កីឡាអន្តរជាតិ
អន្តរជាតិ
បំណងរៀប World Cup 2034 របស់ក្រុមប្រទេសអាស៊ាន រលាយ
21, Oct 2023 , 11:59 am        
រូបភាព
សម្តេច ហ៊ុន សែន លើកពាន World Cup នាវិមានសន្តិភាព ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ ២០២២។ រូបភាព៖ ផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន លើកពាន World Cup នាវិមានសន្តិភាព ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ ២០២២។ រូបភាព៖ ផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន
មហិច្ឆតារៀប FIFA World Cup របស់ប្រទេសក្នុងតំបន់អាស៊ាន ត្រូវរលាយអស់ ក្រោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានប្រកាសដកខ្លួនចេញពីការដេញថ្លៃ​ធ្វើម្ចាស់ផ្ទះបាល់ពិភពលោកឆ្នាំ ២០៣៤ ដោយបើកផ្លូវ និងគាំទ្រអារ៉ាប៊ីសាអូឌីតដើម្បីឈ្នះសិទ្ធិធ្វើព្រឹត្តិការណ៍នេះ។


ដំបូងឡើយនៅថ្ងៃទី១១ ខែតុលា តាមរយៈលោក Erick Thohir ប្រធាន PSSI ប្រទេសឥណ្ឌូណេស៊ី បានពិភាក្សា នឹងអូស្ត្រាលីជុំវិញការងារសហការគ្នាដេញថ្លៃរៀប World Cup ឆ្នាំ២០៣៤ ដោយមានការចូលរួមពីប្រទេសអាស៊ាន ម៉ាឡេស៊ី និងសិង្ហបុរី ផង។ ការលើកឡើងរបស់លោក Thohir ក៏ស្របពេលដែល ប្រទេសអារ៉ាប៊ីសាអូឌីតបានឈានដល់ដំណាក់កាលទីពីរ ក្នុងការដាក់សំណើរដេញថ្លៃធ្វើម្ចាស់ផ្ទះទៅកាន់ FIFA ដែរ។
 
ចំពោះការចាប់អារម្មណ៍ចង់ដេញថ្លៃពីសំណាក់ឥណ្ឌូណេស៊ី រួមជាមួយអូស្ត្រាលី សិង្ហបុរី និងម៉ាឡេស៊ី បានធ្វើឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ក្នុងទ្វីបអាស៊ី ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ រំភើបចិត្តមិនតិចទេ។ រីករាយ ដ្បិតឥណ្ឌូណេស៊ីជាប្រទេសបងធំអាស៊ាន ដែលមានទឹកមាត់ប្រៃក្នុងការបញ្ចុះបញ្ចូល FIFA ស្របពេលមើលឃើញថា បំណងរបស់អារ៉ាប៊ីសាអូឌីត ទំនងមិនអាចទៅរួចឡើយ ដ្បិតប្រទេសក្នុងតំបន់មជ្ឈិមបូពា៍ កាតា ទើបរៀបចំកីឡាបាល់ទាត់ពិភលោកនេះរួចនៅឆ្នាំ២០២២។
 
ប្រទេសអូស្ត្រាលី ក៏ធ្លាប់បានប្រកាសផងដែរថាខ្លួន ក៏បានសម្លឹងរកមើលដៃគូសហការ ក្នុងការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបុរស ក្រោយរៀប World Cup នារីជាមួយនូវែលសេឡង់ក្នុងឆ្នាំ ២០២៣ ដោយជោគជ័យ។
 
កាលពីប៉ុន្មានសប្តាហ៍មុន សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសអញ្ជើញប្រទេសមកពីទ្វីបអាស៊ី និងអូសេអានី ដែលមានបំណងដេញថ្លៃរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup នៅក្នុងឆ្នាំ ២០៣៤។
 
សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានបង្ហាញជំហរ និងជំរុញឲ្យអាស៊ាន ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ផងដែរ។ ថ្លែងក្នុងពិធីទទួលស្វាគមន៍ដំណើរគោរចរ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅវិមានសន្តិភាព នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេច បាននិយាយថា អាស៊ានគួរតែពិចារណាដាក់បេក្ខភាពដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤ ឬ២០៣៨ ដើម្បីជាប្រយោជន៍មួយក្នុងការពង្រឹងសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ។ 
 
ជាព័ត៌មានដ៏គួរសោកស្តាយទៅវិញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ពោលគឺ១សប្តាហ៍ក្រោយបង្ហាញបំណងចង់ជជែកជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី ស្ថាប័ន PSSI បែជាប្រកាសគាំទ្រ អារ៉ាប៊ីសាអូឌីត ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ទៅវិញ។
 
លោក Erick Thohir ប្រធាន PSSI ថាស្ថាប័នលោក គាំទ្រប្រទេសអារ៉ាប៊ីសាអូឌីត ពេញទំហឹងក្នុងដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup នៅក្នុងឆ្នាំ ២០៣៤ ស្របពេលឥណ្ឌូណេស៊ីក៏នឹងត្រៀមខ្លួនសម្រាប់ការដេញថ្លៃបន្ទាប់ពីឆ្នាំ ២០៣៤។ FIFA បានផ្តល់ឱកាសសម្រាប់ប្រទេស និងក្រុមប្រទេសដែលជាសមាជិកសហព័ន្ធ ដើម្បីផ្ញើរលិខិតដេញថ្លៃរៀប World Cup 2034 ក្នុងពេលកំណត់នៅត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ។
 
ការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ី បានធ្វើឱ្យបំណងប្រាថ្នារបស់ប្រទេសតំបន់អាស៊ានក្នុងការបានសិទ្ធិរៀបពានរង្វាន់កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ និងជាលើកដំបូងក្នុងប្រវត្តសាស្ត្រ រលាយគ្មានសល់។ អ្នកគាំទ្រកីឡាបាល់ទាត់តំបន់អាស៊ាន ត្រូវរង់ចាំការដេញថ្លៃនៅឆ្នាំ២០៣៨, ២០៤២ ឬបន្តបន្ទាប់ទៀត។
 
World Cup ឆ្នាំ២០៣០ FIFA បានសម្រេចឱ្យប្រទេសបីរួមមាន ម៉ារ៉ុក, អេស្ប៉ាញ និង ព័រទុយហ្កាល់ ក្នុងនោះប្រទេសក្នុងតំបន់អាម៉េរិកឡាទីន ប៉ារ៉ាហ្កាយ, អ៊ុយរូហ្កាយ និងអាហ្សង់ទីន នឹងត្រូវរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតបើកឆាក ៣លើកដំបូង ដើម្បីប្រារពពិធីគម្រប់ខួប​​ ១០០ឆ្នាំ នៃកំណើតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក។ World Cup ឆ្នាំ២០២៦ នឹងធ្វើនៅ អាម៉េរិក កាណាដា និងម៉ិកស៊ិក៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com