្លួន​បន្ត​ប្រមួលផ្តុំឈរ​ពី​ក្រោយ​ក្រុម​ ដើម្បី​រួបរួម​គ្នា​​ស្វែង​រកកំណត់ត្រាជា​ប្រវត្តិសាស្ត្រថ្មីជាបន្តបន្ទាបទៀត។ «រួមគ្នា គ្មានអ្វីដែលយើងមិនអាចសម្រេចបាននោះទេ។ ការគាំទ្ររបស់អ្នកមិនគ្រាន់តែជាប្រភពនៃការបំផុសគំនិតប៉ុណ្ណោះទេ ហើយជាកម្លាំងដែលមិនអាចបំបែកបាននៅក្នុងកីឡាបាល់ទាត់»។ PFF បន្ថែមដូច្នេះ។
 
ការប្រកួតជុំទី២ វគ្គជម្រុះ World Cup 2026 តំបន់អាស៊ី នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។ ឈានដល់វគ្គជម្រុះជុំទី២នេះ ប៉ាគីស្ថាន មានកៅអី AFC Asian Cup ជុំទី៣ ក្នុងដៃស្រាប់៕
 

Tag:
 World Cup
  PFF
© រក្សាសិទ្ធិដោយ thmeythmey.com